កសិករ សុង គឹម​ហេង គ្រោង​កែប្រែ​ដីចម្ការ​ដាំ​តាសក់​ផ្អែម​លក្ខណៈ​គ្រួសារ ជា​កន្លែង​ក​សិ​-​ទេសចរណ៍​

09/04/2021 5:00 pm សៀមរាប

​តាសក់​ផ្អែម ជា​ដំណាំ​ពេញនិយម​មួយ​ប្រភេទ​សម្រាប់​កសិករ​ក្នុងស្រុក​បន្ទាយស្រី ហើយក៏​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​។ លោក សុង គឹម​ហេង ជា​កសិករ​ដាំ​តាសក់​ផ្អែម​ជិត ៧​ឆ្នាំ​មកហើយ មាន​គម្រោង​ចង់​កែប្រែ​ការដាំ​តាសក់​ផ្អែម ទៅជា​កន្លែង​ក​សិ​-​ទេសចរណ៍ ក្រោយ​ទទួល​ការគាំទ្រ​ច្រើន​ពី​ភ្ញៀវទេសចរ​។



​ក្រៅពីរ​បរជា​អ្នកលក់ដូរ និង​របរ​សិប្បកម្ម ពលរដ្ឋ​នៅ​ទីនោះ​បាន​ប្រកប​របរ​កសិកម្ម ដូចជា​ការដាំដុះ​បន្លែ និង​ដំណាំ​ផ្សេងៗ ហើយ​មុខរបរ​បែប​ប្រពៃណី​របស់​កសិករ​ក្នុងស្រុក​បន្ទាយស្រី ក៏​ជា​ផ្នែក​មួយ​អាច​ទាក់ទាញ​អ្នកទេសចរ​ផងដែរ​។ «​តាសក់​ផ្អែម​ខ្ញុំ​ផ្គត់ផ្គង់​តែ​ក្នុង​ខេត្តសៀមរាប​ទេ ពិសេស​អ្នក​មកលេង​សៀមរាប​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុង គឹម​ហេង អ្នក​ដាំ​តាសក់​ផ្អែម នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ 



​នៅលើ​ផ្ទៃដី​កន្លះ​ហិកតា លោក សុង គឹម​ហេង បាន​ដាំ​តាសក់​ផ្អែម​ចំនួន ១​ម៉ឺន​ដើម​។ បើតាម​កសិករ​រូបនេះ ជាធម្មតា​ដំណាំ​តាសក់​ផ្អែម​ត្រូវ​ប្រើពេល ២​ខែ​ទម្រាំ​អាច​ប្រមូល​ផល ហើយ​អាច​លក់​ក្នុងតម្លៃ ៣ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ លោក គឹម​សុង ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​ថា ទិន្នផល​នៃ​ការដាំ​តាសក់​ផ្អែម​មួយ​វគ្គ លោក​អាច​ចំណេញ​ថវិកា​ពាក់កណ្ដាល​នៃ​ថ្លៃ​ចំណាយ​លើ​ផលិត​កម្មនេះ​។ កសិករ​រូបនេះ បាន​ចំណាយ​អស់ ៣​ពាន់​ដុល្លារ​ក្នុង​ការដាំ​តាសក់​មួយ​វគ្គ​ដូចជា លើ​សម្ភារ ថ្នាំ​សម្លាប់​សត្វល្អិត និង​ប្រព័ន្ធ​ស្រោចស្រព​ជាដើម​។​

​ដ្បិត​តាសក់​ផ្អែម មានការ​ពេញនិយម​សម្រាប់​ពលរដ្ឋ​ទូទៅ តែ​បច្ចុប្បន្ន​ទីផ្សារ​តាសក់​ផ្អែម​ក៏​ចង្អៀត​បន្តិច​ដែរ ដោយ​កាលពីមុន​លោក គឹម​សុង អាច​លក់​តាសក់​ផ្អែម​បាន​តម្លៃ ៣ ៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ក្រៅពី​ដំណាំ​តាសក់​ផ្អែម កសិករ គឹម​សុង ក៏មាន​ដាំ​ដំណាំ​ឪឡឹក​លឿង​កន្លះ​ហិកតា ចិញ្ចឹម​ឃ្មុំ​ចំនួន ១០០​ធុង និង​ដាំ​បន្លែ​ចម្រុះ​ផ្សេងទៀត​។ 



«​ខ្ញុំ​ចង់​កែប្រែ​ចម្ការ​តាសក់​ផ្អែម ឪឡឹក​លឿង និង​ចម្ការ​ចិញ្ចឹម​ឃុំ ជា​កន្លែង​ទេសចរណ៍ អាច​ឲ្យ​ពួកគាត់​(​ទេសចរ​) មកលេង​ដល់​ចម្ការ ហើយ​អាច​ហូប​ផ្លែ​ទុំ​ភ្លាមៗ​(​តាសក់​ផ្អែម និង​ឪឡឹក​លឿង​) និង​អាច​ទិញ​ត្រលប់​ទៅផ្ទះ​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​កសិក​រ សុង គឹម​ហេង​។​

​ក្រៅពី​មានបំណង​បង្កើត​កន្លែង​ក​សិ​-​ទេសចរណ៍ លោក សុង គឹម​ហេង បាន​ចែករំលែក​វិធីសាស្ត្រ​ដាំ​ដំណាំ​តាសក់​ផ្អែម និង​ផ្ដល់​ការអនុវត្ត​ផ្ទាល់​ដល់​កសិករ​ផ្សេងទៀត​ដែល​ចង់​ដាំ​តាសក់​ផ្អែម​។ លោក គឹម​សុង បញ្ជាក់ថា ដើម្បី​អាច​ដាំ​តាសក់​ផ្អែម​ទទួលបាន​ទិន្នផល កសិករ​ត្រូវ​គិត​លើក​ត្តា​មួយចំនួន​ដូចជា ការធ្វើ​ដី ការលើក​រង ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព ការថែទាំ និង​អាកាសធាតុ​។ 

​កសិករ​រូបនេះ បន្តថា បើ​ធៀប​នឹង​ដំណាំ​ដទៃ តាសក់​ផ្អែម ពិបាក​ដាំ​ដុះ​បន្តិច និង​ត្រូវការ​មើលថែ​ឲ្យ​បាន​ដិតដល់ ព្រោះ​វា​ងាយ​ទទួលរង​ការវាយប្រហារ​ពី​ពពួកសត្វ​ល្អិត​ចង្រៃ​គ្រប់​ប្រភេទ​៕

ព័ត៌មានទាក់ទង