អ្នកនាំពាក្យក្រសួងបរិស្ថានថា បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ

14/01/2021 9:00 am ភ្នំពេញ

ភ្នំពេញ៖  ក្នុងឆ្នាំ២០២០ មានបទល្មើលធនធានធម្មជាតិ  បានចំនួន៨,៩១៧ ករណី ត្រូវបានបង្ក្រាប ដែលតួលេខនេះកើនឡើង ៣,៤៤២ករណី ឬស្មើនឹង៣៨.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ បើតាមរបាយការណ៍ដែលលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បទល្មើសដែលត្រូវបានបង្ក្រាបភាគច្រើន ជាបទល្មើសកាប់ឈើ ការទន្ទា្រនកាន់កាប់ដីព្រៃ ការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វជាដើម ខណៈលោកអះអាងថា បទល្មើសព្រៃឈើខ្នាតធំ មិនមានទៀតឡើយ។



ក្នុងឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបានបទល្មើលធនធានធម្មជាតិ  បានចំនួន៨,៩១៧ ករណី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៦៨កន្លែង នៅប្រទេសកម្ពុជា។ ចំនួននេះ គឺកើនឡើងចំនួន៣,៤៤២ករណី ឬស្មើនឹង៣៨.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ដែលលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានផ្ញើមកកាន់អ្នកសារព័ត៌មាន តាមបណ្តាញតេឡេក្រាម។ 

លោក នេត្រ ភក្រ្តា ឲ្យដឹងទៀតថា បទល្មើសដែលត្រូវបានបង្ក្រាប ភាគច្រើនជាបទល្មើសកាប់ឈើ ការទន្ទា្រនកាន់កាប់ដីព្រៃ ការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វជាដើម ខណៈលោកអះអាងថា បទល្មើសព្រៃឈើខ្នាតធំ មិនមានទៀតឡើយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ដូច្នេះ៖«ជាមួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូច»។



យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូ ក្នុងការអប់រំផ្សព្វផ្សាយ និងអនុវត្តន៍ច្បាប់ ដើម្បីទប់ស្កាត់  និងថែរក្សាការពារធនធានធម្មជាតិនៅកម្ពុជា។

សូមជម្រាបថា វត្ថុតាងដែលរឹបអូសបានពីការបង្ក្រាបពេញមួយឆ្នាំ២០២០ រួមមានរថយន្តចំនួន ២១៥គ្រឿង, គោយន្តចំនួន ៦១១គ្រឿង, ម៉ូតូចំនួន ៥៩០គ្រឿង, កាំភ្លើងកែច្នៃបាញ់សត្វចំនួន ៧៣៧ដើម, រណារយន្តចំនួន ៤,០០៤គ្រឿង,  ឈើចំនួន ២,៧១៨ ម៉ែត្រគូប និងអន្ទាក់ដាក់សត្វចំនួន ៤៣,២៧០ ត្រូវបានដោះចេញ។ 

អ្នកនាំពាក្យក្រសួងបរិស្ថានឲ្យដឹងទៀតថា ក្នុងចំណោមបទល្មើសដែលបង្ក្រាបបាន មានបទល្មើសចំនួន៦០៥ករណី ត្រូវបញ្ជូនទៅតុលាការ, បទល្មើសចំនួន៨៥៧ករណី រងពិន័យអន្តរការណ៍ និងបទល្មើសចំនួន២,៩៤៦ករណីស្ថិតក្នុងបទល្មើសត្រូវអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕


ព័ត៌មានទាក់ទង