ផ្ទះបុរាណខ្មែរនៅវត្តគរអាយុកាលជាង១០០ឆ្នាំ ចំហទ្វារជានិច្ចសម្រាប់ទេសចរ

12/02/2021 2:00 pm បាត់ដំបង

ផ្ទះបុរាណអាយុជាង១០០ឆ្នាំ ក្នុងខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្ត ដែលបានទាក់ទាញទេសចរបរទេស។ លោក សម្បត្តិ វិរៈ អ្នកមើលថែផ្ទះបុរាណនេះ ទទូចសុំឲ្យទេសចរជាតិជាពិសេសយុវវ័យជំនាន់ថ្មី មានចិត្តស្រលាញ់ និងស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនខ្មែរជំនាន់មុន លោកយល់ថា គ្មានបរទេសណាស្រលាញ់សម្បត្តិរបស់ខ្មែរ ជាងខ្មែរខ្លួនឯងទេ។



ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចម្ងាយ២គីឡូម៉ែត្រ ពីសាលាខេត្ត ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានសាងសង់ឡើងតាំងពីឆ្នាំ១៩២០ បានក្លាយជាទីតាំងទេសចរណ៍មួយ តែងមានទេសចរបរទេសទៅទស្សនា មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងដំណាក់កាលកូវីដ-១៩ នេះភាគច្រើនមានតែនិស្សិតដែលចុះកម្មសិក្សាប៉ុណ្ណោះ ទៅទស្សនាផ្ទះបុរាណមួយនេះ។

លោក សម្បត្តិ វិរៈ អ្នកគ្រប់គ្រងផ្ទះលោកស្រី ប៊ុន រឿង បានថ្លែងប្រាប់សារព័ត៌មាន ThmeyThmey25ថា ចាប់តាំងពីមានជំងឺកូវីដ-១៩ មកមិនមានទេសចរអន្តរជាតិទេ ចំណែកទេសចរជាតិ ក៏មិនសូវវមានដែរ ដោយភាគច្រើនមានតែនិស្សិតទៅចុះកម្មសិក្សាតែប៉ុណ្ណោះ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានថ្លែងស្រដែងគ្នានេះដែរថា នៅពេលបាត់ទេសចរអន្តរជាតិ ផ្ទះបុរាណនៅក្នុងភូមិវត្តគរ មិនសូវមានអ្នកទៅទស្សនាទេ។ លោកបង្ហាញពីមូលហេតុដែលទេសចរអន្តជាតិ ចូលចិត្តទៅទស្សនាផ្ទះបុរាណ ដូច្នេះថា៖« បើនិយាយពីគុណតម្លៃវិញ ជនបរទេសគេឲ្យតម្លៃទៅលើវត្ថុដែលមានវ័យចំណាស់។ គុណតម្លៃ គឺមិនអាចកាត់ថ្លៃបានទេ អាចចាត់ទុកថាជារបស់កម្ររបស់ជាតិ ហើយវាក៏ជាអត្តសញ្ញាណ នៃទម្រង់វប្បធម៌ប្រពៃណីរបស់ប្រជាជនតាមតំបន់នីមួយៗ»។



ទោះភាគច្រើនមានតែនិស្សិតចុះកម្មសិក្សាទៅទស្សនាផ្ទះមួយនេះ តែលោក សម្បត្តិ វិរៈ មានអារម្មណ៍សប្បាយរីករាយ នឹងចែករំលែកប្រវត្តិផ្ទះនេះ ទៅកាន់យុវវ័យជំនាន់ក្រោយ។ លោក ថ្លែងដូច្នេះថា៖ « សម្រាប់អ្នកគាត់ចាប់អារម្មណ៍ផ្ទះមួយនេះពីប្រវត្តិការសាងសង់ ហើយហេតុអ្វីផ្ទះយើងអាចមានដល់សព្វថ្ងៃ សម្រាប់ខ្ញុំជាម្ចាស់ផ្ទះខ្ញុំជាអ្នកនាំគាត់ដើរមើល និងឆ្លើយគ្រប់សំណួរគាត់ទាំងអស់។ ខ្ញុំនឹងនិយាយប្រាប់ពួកគាត់ នៅអ្វីដែលគាត់មើលមិនឃើញ គឺប្រវត្តិនៃផ្ទះនេះ »។

កញ្ញា រឹទ្ធ ដានី និស្សិតដែលធ្លាប់ទៅទស្សនកិច្ចនៅផ្ទះបុរាណនេះ ក្នុងអំឡុងពេលឆ្នាំ២០១៧ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនពេលបានទៅទស្សនាផ្ទះបុរាណមួយនេះថា៖ « ខ្ញុំសរសើរគាត់ដែលបានថែរក្សាផ្ទះបុរាណមួយនេះ ដល់អ្នកជំនាន់ក្រោយគាត់បានទៅមើលទៅគាត់អាចស្វែងយល់ថាពីការសាងសង់ក្នុងសម័យនោះ » ។


កញ្ញាបាន បន្ថែមថា ការទស្សនាផ្ទះបុរាណបែបនេះ ពិតជាសំខាន់ណាស់សម្រាប់កូនខ្មែរ។ កញ្ញាថ្លែងដូច្នេះថា៖ « ក្នុងនាមយើងជាកូនខ្មែរ គួរទៅទស្សនាផ្ទះបុរាណបែបនេះម្ដង។ ដូចដែលគេនិយាយថា កូនខ្មែរគួរទៅមើលប្រាសាទអង្គរវត្តម្ដងដូចគ្នា ។ យើងនឹង អាចដឹងថា កាលសម័យនោះ ប្រជាជនខ្មែរមានរបៀបរស់នៅបែបណា » ។

លោក សម្បត្តិ វិរៈ ក៏បានលើកទឹកចិត្តដល់យុវវ័យសម័យថ្មីនេះឲ្យទៅទស្សនាផ្ទះបុរាណខ្មែរ មិនមែនតែផ្ទះខ្លួននោះទេ។ លោកលើកឡើងដូច្នេះថា៖ « ខ្ញុំសុខចិត្តចំណាយពេលជាមួយនិស្សិតខ្មែរយើង ដែលចង់ដឹង ដើម្បីឲ្យខ្ញុំអាចពន្យល់ពីព្រលឹងជាតិយើង ឲ្យពួកគាត់បានស្គាល់។ យើងមានរបស់ល្អ របស់ស្អាត ស្រស់បំព្រងច្រើន ក៏ប៉ុន្តែយើងមិនទាន់បានស្គាល់ទើបអ្នកខ្លះ គាត់មិនទាន់រកកន្លែងស្រលាញ់ឃើញ »។ 

លោកក៏បានបន្ថែមដែរថា រូបលោកពិតជាស្រលាញ់ផ្ទះបុរាណខ្មែរណាស់ ដូច្នេះហើយទើបលោកខំប្រឹងចែករំលែកដើម្បីឲ្យអ្នកដទៃមានចិត្តស្រលាញ់ និងថែររក្សាផ្ទះបុរាណដូចរូបលោកដែរ៕


ព័ត៌មានទាក់ទង