Thmey Thmey 25
សេវាដឹកជញ្ជូនថ្លៃ និងខ្វះកុងតឺន័រ នាំឲ្យការនាំចេញអង្ករធ្លាក់ចុះជាង៤៤ភាគរយនាពីរខែដើមឆ្នាំ
04/03/2021 5:00 pm ភ្នំពេញ ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជា សម្រេចបានត្រឹម ៧៦,២២២តោនប៉ុណ្ណោះ ដែលស្មើនឹងទឹកប្រាក់ ៦៤,៥៣លានដុល្លារ។ ទំហំនៃការនាំចេញអង្ករនេះ គឺបានធ្លាក់ចុះរហូតដល់៤៤,១៦ភាគរយ បើធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២០។ បើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី២មីនា ការថយចុះនេះគឺបណ្តាលមកពីកង្វះកុងតឺន័រ និងសេវាដឹកជញ្ជូនតាមផ្លូវសមុទ្របន្តឡើងខ្ពស់ រហូតជិតដល់៥០០ភាគរយ។

ថ្វីដ្បិតថា ការនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២១នេះ មានការធ្លាក់ចុះខ្លាំងក៏ពិតមែន ប៉ុន្តែបើគិតតែទំហំនាំចេញអង្ករទៅទីផ្សារអន្តរជាតិប្រចាំខែកុម្ភៈ គឺមានកំណើនល្អប្រសើរជាងការនាំចេញអង្ករក្នុងខែមករា កន្លងមក។ 

«យើងឃើញថា របត់នៃការនាំចេញអង្ករកម្ពុជា ក្នុងខែកុម្ភៈ កំពុងឈានទៅរកការកើនឡើងជាវិជ្ជមានជាបណ្តើរៗ»។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបន្តរៀបរាប់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជានាំចេញ បាន៤១,៩៤៩តោន ទៅទីផ្សារចំនួន៣៥ប្រទេស។ បរិមាណនៃការនាំចេញអង្ករនេះ គឺបានកើន២២ភាគរយ បើធៀបនឹងប្រចាំមករា ឆ្នាំ២០២១ កម្ពុជា នាំចេញបានត្រឹមតែចំនួន ៣៤,២៧៣តោន ទៅទីផ្សារបាន ២៨ប្រទេស តែប៉ុណ្ណោះ។

ចំពោះទិសដៅទីផ្សារ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែមកនេះមាន ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ បានបញ្ជាទិញអង្ករពីកម្ពុជាជាង៣,៧ម៉ឺនតោន ខណៈទីផ្សារសហភាពអឺរ៉ុប ដែលមាន១៨ប្រទេស នាំចូលអង្កររបស់កម្ពុជា បាន១,៩ម៉ឺនតោន។  ទីផ្សារអាស៊ាន មានម៉ាឡេស៊ី និងសិង្ហបុរី បានទិញអង្ករពីកម្ពុជាជាង ៦ពាន់តោន និងទីផ្សារប្រទេសផ្សេងៗ មានជាង១,៣ម៉ឺនតោន។  

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រភេទអង្ករនាំចេញក្នុងរយៈពេល២ខែមកនេះ ដែលមានចំណែកធំជាងគេ ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល ម្លិះ សែនក្រអូប ជាដើមនោះ ក្នុងបរិមាណ ជាង៦,៥ម៉ឺនតោន។ រីអង្ករស នាំចេញចេញជាង១ម៉ឺនតោន និងអង្ករចំហុយ មាន៧៣២តោន៕ 

 
ដោយ៖ អ៊ូ សុខមាន © រក្សាសិទ្ធិដោយ thmeythmey25.com