អភិបាលក្រុង​ភ្នំពេញ សម្រេច​រក្សាទុក​ដើមឈើ​អាយុកាល​ជាង​៣០០​ឆ្នាំ​វិញ

12/01/2021 2:00 pm ភ្នំពេញ


ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានសម្រេច​រក្សាទុក​ដើមឈើ ដែលមាន​អាយុកាល​ជាង​៣០០​វិញ ដោយ​មិនឱ្យ​កាប់​ចោល​ឡើយ​។ លោក ឃួ​ង ស្រេង សម្រេច​បែបនេះ ក្រោយពី​ចុះ​ត្រួតពិនិត្យ​ដើមឈើ​ចំនួន​៣​ដើម ដែល​ចាស់​ទ្រុឌទ្រោម​នេះ ស្ថិតនៅក្នុង​សួនច្បារ​កាណាឌីយ៉ា សង្កាត់​វត្តភ្នំ ក្នុង​ខណ្ឌដូនពេញ​។​



មូល​ហេតុដែល​អភិបាល​ក្រុង សម្រេច​រក្សា​ដើមឈើ​ចាស់​ទ្រុឌទ្រោម​ទាំង​៣​ដើម​នេះ ដោយសារ​វា​មាន​អាយុកាល​ច្រើន​ឆ្នាំ ហើយក៏​ផ្ដល់​ប្រយោជន៍​ជា​ម្លប់​ដល់​ពលរដ្ឋ​ធ្វើដំណើរ​តាម​ដង​វិថី​កន្លងមក​។ ដើមឈើ​ទាំង​៣​នេះ មាន​ឈ្មោះថា «​ដើម​គីនីន​» ដែល​ពលរដ្ឋ​និយម​ហៅថា «​ដើម​គ្រាប់បែក​» ដែល​កំពុងមាន​សភាព​ពុកផុយ និង​ប្រហោង​ក្នុង​។ 

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្រង់​សម្តី​លោក ឃួ​ង ស្រេង ក្រោយ​ចុះ​ពិនិត្យ​ដើមឈើ​តាម​បណ្ដោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួនស នៅ​ព្រឹក​ថ្ងៃទី​១២ មករា នេះ ដូច្នេះ​ថា​៖« បន្ត​ថែទាំ​និង​រក្សាទុក​ដើមឈើ​ចំនួន​៣​ដើម​ដែល​ចាស់​ទ្រុឌទ្រោម ដោយ​លះ​មែក​ចេញ​មួយចំនួន និង​ធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​»​។​
 
​គួរ​បញ្ជាក់ថា នៅក្នុង​សួនច្បារ​កាណាឌីយ៉ា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រមួនស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ មាន​ដើមឈើ​ចំនួន​៥០​ដើម ដោយមាន​អាយុកាល​ជាង​៣០០​ឆ្នាំ​។ នេះ​បើតាម​សំដី​របស់លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដែល​ដកស្រង់​ពី​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​៕

ព័ត៌មានទាក់ទង