ស្រុកសំឡូត នឹងក្លាយជាទីតាំងទេសចរណ៍សម្បូរបែបថ្មីមួយ ក្នុងខេត្តបាត់ដំបង

22/02/2021 5:00 pm បាត់ដំបង

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងជំរុញទេសចរណ៍ក្នុងស្រុកសំឡូត ឲ្យក្លាយជាទិសដៅទេសចរណ៍សំខាន់ថ្មីមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរបានគ្រប់រដូវកាល។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា លើកឡើងថា ស្រុកសំឡូតមានសក្តានុពលទេសចរណ៍សម្បូរបែប ជាពិសេសកសិ-ទេសចរណ៍ និង អេកូទេសចរណ៍ ដែលជាមេដែកទាក់ទាញទេសចរយ៉ាងសំខាន់មួយទៀតក្នុងខេត្តបាត់ដំបង។



លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានពិនិត្យតំបន់ទេសចរណ៍ថ្មីៗក្នុងស្រុកសំឡូត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដើម្បីដាក់ជាទិសដៅទេសចរណ៍ថ្មី សម្រាប់ត្រៀមខ្លួនទទួលភ្ញៀវទេសចរនៅថ្ងៃឈប់សម្រាក និងជាពិសេសនៅពេលជំងឺកូវីដ-១៩បានធូរស្រាល ឬបញ្ចប់។ 

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey ថា៖ « ស្រុកសំឡូតសម្បូរដោយធនធានធម្មជាតិ និងចម្ការ ដូច្នេះហើយយើងចង់ជំរុញឲ្យមានការប្រែក្លាយចម្ការរបស់ប្រជាពលរដ្ឋជាតំបន់កសិ-ទេសចរណ៍។ ស្រុកសំឡូតក៏មានសក្តានុពលធម្មជាតិដូចជា ជួរភ្នំ បឹងបួរ ជាពិសេសទេសចរយើងគាត់ចូលចិត្តលេងទឹក ហើយនៅស្រុកសំឡូតជាតំបន់ដែលមានប្រភពទឹកស្អាត»។ 


បើតាមលោក អ៊ុច អ៊ុំភីនីស្សារ៉ា មន្ទីរទេសចរណ៍ខេត្តបាត់ដំបង មិនបង្កើតឲ្យមានរមណីយដ្ឋានកែច្នៃច្រើនក្នុងស្រុកសំឡូត ដូចស្រុកដទៃទៀតទេ។ លោក បានបញ្ជាក់ដូច្នេះថា៖ « ជារួមយើងអត់ចង់កែច្នៃតំបន់ធម្មជាតិនៅទីនោះច្រើនទេ ដោយយើងផ្ដោតលើតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ វិញ ព្រោះយើងមានរមណីយដ្ឋានកែច្នៃនៅតំបន់ផ្សេងហើយដូចជា ជិះឡូរី នៅស្រុកបាណន់ជាដើម។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងជំរុញឲ្យគ្រប់ស្រុកទាំងអស់មានរមណីយដ្ឋានល្អមួយ និងវត្តគំរូមួយ »។
 
លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបន្តទៀតថា ការជំរុញទេសចរណ៍ក្នុងស្រុកសំឡូត ដើម្បីឲ្យទេសចរណ៍ក្នុងខេត្តបាត់ដំបងមានភាពសម្បូរបែប ដែលជាផ្នែកមួយធ្វើឲ្យភ្ញៀវទេសចរ ពន្យារពេលក្នុងការស្នាក់នៅ ពេលទៅកម្សាន្តនៅខេត្តបាត់ដំបង។
 
សូមជម្រាបផងដែរ ក្នុងស្រុកសំឡូតមានតំបន់ទេសចរណ៍សំខាន់ៗដូចជា៖ រមណីយដ្ឋានទឹកធ្លាក់ថ្មដាចំការទុរេន, រមណីយដ្ឋានស្ទឹងក្រញូង, សហគមន៍អេកូទេសចរណ៍អូរជាំ និងតំបន់កសិ-ទេសចរណ៍ ជាច្រើនទៀតផងដែរ៕

ព័ត៌មានទាក់ទង