Thmey Thmey 25
សាំងធម្មតាបន្តឡើងថ្លៃដល់ ៣,៧០០រៀលក្នុងមួយលីត្រ នាដើមខែមីនា
02/03/2021 12:00 pm ភ្នំពេញ ភ្នំពេញ៖ ប្រេងសាំងធម្មតាលក់រាយមានតម្លៃ ៣,៧០០រៀលក្នុងមួយលីត្រ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃនេះ គឺបានឡើងថ្លៃចំនួន២០០រៀលក្នុងមួយលីត្រ បើធៀបនឹងរយៈពេល២សប្តាហ៍មុន។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃសាំងធម្មតា៣,៧០០រៀលក្នុងមួយលីត្រនេះ នឹងអនុវត្តក្នុងរយៈពេល១៥ថ្ងៃ ពោលពីថ្ងៃទី១ដល់១៥មីនា ឆ្នាំ២០២១។  ក្នុងរយៈពេលជាមួយគ្នា ប្រេងម៉ាស៊ូតក៏បានឡើងក្នុងតម្លៃ ៣,៣៥០រៀលក្នុងមួយលីត្រ ផងដែរ។ 

ចាប់ពីខែមករា ឆ្នាំ២០២១មក តម្លៃប្រេងឥន្ទនៈលក់រាយនៅកម្ពុជា បានកើនឡើងបន្តិចម្តងៗជាលំដាប់ ដោយប្រេងសាំងធម្មតាបានកើនពី៣,២០០រៀល មកដល់៣,៧០០រៀលក្នុងមួយលីត្រ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រោយពីលោក ស៊ាង ថៃ និងលោកឡុង កៅវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ជុំវិញពីតម្លៃប្រេងឥន្ទនៈឡើងថ្លៃនេះបានឡើយ ដោយទូរសព្ទហៅចូល តែមិនទទួល៕  


 
ដោយ៖ ThmeyThmey25 © រក្សាសិទ្ធិដោយ thmeythmey25.com