ខេត្តកណ្តាល ផលិតបន្លែបាន៧ម៉ឺនតោនក្នុងឆ្នាំ២០២០

23/02/2021 3:30 pm កណ្តាល

ភ្នំពេញ៖  ខេត្តកណ្តាល​ ផលិតបានបន្លែចម្រុះប្រមាណ ៧ម៉ឺនតោន ក្នុងឆ្នាំ២០២០កន្លងទៅ នៅលើផ្ទៃដីដាំដុះប្រមាណ ៨ពាន់ហិកតា។ នេះបើតាមរបាយការណ៍ដែលអានដោយ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នាសន្និសីទសារព័ត៌មាន ស្ដីពី«វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ត» នៅទីស្ដីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី២២ កុម្ភៈ។

 

បើតាមរបាយការណ៍ដដែល វិស័យកសិកម្ម គឺជាស្នូលសេដ្ឋកិច្ចខេត្តកណ្តាល​ ដោយមានពលរដ្ឋ​ចំនួន ៥០.៥ភាគរយ ប្រកបរបរនេះ ខណៈអ្នកប្រកបរបរក្នុងវិស័យសេវាកម្មមាន៤៨.៣ភាគរយ និងវិស័យសិប្បកម្ម ១.២ភាគរយ។ សម្រាប់លោក ម៉ៅ ភារុណ វិស័យសំខាន់ៗនេះ បានជំរុញកំណើនសេដ្ឋកិច្ចខេត្តកណ្ដាល និងបានជួយកាត់បន្ថយអត្រាភាពក្រីក្ររបស់ពលរដ្ឋផងដែរ។ ​«នៅឆ្នាំ២០១៩ អត្រាភាពក្រីក្របានថយចុះត្រឹម ៤.៥៧ភាគរយ និងមានកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់៦ភាគរយ ដែលមានវិស័យអាទិភាពបីរួមមាន វិស័យកសិកម្ម ៣៧.១ភាគរយ វិស័យឧស្សាហកម្ម ៣៦.៣ភាគរយ និងវិស័យសេវាកម្ម ២៦.៧ភាគរយ»។ នេះជាការរៀបរាប់របស់លោក ម៉ៅ ភារុណ​។

ទាក់ទងនឹងការដាំដុះបន្លែនេះដែរ កន្លងមកលោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាលធ្លាប់ប្រាប់សារព័ត៌មានThmeyThmey25ថា​ កសិករខេត្តកណ្ដាល ​ដាំ​បន្លែចម្រុះគ្រប់ប្រភេទ ពិសេសប្រភេទបន្លែ​ស្លឹក ដូចជាសាលាដ ​ស្ពៃ និងខាត់ណាជាដើម។ ក្នុងមួយថ្ងៃ​ៗ ខេត្តកណ្ដាល អាចផ្គត់ផ្គង់បន្លែប្រមាណ ៤០០តោន មកកាន់ទីផ្សារក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា ខេត្តកណ្ដាល មានផ្ទៃដីកសិកម្ម​ជាង១៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដាំស្រូវមាន​ជាង ១០ម៉ឺនហិកតា ផ្ទៃដីដាំដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ មាន​ជាង ៣ម៉ឺនហិកតា និងផ្ទៃដីដំណាំអនុផលជិត ៦ពាន់ហិកតា៕

 

ព័ត៌មានទាក់ទង