អូស្រ្តាលី នឹងផ្តល់ថវិកា១,៥លានដុល្លារដល់កម្ពុជា សម្រាប់ដំណើរការផ្លូវច្បាប់សាលាក្តីខ្មែរក្រហម

19/02/2021 4:30 pm ភ្នំពេញ

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី នឹងបន្តផ្តល់ថវិកាចំនួន២លានដុល្លារអូស្ត្រាលី (ប្រមាណ១,៥ដុល្លារអាមេរិក) ដល់កម្ពុជា ដើម្បីជួយបញ្ចប់ដំណើរការនីតិវិធីច្បាប់របស់សាលាក្តីខ្មែរក្រហម។ បើតាមចុះផ្សាយរបស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជានាថ្ងៃទី១៩កុម្ភៈ ថវិកានេះនឹងផ្តល់ឱ្យកម្ពុជា ក្នុងរយៈពេល២ឆ្នាំ តាមរយៈអង្គការសហប្រជាជាតិ(UN)។


សម្រាប់ថវិកាជំនួយរបស់ប្រទេសអូស្រា្តលីនេះ ក៏ដើម្បីគាំទ្រដល់បណ្ណសារនិងយន្តការផ្សព្វផ្សាយរបស់សហគមន៍ ផងដែរ។ ស្ថានទូតអូស្តា្រលីបានអះអាងដូច្នេះ៖ «ការគាំទ្ររបស់អូស្រ្តាលីចំពោះសាលាក្តីខ្មែរក្រហម ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងលើយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងភាពជឿជាក់របស់យើង ថាតាមរយៈការយល់ដឹងនិងការទទួលខុសត្រូវលើអំពើដ៏អាក្រក់នៅអតីតកាល។  យើងអាចធ្វើការជាមួយប្រទេសកម្ពុជា និងតំបន់របស់យើង ដើម្បីធានាថារឿងទាំងនេះនឹងមិនកើតមានម្តងទៀតឡើយ»។ 


ចាប់តាំងពីឆ្នាំ២០០៥មក ប្រទេសអូស្ត្រាលី បានបរិច្ចាកថវិកាជាង៣១លានដុល្លារ ដល់សាលាក្តីខ្មែរក្រហម ហើយប្រទេសនេះបានក្លាយជាម្ចាស់ជំនួយអន្តរជាតិធំជាងគេលំដាប់លេខបីសម្រាប់កម្ពុជា។


អូស្រ្តាលី គឺជាប្រទេសគាំទ្រដ៏សំខាន់នៃសាលាក្តីខ្មែរក្រហម ដែលកំពុងជួយធានារកយុត្តិធម៌ជូនជនរងគ្រោះជាច្រើននៃរបបខ្មែរក្រហម ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ៕ 


 

ព័ត៌មានទាក់ទង