ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ ដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានដាក់ឲ្យដំណើរការ

ព្រះវិហារ៖ ក្រសួងបរិស្ថាន បានដាក់ឲ្យដំណើរការ ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (Protected Area Monitoring Platform, PAMP) ដំបូងបង្អស់នៅកម្ពុជា។ ប្រព័ន្ធនេះ នឹងជួយ បង្កើនប្រសិទ្ធភាព នៃការត្រួតពិនិត្យលើការគំរាមកំហែង ក្នុងតំបន់ការពារធម្មជាតិ និងពង្រឹងការអនុវត្តច្បាប់ ឲ្យកាន់តែល្អប្រសើរ។

ទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិដំបូងគេនៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣០មករាកន្លងទៅ។ ទីចាត់ការនេះ មានទីតាំងនៅមន្ទីរបរិស្ថានខេត្តព្រះវិហារ។ នៅក្នុងឱកាសសម្ពោធ ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (Protected Area Monitoring Platform, PAMP ក៏ត្រូវបានដាក់ឲ្យដំណើរការក្នុងពេលជាមួយគ្នាដែរ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅក្នុងពិធីនោះថា ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិនេះ គឺជាយុន្ធការថ្មីក្នុងការបង្កើនប្រសិទ្ធភាពលើកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ។ សម្រាប់លោក នេត្រ ភក្ត្រា ប្រព័ន្ធនេះ នឹងក្លាយជាជំនួយបន្ថែមសម្រាប់មន្ត្រីឧទ្យានុរក្ស នាសម័យកាលឌីជីថល ក្នុងការចុះអនុវត្តច្បាប់ ក៏ដូចជាទប់ស្កាត់បទល្មើស នៅក្នុងតំបន់ការពារធនធានធម្មជាតិ។
_1612343308.jpg)
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា៖«បច្ចុប្បន្ន ក្រុមជនល្មើសធនធានធម្មជាតិ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការផ្ដល់ព័ត៌មានទៅវិញទៅមក ដើម្បីកុំឲ្យមន្រ្តីឧទ្យានុរក្ស ឬក្រុមការងារអង្គការដៃគូដែលចុះល្បាតចាប់ខ្លួនបាន។ ដូច្នេះការបង្កើតប្រព័ន្ធនេះឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកំពុងជួបប្រឈម នៅក្នុងតំបន់ការពារធនធានធម្មជាតិក្នុងប្រទេស»។
ក្រៅពីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងចាត់វិធានការទាន់ពេលក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប្រព័ន្ធនេះ ក៏នឹងចងក្រងនូវព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងតំបន់ការពារ ដែលជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្តនានា ក្នុងកម្រិតរៀបចំគោលនយោបាយ ដើម្បីការពារធនធានធម្មជាតិ។
លោក Carlos Lamadrid តំណាងទីភ្នាក់ងារជំនួយអាមេរិក USAID ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ បានឲ្យដឹងដែរថា ប្រព័ន្ធ PAMPនេះ នឹងជួយពង្រឹងបន្ថែមទៀត ដល់ការអនុវត្តច្បាប់ ដែលឆ្លើយតបទៅនឹងការគំរាមកំហែង និងជួយដល់ការសម្រេចចិត្ត លើការគ្រប់គ្រងតំបន់ការពារ ឲ្យកាន់តែមានភាពល្អប្រសើរទៀត។ លោកបានបន្ថែមថា៖«ប្រព័ន្ធនេះ ធ្វើឲ្យការគ្រប់គ្រងបណ្ដាញ លើប្រព័ន្ធការពារធម្មជាតិ ឆ្លើយតបរហ័ស ទាន់ពេលវេលា ប្រសិទ្ធភាព និងតម្លាភាព»។
_1612343327.jpg)
ប្រព័ន្ធ PAMP ត្រូវបានបង្កើតឡើង ដោយផ្អែកលើវិធីសាស្រ្តដែលមានស្រាប់ ដូចជាប្រព័ន្ធត្រួតពិនិត្យទីតាំងភូមិសាស្ត្រ និងឧបករណ៍រាយការណ៍ និងត្រួតពិនិត្យ ដោយចាប់យករូបភាព តាមរយៈផ្កាយរណប។ វាដំណើរការតាមរយៈទូរស័ព្ទ ជាមួយនឹងមុខងារចំនួនបី គឺសៀវភៅទិន្នន័យ ប្រព័ន្ធGPS និងម៉ាស៊ីនថត នៅក្នុងប្រព័ន្ធប្រតិបត្តិការតែមួយ។ នេះបើតាមការបញ្ជាក់ពី លោក Carlos Lamadrid។
សូមជម្រាបផងដែរថា ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារនេះ ជាបច្ចេកវិទ្យាដំបូងបង្អស់ ដែលបានដាក់ឲ្យដំណើរការក្នុងប្រទេសកម្ពុជា ហើយក៏ជាគំរូការសិក្សា និងធ្វើឲ្យមានភាពកាន់តែប្រសើរឡើង ដើម្បីធ្វើប្រតិបត្តិការ ក្នុងតំបន់ការពារធនធានធម្មជាតិ ទូទាំងប្រទេសកម្ពុជា៕

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

