លោក វ៉ាន់ ស៊ីថា បន្ត​របរ​ចម្លាក់​លោហៈ​ពី​ឪពុក​ព្រោះ​ចង់​ឲ្យ​ជំនាន់​ក្រោយ​ស្គាល់​សិប្បកម្ម​អត្តសញ្ញាណ​នេះ​

09/04/2021 2:00 pm ភ្នំពេញ

​ភ្នំពេញ​៖  លោក វ៉ាន់ ស៊ីថា បាន​សម្រេចចិត្ត​ទទួលខុសត្រូវ និង​គ្រប់គ្រង​សិប្បកម្ម​ចម្លាក់​លោហៈ​ល​ក្ខំៈ​គ្រួសារ ពី​ឪពុក​របស់ខ្លួន ដែលមាន​វ័យ​ចំណាស់​ទៅហើយ​។ មាន​វ័យ​២៩​ឆ្នាំ លោក​ស៊ីថា ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា លោក​សម្រេច​បន្តការងា​រ​ពី​ឪពុក ព្រោះ​មិន​ចង់​ឲ្យ​គាត់​លំបាក​នឹង​ការងារ​នេះ​ទៀត និង​ម្យ៉ាង​ចង់​ថែរក្សា និង​អភិរក្ស​សិប្បកម្ម​អត្តសញ្ញាណ​នេះ ដល់​អ្នកជំនាន់ក្រោយ​បាន​ស្គាល់​។



​លោក វ៉ាន់ ស៊ីថា គឺជា​អ្នកគ្រប់គ្រង​វ័យក្មេង​មួយរូប នៅក្នុង​អាជីវកម្ម​ចម្លាក់​លោហៈ​លក្ខណៈ​គ្រួសារ​បន្ត​ពី​ឪពុក​របស់ខ្លួន ដែលមាន​វ័យចាស់​ទៅហើយ មិនអាច​ធ្វើ​ការងារ​ចម្លាក់​ពេញលេញ​ដូច​ពីមុន​។ សិប្បកម្ម​ចម្លាក់​លោហៈ​របស់លោក វ៉ាន់ ស៊ីថា មានកូន​ជាង​៤​នាក់ និង​មាន​ទីតាំងនៅ​ភូមិ​ព្រែក​ក្ដាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ក្រៅពី​គ្រប់គ្រង​សិប្បកម្ម​របស់​គ្រួសារ យុវជន​រូបនេះ ក៏​មិន​បោះបង់​ការរៀនសូត្រ​ជំនា​ញ​របស់ខ្លួន​ដែរ​។ បច្ចុប្បន្ន រូបគេ​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ស្ថាបត្យកម្ម​។​

​លោក វ៉ាន់ ស៊ីថា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey25​ថា​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដែល​យុវជន វ័យ​២៩​ឆ្នាំ​រូបនេះ ចាត់ចែង​ការងារ​ចម្លាក់​ដែលជា​កេ​ដំណែល​ដែល​ឪពុក​លោក​ធ្វើ​តាំងពី​ឆ្នាំ ១៩៨៥​មក​។ សម្រាប់​យុវជន​រូបនេះ ដ្បិត​ខ្លួន​ចេះ​បន្តបន្ទាប់​ការងារ​ចម្លាក់​លោហៈ​នេះ តាំងពី​អាយុ​១២​ឆ្នាំ​មក ប៉ុន្តែ​បើ​ធៀប​នឹង​ទំហំ​ចិត្ត​ស្រឡាញ់ មិនធំ​ធេង​ដូច​ឪពុក​ខ្លួន​នោះទេ​។ ម្ល៉ោះហើយ​បានជា​លោក សុខចិត្ត​ទទួលយក​ការងារ​នេះ​ជំនួស​អ្នកមានគុណ​។ «​តាំងពី​កើតមក​ឃើញតែ​គ្រួសារ​ធ្វើការ​ងារ​នេះ ចង់​ឬ​មិន​ចង់ កើត​ក្នុង​គ្រួសារ ជាងចម្លាក់​ត្រូវតែ​ចេះ​។ ពុក​ខ្ញុំ​ចាស់​ហើយ កូនៗ​មិន​ចង់​ឲ្យ​គាត់​លំបាក​ទៀត ព្រោះ​ការងារ​នេះ​ត្រូវ​ចំណាយពេល​យូរ ទម្រាំ​ឆ្លាក់​ក្បាច់​បាន​មួយៗ ក៏​ឲ្យ​គាត់​ឈប់​ធ្វើ ហើយ​ខ្ញុំ​អ្នកទទួលខុសត្រូវ​ជំនួស​វិញ​»​។ នេះ​បើតាម​លោក វ៉ាន់ ស៊ីថា​។ 

​ការសម្រេចចិត្ត​របស់ លោក វ៉ាន់ ស៊ីថា បានធ្វើ​ឲ្យ​ឪពុក​របស់លោក​សប្បាយ​ចិត្តជា​ខ្លាំង ព្រោះ​គាត់​រំពឹងថា នឹងមាន​កូនចៅ ស្នងការ​ងារ​នេះ​បន្ត​ពី​ខ្លួន​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ស៊ីថា ដែល​បាន​បន្តទៀតថា លោក​កាន់តែ​ស្រលាញ់ និង​ចង់​រក្សា​មុខរបរ​អត្តសញ្ញាណ​ខ្មែរ​នេះ ឲ្យ​អ្នកជំនាន់ក្រោយ​បាន​ស្គាល់​ផងដែរ បន្ទាប់ពី​មើល​ខុសត្រូវ​ផ្ទាល់​ការងារ​ក្នុង​សិប្បកម្ម​បាន​ជាង​២​ឆ្នាំ​មក​។

