មេអណ្ដើកហ្លួងចិញ្ចឹម៥ក្បាល ពងបាន ៧១ពងលើកដំបូង

02/03/2021 3:00 pm កោះកុង

មេអណ្ដើកហ្លួងចិញ្ចឹមចំនួន៥ក្បាល បានពង ៧១ពងលើកដំបូងលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ មេអណ្ដើកហ្លួងទាំងនោះ ជាអណ្ដើកដែលក្រុមការងារបានយកទៅចិញ្ចឹមថែទាំក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងប្រមាណ១០ឆ្នាំមុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)។



លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុងនិងមេគង្គនៃអង្គការ WCS បានលើកឡើងថា៖ «នេះជាលើកទីមួយ ដែលអណ្ដើកហ្លួងចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលនេះ បានពង ក្រោយពេលមេអណ្ដើកហ្លួងទាំងនោះ ត្រូវបានយកមកចិញ្ចឹមថែទាំកាលពីឆ្នាំ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថាត្រូវសាងសង់សម្បុកសប្បនិម្មិត ដើម្បីភ្ញាស់ពងទាំងនេះ ឬមួយទុកវាឲ្យញាស់ក្នុងសភាពដើម»។

ជាមួយគ្នានេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលបានលើកឡើងថា៖«យើងមានមោទកភាពណាស់ដែលទទួលលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផល លើកទឹកចិត្ត និងគាំទ្រពេញទំហឹងឲ្យបន្តកិច្ចការស្រាវជ្រាវនេះ ដើម្បីសម្រេចគោលដៅក្នុងពេលអនាគត។ អណ្ដើកហ្លួង ដែលជាប្រភេទសត្វជិតផុតពូជនេះ នឹងមានវត្តមានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ»។

ការបង្កកំណើតរបស់សត្វអណ្ដើកហ្លួងនាពេលនេះ ជាគោលដៅអភិរក្សមួយសម្រាប់ស្ដារប្រភេទអណ្ដើកហ្លួងដែលជិតផុតពូជនេះឡើងវិញក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថាគម្រោងនេះនឹងជួយឲ្យចំនួនអណ្ដើកហ្លួងកាន់តែច្រើនក្នុងមជ្ឈមណ្ឌលនេះ និងអាចយកទៅលែងក្នុងជម្រកធម្មជាតិរបស់វាវិញ។ នេះបើតាម អង្គការ WCS។

អណ្ដើកហ្លួងដែលថតដោយកាមេរាស្វ័យប្រវិត្ត(រូបពីWCS)

មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្ដើកហ្លួងចំនួន ១៩២ក្បាល។ បន្ទាប់ពីបានរកឃើញវត្តមានសត្វប្រភេទនេះជាថ្មីនៅឆ្នាំ២០០០ នៅតាមប្រព័ន្ធព្រែកស្រែអំបិលភាគនិរតីនៃប្រទេសកម្ពុជា អង្គការ WCS សហការជាមួយរដ្ឋបាលជលផលបានបង្កើតកម្មវិធីការពារសម្បុកដោយបានជ្រើសរើសអតីតអ្នកដើរប្រមូលពងអណ្ដើកឲ្យធ្វើជាអ្នកការពារសម្បុកអណ្ដើក៕
 

ព័ត៌មានទាក់ទង