​លោក ណុះ ណាវី រៀន​ជំនាញ​ទេសចរណ៍ ព្រោះ​ចង់​ជំរុញ​ទេសចរណ៍​ក្នុង​សហគមន៍​របស់ខ្លួន​

16/01/2021 9:00 am កំពត

 ភ្នំពេញ​៖ លោក ណុះ ណាវី គឺជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​គ្រប់គ្រង​ទេសចរណ៍​។ មាន​ស្រុកកំណើត​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ ជាទី​ទេសចរណ៍​មួយ​មាន​សក្តានុពល​ធម្មជាតិ​យ៉ាង​ទាក់ទាញ នៅ​ស្រុក​ទឹកឈូ ខេត្តកំពត​។ លោក ណុះ ណាវី ជ្រើសរើស​រៀន​ជំនាញ​មួយ​នេះ​ព្រោះ​យល់ថា ជំនាញ​មួយ​នេះ​អាច​នៅ​ជាមួយ​ខ្លួន​អស់​មួយជីវិត និង​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ជាពិសេស​សហគមន៍រ​បស់​ខ្លួន​ផ្ទាល់​។



​ដើម្បី​ជ្រាប់​កាន់តែច្បាស់ សូម​អញ្ជើញលោក អ្នកនាង​ទស្សនា បទ​សម្ភាស​រវាង​កញ្ញា ជឿន ស្រី​ណ​យ អ្នកសារព័ត៌មាន​ThmeyThmey25 និង​លោក ណុះ ណាវី និស្សិត​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ ដូចតទៅ​៖ 
 

​មាន​ស្រុកកំណើត​ក្នុង​សហគមន៍ អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ បូករួម​មាន ឪពុក​ជា​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះ​ផង​នោះ ធ្វើ​ឲ្យ​ការ​ជ្រើស​ជំនាញ​គ្រប់គ្រង​ទេសចរណ៍​មិនមែនជា​ភាព​ចៃដន្យ​ទេ​សម្រាប់​យុវជន ណុះ ណាវី​។ មានបំណង​ចង់​ធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ និង​ចង់​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ទើប​ធ្វើ​ឲ្យ​លោក ជ្រើសរើស​ជំនាញ​គ្រប់គ្រង​ទេសចរណ៍​នេះ​។​

​លោក ណុះ ណាវី ថ្លែង​ក្នុង​បទ​សម្ភាស​រវាង​សារព័ត៌មាន ThmeyThmey25 ដូច្នេះ​ថា​៖ « ការសិក្សា​គ្រប់គ្រង​ទេសចរណ៍ ខ្ញុំ​យល់ថា​ជំនាញ​នេះ​អាច​ឲ្យ​យើង​រស់នៅ​ជាមួយ​បាន​មួយជីវិត​។ ជំនាញ​នេះ គឺជា​ជំនាញ​ដែល​ខ្ញុំ​ស្រលាញ់​ជាងគេ​។ មួយវិញទៀត​ខ្ញុំ​ចង់​ធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ ក្នុង​ក្រសួងទេសចរណ៍​ផង ជាពិសេស​សហគមន៍​ទេសចរណ៍​មួយចំនួន​ត្រូវការ យុវជន​ដែលមាន​គំនិត​ថ្មី និង​មាន​ជំនាញ​ច្បាស់លាស់​ទៅ​ជួយ​អភិវឌ្ឍន៍​ផងដែរ​»​។​

​លោក ណុះ ណាវី បាន​បន្តទៀតថា​ការរៀន​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ មិនមែន​អាចធ្វើ​តែ​ជា​មគ្គទេសក៍​ទេសចរណ៍ នោះទេ ដោយឡែក និស្សិត​អាចធ្វើ​ការ​ផ្សេងទៀត​ដូចជា ភ្នាក់ងារទេសចរណ៍​នៅតាម​ក្រុមហ៊ុន អ្នក​បដិសណ្ឋារកិច្ច ព្រមទាំង​អាចធ្វើ​ការ​នៅតាម​ស្ថាប័នរដ្ឋ​ផងដែរ​។ 

​លោក ណុះ ណាវី បាន​ណែនាំ​ដល់​អ្នកមាន​បំណង​រៀន​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ គួរ​សិក្សា​ពី​ភាសាបរទេស​បន្ថែម​ផងដែរ ព្រោះ​ទេសចរ​អន្តជាតិ ជាទី​ផ្សារ​សំខាន់​មួយ​ក្នុង​វិស័យ​ទេសចរណ៍​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​៕

ព័ត៌មានទាក់ទង