របរលក់នំបញ្ចុកជួយដោះស្រាយជីវភាពអ្នកស្រី ឈឿន ស្រីមុំ ជាង២០ឆ្នាំមកនេះ

02/04/2021 9:00 am សៀមរាប

សៀមរាប៖ អ្នកស្រី ឈឿន ស្រីមុំ ជាអ្នកលក់នំបញ្ចុក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ របរលក់នំបញ្ចុកជួយដោះស្រាយជីវភាពអ្នកស្រី ឈឿន ស្រីមុំ ជាង២០ឆ្នាំមកហើយ ខណៈមុខរបរនេះកំពុងពេញនិយមនៅភូមិព្រះដាក់ តែម្ដង។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា ខន ណារី អ្នកសារព័ត៌មាននៃសារព័ត៌មាន Thmey Thmey 25 ជាមួយអ្នកស្រី ឈឿន ស្រីមុំ ជាអ្នកលក់នំបញ្ចុក ដូចតទៅ៖
 


វិបត្តិកូវីដ-១៩ជាងមួយឆ្នាំមកនេះ បានធ្វើឲ្យការលក់នំបញ្ចុករបស់អ្នកស្រី ឈឿន ស្រីមុំ មានការថយចុះ ហើយក្នុងមួយថ្ងៃអ្នកស្រីអាចលក់នំបញ្ចុកចំនួន ១៥គីឡូក្រាម និងអាចរកចំណូលបានប្រមាណ ១៥ម៉ឺនរៀលទៅ ២០ម៉ឺនរៀល។ ខណៈមុនពេលកូវីដ-១៩ អ្នកស្រីអាចរកចំណូលប្រមាណ ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ។ អ្នកស្រីប្រាប់ថា៖«តាំងពីកូវីដមកស្ងាត់ណាស់មិនសូវមានអ្នកដំណើរទេ បានត្រឹមរួចខ្លួននិងអាចដោះស្រាយជីវភាពបាន»។

ស្រុកបន្ទាយស្រី ជាទីតាំងទេសចរណ៍ថ្មីមួយដែលទេសចរមិនគួរមើលរំលង និងជាបណ្ដុំអាជីវកម្មបែបប្រពៃណី ដោយពលរដ្ឋភាគច្រើនក្នុងតំបន់នោះប្រកបរបរធ្វើសិប្បកម្មដោយដៃ។ ដោយឡែកភូមិព្រះដាក់ ជាទីតាំងលក់នំបញ្ចុកដ៏ល្បីមួយក្នុងខេត្តសៀមរាប រាល់ទេសចរដែលបានទៅលេងក្នុងខេត្តសៀមរាបមិនដែលរំលងនោះទេ ព្រោះមានភាពពិសេសប្លែកពីនំបញ្ចុកដទៃ។ សម្រាប់នំបញ្ចុកសម្លរខ្មែរមួយចានតម្លៃ ៤ ០០០រៀល និងសម្លរការីមួយចានតម្លៃ ៦ ០០០រៀល។



ភាពខុសប្លែកពីនំបញ្ចុកតាមកន្លែងដទៃគឺនំបញ្ចុកភូមិព្រះដាក់ មានបន្លែព្រៃស្រស់ៗជាច្រើនដែលបេះពី
ក្នុងតំបន់ផ្ទាល់ ដូចជា ស្លឹករាំង ស្លឹកម្កាក់ ស្លឹកង្ងៀង ស្លឹកស្មាច់ រួមនឹងបន្លែតាសក់ សណ្ដែកគួរ ល្ហុងខ្ចី សណ្ដែកបណ្ដុះ ត្រយូងចេក និងត្រួយកន្ធុំថេត ជាដើម។ «ភាពដូចគ្នានៃនំបញ្ចុកភូមិព្រះដាក់និងនំបញ្ចុកទូទៅគឺមានសម្លរខ្មែរនិងសម្លរការីដូចគ្នា តែប្លែកត្រង់នំបញ្ចុកភូមិព្រះដាក់ មានបន្ថែមជាមួយចាវតាសក់ និងទឹកត្រីផ្អែម»។ នេះជាការបញ្ជាក់របស់អ្នកស្រីឈឿន ស្រីមុំ៕







 

ព័ត៌មានទាក់ទង