លោក ថោង ខុន រំឭកថ្នាក់ដឹកនាំរាជធានី-ខេត្ត ឲ្យបន្តរឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ 

22/02/2021 3:00 pm ភ្នំពេញ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានក្រើនរំលឹកដល់អភិបាលធានី-ខេត្ត ឲ្យបន្តរឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ តាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមសេចក្តីណែនាំ របស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី២២ កុម្ភៈ ក្នុងករណីអាជីវកម្មណា ដែលមិនបានគោរពតាមការណែនាំរបស់ក្រសួងទេសចរណ៍ ឬវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល នឹងត្រូវផ្អាកដំណើរការ រហូតមានការជូនដំណឹងជាថ្មី។



ក្រសួងទេសចរណ៍ បានណែនាំឲ្យថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ បន្តរឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋាន ក្រោយមានព្រឹត្តិការណ៍សហគំន៍ ២០កុម្ភៈ។ ក្រៅពីក្រើនរំឭកអាជ្ញាធរខេត្ត រាជធានី ក្រសួងទេសចរណ៍ ក៏បានណែនាំវិធានការ ៤ចំណុច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យបានប្រចាំនូវវិធានការ«៣ការពារ ៣កុំ»។ ៣ការពារ រួមមានការពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព។ រីឯវិធាន ៣កុំ មាន កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ។ កុំទៅកន្លែងមនុស្សច្រើន និងចៀសវាងប៉ះពាល់គ្នា។ សម្រាប់អ្នកមានជំងឺផ្ដាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ និងត្រូវទាក់ទងទៅគ្រូពេទ្យ ឬហៅទៅលេខ ១១៥។

ក្នុងលិខិតដដែល លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន បន្តត្រួតពិនិត្យជាប្រចាំ និងពង្រឹងការអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល ចំពោះអាជីវកម្មស្ប៉ា ម៉ាស្សាសុខភាព និងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលពុំទាន់បានអនុញ្ញាតឲ្យបើកដំណើរឡើងវិញ។

ចំពោះអាជីវកម្មក្លិបកម្សាន្ត និងខារ៉ាអូខេ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដែលបានប្រែក្លាយទៅជាភោជនីយដ្ឋាន ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងករណីដែលអាជីវកម្មធ្វេសប្រហែស មិនបានអនុវត្តនូវផ្នែក ឬចំណុចណាមួយ នៃគោលការណ៍ណែនាំ ត្រូវផ្អាកសកម្មភាពអាជីវកម្ម រហូតអាចកែតម្រូវស្របតាមគោលការណ៍ណែនាំ ទើបអនុញ្ញាតឲ្យប្រកបអាជីវកម្ម។

ក្រសួងទេសចរណ៍ ក៏ណែនាំថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយឲ្យកាន់តែផុសផុល និងអនុវត្តឲ្យបានជាប្រចាំជាងមុនថែមទៀត នូវវិធានសុវត្ថិភាពទេសចរណ៍ដែលបានដាក់ឲ្យអនុវត្តកន្លងមក។ តាមក្រសួងទេសចរណ៍ វិធានការទាំងនោះ មានវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ វិធានសុវត្ថិភាពសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ វិធានសុវត្ថិភាពសម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក វិធានសុវត្ថិភាពសម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក វិធានសុវត្ថិភាពសម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពសម្រាប់សហគមន៍ទេសចរណ៍។ 

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២២ កុម្ភៈនេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប៥៦៩នាក់ ដោយ៤៧៥នាក់បានជាសះស្បើយ។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់៧៦នាក់ហើយ៕
 

ព័ត៌មានទាក់ទង