កម្ពុជាបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២០-២៦ ខែមករា

19/01/2021 11:00 am ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងពីអាកាសធាតុកម្ពុជា កំពុងរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ ចាប់ពីថ្ងៃទី ២០-២២ ខែមករា និងទទួលឥទ្ធិពល កម្រិតសម្ពាធទាបខ្សោយ ពីថ្ងៃទី២៣-២៦ ខែមករា។ស្ថានភាពបែបនេះ ធ្វើឲ្យបណ្ដាខេត្តនៅកម្ពុជាបន្តចុះត្រជាក់ ជាពិសេស បណ្ដាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរិមាពី ១៣-១៨អង្សាសេ។



តាមសេចក្តីជូនដំណឹង បណ្ដាខេត្ត និងតំបន់ដែលទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ ខ្យល់មូសុងឦសានចុះខ្សោយ រួមមាន បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមាពី ១៧-២២អង្សាសេ និង សីតុណ្ហភាពអតិបរមាពី ២៧-៣០អង្សាសេ ចាប់ពីថ្ងៃទី២០-២២ មករា។ រីឯពីថ្ងៃទី ២៣ -២៦ មករា សីតុណ្ហភាពអប្បបរមាពី ២០-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣៤អង្សាសេ ហើយអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង។

ចំពោះបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី២០-២២ មករា សីតុណ្ហភាពអប្បបរមាពី ១៣-១៨អង្សសេ និងសីតុណ្ហភាពអតិបរមាពី ២៧-២៩អង្សាសេ។ ចំណែកចាប់ពីថ្ងៃទី ២៣-២៦ មករា សីតុណ្ហភាពអប្បបរមាពី ១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៨-៣២អង្សាសេ ហើយអាចនឹងមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ខ្ពង់រាបភាគខាងកើត។

សម្រាប់តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២០-២២ មករា សីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សាសេ។ ឯថ្ងៃទី ២៣-២៦ មករា អាចមានភ្លៀងផ្គររន្ទះ ពីខ្សោយទៅបង្គួរផងដែរ៕ 

ព័ត៌មានទាក់ទង