«​គុយទាវ​សាច់មាន់​» អាហារ​ពេលព្រឹក​ប្រចាំ​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​

13/03/2021 11:00 am ស្ទឹងត្រែង

ស្ទឹងត្រែង​៖ «​គុយទាវ​សាច់មាន់​» ជា​ម្ហូប​ប្រចាំ​តំបន់​មួយ​មុខ​ក្នុងចំណោម​ម្ហូប​ជាច្រើន របស់​ពលរដ្ឋ​រស់នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​។ ម្ហូប​តំបន់​មួយ​នេះ បានក្លាយ​ជា​ភាព​ទាក់ទាញ​ដល់​អ្នកទេសចរ​ក៏​និយម បរិភោគ អាហារ​តំបន់​មួយ​មុខ​នេះដែរ​។


​សូម​អញ្ជើញលោក​អ្នកនាង ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ផាត ដា​ណេ អ្នកសារព័ត៌មាន ThmeyThmey25 និង​អ្នកស្រី ផាយ នី អ្នកផ្ដល់​សេវា​ម្ហូបអាហារ នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​ដូចតទៅ​៖
 

​តំបន់​«​រ៉ា​ម​សារ​»​ស្ទឹងត្រែង ជា​តំបន់ដីសើម ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​នៃ​ព្រំដែន​ខ្មែរ​-​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង​។ តំបន់ដីសើម​មួយ​នេះ សម្បូរ​ធនធានធម្មជាតិ ជីវចម្រុះ ព្រៃ​លិច​ទឹក សត្វ​ស្លាប និង​មច្ឆជាតិ​ជាច្រើន​ប្រភេទ​។ ក្រៅពី​សក្ដានុពល​អេកូ​ទេសចរណ៍ ម្ហូបអាហារ ក៏​ជា​ផ្នែក​មួយ​នៃ​សេវាកម្ម​ទេសចរណ៍​នៅ​តំបន់​នេះដែរ​។​

​អ្នកស្រី ផាយ នី ជា​អ្នកធ្វើ​ម្ហូប​សហគមន៍​ម្នាក់ ក្នុងចំណោម​អ្នកផ្តល់​សេវា​ម្ហូបអាហារ​ជាច្រើន​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​។ តាម​អ្នកស្រី ផាយ នី «​គុយទាវ​ស៊ុប​សាច់មាន់​» ជា​អាហារ​ពេលព្រឹក ដែល​អ្នកទេសចរ​ដែល​មក​កម្សាន្ត​នៅ​ទី​នវ និយម​បរិភោគ​។ ជា​ម្ហូប​មួយ​មុខ​ដែល​ច្នៃ​ដោយ​ពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទាល់ ដែលមាន​ដូចជា​គុយទាវ សាច់មាន់ ស៊ុប​មាន់​រម្ងាស់​ជាមួយ​សាច់មាន់ មេ​ស៊ុប ការ៉ុត ឆៃប៉ូវ ប៉ិកួៈ និង​សណ្ដែកបណ្ដុះ​។ នេះ​បើតាម​ការរៀប​រាប់រប​ស់​អ្នកស្រី ផាយ នី រួច​បន្ថែមថា​៖«​ម្ហូប​ប្រចាំ​តំបន់​(​រ៉ា​ម​សារ​) ជួនកាល​មាន​គុយទាវ ជួនកាល​មាន​បបរមាន់ តាម​ដែល​ភ្ញៀវ​គាត់​បញ្ជា​ទិញ​។ ម្ហូប​នេះ អត់​មាន​ដាក់លក់​ទេ ដល់​ភ្ញៀវ​មក​ទើប​ធ្វើ ដូច​នៅទីនេះ​»​។​

​ក្រៅពី​បម្រើសេវា​ម្ហូបអាហារ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​នេះ អ្នកស្រី ផាយ នី ក៏​ធ្វើស្រែ​ចម្ការ និង​ចិញ្ចឹមសត្វ​ផងដែរ​៕

ព័ត៌មានទាក់ទង