រដូវប្រាំងឆ្នាំនេះ នឹងកើនកម្ដៅដល់៣៩អង្សា ឯរដូវវស្សាមានភ្លៀងធ្លាក់ច្រើន

19/01/2021 5:00 pm ភ្នំពេញ

ក្នុងឆ្នាំ២០២១នេះ រដូវប្រាំង នឹងចាប់ផ្ដើមពីខែមីនា ដល់ដើមខែឧសភា សីតុណ្ហភាពកើនឡើងខ្ពស់បំផុតរង្វង់ ៣៩អង្សា និង រដូវវស្សា អាចនឹងចាប់ផ្ដើម នៅសប្ដាហ៍ទី១ នៃខែឧសភា របាយទឹកភ្លៀងអាចមាន កម្រិតពីមធ្យមទៅច្រើន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩ ខែមករា។



តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ផ្អែកលើការវាយតម្លៃពីអន្តរជាតិ និងតំបន់ បាតុភូត La Nina(ត្រជាក់) មាន៥០ភាគរយ និង Neutral (ចន្លោះភាពក្ដៅ និងត្រជាក់) មាន៥០ភាគរយ ដែលមានឥទ្ធិពលមកលើអាកាសធាតុកម្ពុជា។ ស្ថានភាពអាកាសធាតុបែបនេះ ធ្វើឲ្យរដូវប្រាំង និងដើមរដូវវស្សា សម្រាប់ឆ្នាំ២០២១ អាចមានលក្ខណៈអំណោយផលល្អ។

ក្រសួងធនធានទឹក បញ្ជាក់ថា រដូវប្រាំង នឹងចាប់ផ្ដើមពីខែមីនា ដល់ដើមខែឧសភា។ ចំពោះចាប់ពីខែមីនា ដល់ខែមេសា កម្ដៅមានការកើនឡើងជាបន្តបន្ទាប់ តាមបណ្ដាខេត្តក្នុងប្រទេសរួមមាន បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាកើនឡើងពី ៣៤-៣៧អង្សា។ 

ដោយឡែកតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមាអាចឡើងពី ៣៣-៣៦អង្សា និងតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអាចកើនពី ៣០-៣៣អង្សា។ ចំណែកខែមេសា និងដើមខែឧសភា សីតុណ្ហភាពអាចឡើងខ្ពស់បំផុតក្នុងរង្វង់ ៣៩អង្សា និងអាចមានភ្លៀងធ្លាក់កក់ខែច្រើន ព្រមទាំងអាចមានផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើន។

សេចក្ដីជូនដំណឹងខាងលើ បន្តថា រដូវវស្សា អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា ២០២១។ រីឯរបាយទឹកភ្លៀង អាចមានកម្រិតពីមធ្យមទៅច្រើន នៅដើមរដូវវស្សា និងពាក់កណ្ដាលរដូវវស្សាពី ខែឧសភា ដល់ សីហា។

ជាមួយគ្នានេះ នៅក្នុងខែកុម្ភៈ ២០២១ នេះ អាកាសធាតុនៅបន្តចុះត្រជាក់ តាមបណ្ដាខេត្តក្នុងប្រទេស រួមមាន បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពស្ថិតក្នុងចន្លោះពី ១៦-១៩អង្សា។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពចន្លោះពី ១៣-១៦អង្សា និងតំបន់មាត់សមុទ្រសីតុណ្ហភាពស្ថិតក្នុងចន្លោះពី ១៩-២២អង្សា។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅបណ្ដាតំបន់ដាច់ស្រយាល ឆ្ងាយពីប្រភពទឹក បន្តរក្សានិងប្រើប្រាស់សន្សំសំចៃ ដោយហេតុនៅក្នុងខែមេសា និងដើមរដូវវស្សាអាចនឹងមាន ភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងធ្លាក់ មិនទាន់អាចឆ្លើយតប ទៅនឹងតម្រូវការគ្រប់គ្រាន់នៅឡើយនោះទេ៕

ព័ត៌មានទាក់ទង