លោក ឌុក ដេត ធ្លាប់ត្រូវបានគេជួយ តែឥឡូវក្លាយជាអ្នកជួយគេវិញម្ដង!

17/05/2021 10:45 am សៀមរាប

សៀមរាប៖ លោក ឌុក ដេត ធ្លាប់រស់នៅអង្គការមួយ ក្នុងរាជធានីភ្នំពេញ ដើម្បីមានឱកាសបន្តការសិក្សា។ បច្ចុប្បន្ន លោក ឌុក ដេត ក្លាយជាម្ចាស់ហាងសួនមេអំបៅ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមានលទ្ធភាព ម្ចាស់ហាងសួនមេអំបៅរូបនេះ ក្លាយជាអ្នកជួយគេវិញម្ដង តាមរយៈការយកប្រាក់ចំណេញប្រចាំឆ្នាំ ១០ភាគរយ ពីហាងទៅចូលរួមក្នុងសង្គម។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាបទសម្ភាសរវាង កញ្ញា ខន ណារី អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 និងលោក ឌុក ដេត ម្ចាស់ហាងសួនមេអំបៅ ដូចតទៅ៖
 

ជាកូនច្បងក្នុងគ្រួសារលោក ឌុក ដេត មានស្រុកកំណើតនៅខេត្តតាកែវ តែត្រូវប្ដូរមករស់នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩៣។ ស្ថិតក្នុងគ្រួសារ ដែលមានជីវភាពខ្វះខាត និងមានឱកាសរស់នៅក្នុងអង្គការស្នាមញញឹមនៃកុមារ ប៉ុន្តែលោក ឌុក ដេត ត្រូវបង្ខំចិត្តឈប់សិក្សា ត្រឹមថ្នាក់ទី៩ ដើម្បីទៅរៀនជំនាញចុងភៅ។ លោក ឌុក ដេត ប្រាប់សារព័ត៌មាន Thmey Thmey 25 ថា បន្ទាប់ពីឈប់រៀន លោកបានមករស់នៅក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០០៣ ដើម្បីរៀនជំនាញចុងភៅ។ លោក ឌុក ដេត បានរៀនជំនាញចុងភៅ២ឆ្នាំ និងបានធ្វើការក្នុងសណ្ឋាគារមួយក្នុងខេត្តសៀមរាប។

បន្ទាប់ពីធ្វើការក្នុងសណ្ឋាគារប្រមាណ ៩ឆ្នាំ លោក ឌុក ដេត ក៏មានឱកាសបើកហាងអាហារដោយខ្លួនឯង ដោយដាក់ឈ្មោះថាហាងសួនមេអំបៅ Butterflies Garden Restaurant និងមានមុខម្ហូបខ្មែរប្រមាណ ៥០មុខ។ ដើម្បីសម្រេចបំណងខ្លួន និងអាចផ្សព្វផ្សាយម្ហូបខ្មែរ ដល់អ្នកទេសចរ លោក ឌុក ដេត បានប្រាប់ទៀតថា ការបើកហាងសួនមេអំបៅ ក៏ជាផ្នែកមួយដែលអាចឲ្យលោកមានលទ្ធភាពក្នុងការចូលរួមការងារសង្គម។ ម្ចាស់ហាងរូបនេះ រៀបរាប់ថា៖«ជាការស្រលាញ់ និងចង់ចែករំលែក ខ្ញុំធ្លាប់ត្រូវបានគេជួយ ហើយនៅពេលដែលខ្ញុំមានលទ្ធភាព ខ្ញុំក៏ចង់ជួយអ្នកដែលអត់មានលទ្ធភាពដូចកាលពីខ្ញុំនៅពីក្មេងដូចគ្នា»។



សូមបញ្ជាក់ថាហាងសួនមេអំបៅ បានចាប់ផ្ដើមបើកដំណើរការនៅឆ្នាំ២០០៦ ហើយបច្ចុបន្នហាងសួនមេអំបៅមានបុគ្គលិកចំនួន ៨នាក់។ ដើម្បីចូលរួមថែរក្សាបរិស្ថាន សុខភាព របស់អ្នកបរិភោគ ហាងសួនមេអំបៅ បានប្រើស្លឹកឈូក ស្លឹកចេក ដើម្បីវេចខ្ចប់ម្ហូបអាហារសម្រាប់ភ្ញៀវផងដែរ៕


ព័ត៌មានទាក់ទង