16/03/2021 3:00 pm ភ្នំពេញ
ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ២០២១ កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ១៧២,៨២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរដល់ភ្ញៀវបរទេសចំនួន ៤.១៩៤នាក់។ ប្រាក់ចំណូលនេះ បានថយចុះរហូត ៩៨,៩៣ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
តួលេខរបស់គ្រឹះស្ថានអង្គរ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ មានទេសចរបរទេស តែ ២.៩៨១នាក់ប៉ុណ្ណោះ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលចំនួន ១២២,៣៥៧ដុល្លារ។ ក្រៅពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ កម្ពុជាទទួលបានប្រាក់ចំណូល ១,៩៨០ដុល្លារ ពីការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ២ខែ ឆ្នាំ២០២១។ បើតាមគ្រឹះស្ថានអង្គរដដែល ប្រាក់ចំណូលចំនួន ៨,៣៨៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