កសិករដាំក្រូចជាង២០ឆ្នាំ ប្រាប់ពីរបៀបដាំ និងថែទាំក្រូចពោធិ៍សាត់ ឱ្យបានផលច្រើន

31/01/2021 11:00 am ពោធិ៍សាត់

ពោធិ៍សាត់៖ លោក ឃុន សុភាព ជាកសិករដាំក្រូចនៅលើផ្ទៃដី ជាង១០០ហិកតា ដែលស្ថិតនៅឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ កសិករមានបទពិសោធជាង២០ឆ្នាំ លោក ឃុន សុភាព បានប្រាប់ថា ដើម្បីដាំក្រូចពោធិ៍សាត់ឱ្យទទួលបានផលច្រើន ត្រូវថែទាំតាំងពីពេលចាប់ផ្ដើមដាំរហូតដល់ធំ។


 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងលោក ឃុន សុភាព អ្នកដាំក្រូចពោធិ៍សាត់ ជាមួយ កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានThmeyThmey25 ដូចតទៅ៖ 


រយៈពេល៤ឆ្នាំ ទើបដំណាំក្រូចពោធិ៍សាត់ ទទួលបានទិន្នផល ហើយក្នុងមួយដើម អាចផ្ដល់ទិន្នផលមធ្យម ២ពាន់ផ្លែក្នុងមួយឆ្នាំ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 លោក ឃុន សុភាព បានឱ្យដឹងថា ក្រូចពោធិ៍សាត់ ត្រូវថែទាំតាំងពីពេលចាប់ផ្ដើមដាំ រហូតដល់ធំ ទើបមិនសូវមានជំងឺ និងមានទិន្នផលច្រើន។ 

កសិករនៅខេត្តពោធិ៍សាត់រូបនេះ បានប្រាប់ពីរបៀបដាំក្រូចពោធិ៍សាត់ដូច្នេះថា៖« ទីមួយយើងត្រូវជ្រើសរើស ពូជដែលបង្កាត់ គឺគល់ក្រូចឆ្មារជប៉ុន បង្កាត់ជាមួយក្រូចពោធិ៍សាត់ដើម្បីងាយថែទាំ និងមានផ្លែល្អ។ បន្ទាប់មក យើងដាំក្នុងរណ្ដៅ បើដីល្អយើងកាប់រណ្ដៅប្រហែលកន្លះម៉ែត្រ ៤ជ្រុង ហើយយើងដាក់ថ្នាំកណ្ដៀរ ឬជីធម្មជាតិខ្លះទៀតក្នុងបាតរណ្ដៅ ដើម្បីឱ្យវាឆាប់ចាក់ឫស»។ លោក ឃុន សុភាព បានបន្ថែមថា ក្រោយដាំ គេអាចដាំដំណាំឆ្លាស់ដូចជា សណ្ដែកបាយ ត្រឡាច និងចេកពងមាន់ ដើម្បីឱ្យដីធូរ។

ចំណែកឯ សណ្ឋានដីវិញ ត្រូវជ្រើសរើស ដីប្រភេទល្បាយខ្សាច់ ពិសេសដីលិចទឹករាល់ឆ្នាំ ដើម្បីបង្កើនជីវជាតិក្នុងដីឱ្យកាន់តែច្រើន។ ក្រោយទទួលផល ត្រូវមើលថែមែក និងផ្លែរបស់វា ឱ្យបានល្អ ដើម្បីឱ្យផ្លែធំល្អ។ លោក ឃុន សុភាព អះអាងដូច្នេះថា៖ «កាលណាផ្លែច្រើនពេក ត្រូវបេះរំលស់ តែងមែកវាចោលខ្លះ ដើម្បីឱ្យជីវជាតិពីដីទៅផ្ដល់គ្រប់គ្រាន់ ហើយផ្លែធំៗ សឹងស្មើគ្នា»៕
 

ព័ត៌មានទាក់ទង