កម្ពុជា នឹងក្លាយជាទិសដៅទេសចរបរទេស បន្ទាប់ពីជាប់លេខ១ ក្នុងការទប់ស្កាត់កូវីដ-១៩

14/01/2021 4:00 pm ភ្នំពេញ

ភ្នំពេញ៖ កម្ពុជាបានឈរនៅលំដាប់លេខ១ ក្នុងពិភពលោកជាប្រទេសដែលចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ល្អជាងគេ។ សម្រាប់ចំណាត់ថ្នាក់នេះ អ្នកនាំពាក្យក្រសួងទេសចរណ៍ យល់ថាជាឱកាសរបស់កម្ពុជាសម្រាប់ទាក់ទាញទេសចរបរទេស ទោះវិធានការ Travel Bubble មិនទាន់អាចអនុវត្តបានយ៉ាងណាក្ដី។



ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេលមួយឆ្នាំមកនេះ ធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាមានផលប៉ះពាល់យ៉ាងខ្លាំង ដោយមានការបាត់បង់ទេសចរអន្តរជាតិ ដែលជាទីផ្សារទេសចរណ៍ធំសម្រាប់កម្ពុជា។ បន្ទាប់ពីមានការវាយតម្លៃជាវិជ្ជមាន នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្កាល់ជាច្រើនលើក រហូតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក។ ចំណាត់ថ្នាក់នេះ ជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍កម្ពុជា។

លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានលើកឡើងដូច្នេះថា៖ «ស្របពេលដែលយើងកំពុងផ្សព្វផ្សាយថាប្រទេសកម្ពុជាយើង ជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ទេសចរ ចំណាត់ថ្នាក់នេះជាសញ្ញាណមួយសម្រាប់ទាក់ទាញទេសចរ នៅពេលកូវីដមានការធូរស្រាល។ ទោះបីចប់កូវីដក៏ទេសចរមិនមែនចេះតែទៅលេងតាមប្រទេសនោះទេ គេនឹងវាយតម្លៃថាប្រទេសណាដែលគេគួរទៅ និងប្រទេសណាដែលគេមិនគួរទៅ»។

ទោះមានការវាយតម្លៃបែបនេះក្ដី ក៏ក្រសួងទេសចរណ៍នៅមិនទាន់អាចអនុវត្តវិធានការណ៍ Travel Bubble បាននៅឡើយដែរ ដោយវិធានការមួយនេះត្រូវមានការល្អិតល្អន់បំផុតមុននឹងអនុវត្ត។ លោក តុប សុភ័ក្ត្រ បញ្ជាក់បែបនេះថា៖ « យើងកំពុងធ្វើការជាមួយក្រសួងសុខាភិបាល កិច្ចការនេះយើងមិនអាចធ្វើបានភ្លាមៗនោះទេ ពីព្រោះយើងត្រូវការការយល់ព្រមរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល។ Travel Bubble នេះមានប្រទេសខ្លះធ្លាប់បានអនុវត្តហើយ តែត្រូវបានបិទទៅវិញ ដូច្នេះកម្ពុជាកំពុងពិចារណាយ៉ាងល្អិតល្អន់បំផុត»។

នេះមិនមែនជាលើកទី១ទេ ដែលប្រទេសកម្ពុជាត្រូវបាន ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្កាល់ វាយតម្លៃថាជាប្រទេសដែលមានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ល្អ។ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២០ ការិយាល័យមួយនេះក៏បានវាយតម្លៃ ថាកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣នៅលើពិភពលោក។ រហូតដល់ថ្ងៃទី ១៣មករា ២០២១ កម្ពុជាបានប្ដូរតំណែងពីចំណាត់ថ្នាក់លេខ៣ មកលេខ១ ក្នុងពិភពលោកវិញ។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី១៣ មករា ឆ្នាំ២០២១ អ្នកកើតកូវីដ-១៩នៅកម្ពុជា មាន៤១១នាក់ក្នុងនោះ៣៥នាក់ជាពលករមកពីថៃ។ អ្នកសះស្បើយឡើងដល់៣៧៧នាក់។ អ្នកកំពុងសម្រាកព្យាបាល៣៤នាក់ មាន២០នាក់នៅពេទ្យបង្អែកបន្ទាយមានជ័យ ៦នាក់នៅប៉ៃលិន ២នាក់នៅបាត់ដំបង និង៦នាក់នៅមណ្ឌលកម្ចាត់ជំងឺរបេងរាជធានីភ្នំពេញ៕

ព័ត៌មានទាក់ទង