ក្អមធ្វើពីស្ពាន់ក្បាច់ភ្ញីទេស

​យុវជន​វ័យ ២៩​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ប្រាប់​ThmeyThmey25​ទៀតថា ក្នុងចំណោម​បងប្អូន​៩​នាក់​របស់ខ្លួន មានតែ​៣​នាក់​ប៉ុណ្ណោះ​ដែល​ចេះ​ចម្លាក់​លោហៈ នោះ​គឺ​លោក ស៊ីថា ផ្ទាល់ និង​បងប្អូន​លោក​២នាក់​ទៀត​។ ចំណែក​សមា​ជិ​គ្រួសារ​ផ្សេង មិន​ចំណូល​ការងារ​នេះ​ទេ ដ្បិត​ការងារ​នេះ​ទាមទារ​ការស្រលាញ់ និង​អត់ធ្មត់​ខ្ពស់ គួបផ្សំ​នឹង​ទេពកោសល្យ​ពី​ធម្មជាតិ​ផង​។ ទម្រាំ​ចេញ​លទ្ធផល​ចម្លាក់​មួយៗ ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ និង​ខ្លះ​ដល់​រាប់​ខែ​ក៏មាន​។ នេះ​ជាការ​បន្ថែម​របស់លោក ស៊ីថា ដោយ​បញ្ជាក់​ដូច្នេះ ៖«​ក្នុង​គ្រួសារ​អ្នក​ចម្លាក់​ក៏ដោយ តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​ចេះ​ឆ្លាក់​បានល្អ​នោះទេ​។ ដូច​ខ្ញុំ​អីចឹង មាន​បងប្អូន​៩​នាក់ តែ​សព្វថ្ងៃ​អ្នកចេះ​ធ្វើ​ចម្លាក់​នេះ មានតែ​ខ្ញុំ និង​បងប្អូន​២​នាក់​ទៀត​ប៉ុណ្ណោះ​។ អ្នកផ្សេង​គេ​មិន​ចូលចិត្ត​ការងារ​នេះ និង​មិនមាន​ទេពកោសល្យ​ផង​»​។​

​យ៉ាងណាក៏ដោយ ការគាំទ្រ​ចម្លាក់​លោហៈ ដែលមាន​វត្ថុធាតុដើម​ដូចជា​ប្រាក់ ស្ពាន់ ទង់ដែង​ជាដើម នាពេល​បច្ចុប្បន្ននេះ មិន​ផុសផុល​ដូច​កាលពី​ប្រមាណ​១០​ឆ្នាំមុន​នោះទេ​។ នេះ​បើតាម​លោក វ៉ាន់ ស៊ីថា ដែល​បាន​ពន្យល់​បន្តថា កាល ១០​ឆ្នាំមុន ការបញ្ជាទិញ​មាន​ច្រើន ទាំង​នៅក្នុង​ស្រុក និង​ក្រៅប្រទេស ហើយ​គ្រួសារ​លោក​ពីមុន ក៏​ធ្វើជា​ប្រចាំ​ដាក់ តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​អាច​នាំ​ចេញទៅ​ប្រទេស​ថៃ​ផងដែរ​។ តែ​ឥឡូវ​វិញ ទាល់​តែមាន​អ្នកបញ្ជា​ទិញ ទើប​លោក ស៊ីថា​ធ្វើ សម្រាប់​អតិថិជន​។ 



​ដ្បិត​គ្មាន​មូលហេតុ​លម្អិត ពី​មូលហេតុ​នៃ​ការធ្លាក់ចុះ​ការគាំទ្រ​របស់​ពលរដ្ឋ ប៉ុន្តែ​បើតាម​អ្នកគ្រប់គ្រង​រូបនេះ តម្លៃ​ចម្លាក់​ខ្ពស់ បូកផ្សំ​នឹង​ការស្រឡាញ់ ឬ​ការប្រែប្រួល​រស​និយម​នៅក្នុង​សង្គម អាចជា​មូលហេតុ​ចម្បង​ដែរ​។  លោក ស៊ីថា បន្ថែមថា​៖«​វត្ថុ​(​ចម្លាក់​)​ទាំងនេះ មានតម្លៃ​ខ្ពស់​បន្តិច អាច​ចាប់ពី​១០០​ដុល្លារ ដល់​១​ម៉ឺន​ដុល្លារ​។ ហើយ​ភាគច្រើន​ទាល់តែ​អ្នក​ស្រលាញ់​ចម្លាក់​ខ្លាំង ឬ​អ្នកមាន​ជីវភាព​ធូរធារ​ទើប​គេ​ទិញ ដើម្បី​យកទៅ​តាំង​ក្នុងផ្ទះ​។ មួយផ្នែក​ទៀត លក់​ទៅខាង​សម្អាងការ​»​។ 

​ក្រៅពី​ធ្លាក់ចុះ​ការនិយម អ្នកចេះ​ឆ្លាក់ ក៏​កាន់តែ​ថយចុះ​ដែរ ខណៈ​កូនចៅ​ក៏​មិន​ច្រើន​ដែល​ស្រវាស្រទេញ ការងារ​ចម្លាក់​លោហៈ​នេះ​។ ការណ៍​នេះ ធ្វើ​ឲ្យ​លោក ស៊ីថា បារម្ភ​ជាខ្លាំង ខណៈ​អ្នក​ចង់​ចេះដឹង​ក៏​តិចតួច​។ «​បច្ចុប្បន្ន​ពិបាក​រក​អ្នក​ចង់​រៀន​ណាស់ សូម្បី​បង្រៀន​មិន​យកប្រាក់ ក៏​មិនមាន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របសលោក វ៉ាន់ ស៊ីថា​៕









ព័ត៌មានទាក់ទង