Thmey Thmey 25
ព្រះសង្ឃនៅវត្តសិរិសាគរ ដូនស្ដើង ដាំបន្លែ និងឈើហូបផ្លែ ជាង១០មុខក្នុងបរិវេណវត្ត
07/01/2021 9:00 am ព្រៃវែង ភ្នំពេញ៖ ព្រះតេជគុណ អ៊ឹម ទៀង ចៅអធិការវត្តសិរិសាគរ ដូនស្ដើង ស្ថិតក្នុងភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានដាំបន្លែធម្មជាតិ និងឈើហូបផ្លែ ជាង១០មុខ នៅក្នុងបរិវេណវត្ត ដើម្បីផ្គត់ផ្គង់ដល់ការទទួលទានក្នុងវត្ត និងបានធ្វើជាគំរូដល់ពលរដ្ឋរស់នៅតំបន់ជុំវិញនោះ។ ព្រះតេជគុណ អ៊ឹម ទៀង មានសង្ឃដីកាប្រាប់សារព័ត៌មាន Thmeythmey25ថា ការងារដាំដុះនេះ បានចាប់ផ្តើមប្រមាណ២០ឆ្នាំមកហើយ ដោយមានបន្លែ និងផ្លែឈើ ដូចជា ពោត,ត្រប់, ចេក, ប៉េងប៉ោះ, ស្ពៃ, ខាត់ណា, ផ្ទី, ល្ហុង, ខ្នុរ, ក្រូចឆ្មារ, ដូង, ស្វាយ និងក្រូចពោធិ៍សាត់ជាដើម។ ក្រៅពីបន្លែ និងផ្លែឈើ នៅក្នុងបរិវេណវត្តសិរិសាគរ ដូនស្ដើង ក៏មានដាំប្រភេទឈើព្រៃផ្សេងៗជាង៣ពាន់ដើម និងមានរៀបចំសួនផ្កាចម្រុះផងដែរ ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថាននៅក្នុងវត្ត។

ព្រះចៅអធិការ និងព្រះសង្ឃជាង២០អង្គ ដែលគង់នៅវត្តសិរិសាគរ ដូនស្ដើង ដែលមានទីតាំងស្ថិតក្នុងភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានដាំដុះបន្លែ និងដើមឈើហូបផ្លែជាច្រើនប្រភេទ នៅក្នុងបរិវេណវត្ត។ បន្លែបង្ការទាំងនោះមានដូចជា ពោត,ត្រប់, ចេក, ប៉េងប៉ោះ, ស្ពៃ, ខាត់ណា, ផ្ទី, ល្ហុង, ខ្នុរ, ក្រូចឆ្មារ, ដូង, ស្វាយ និងក្រូចពោធិ៍សាត់ជាដើម។ ក្រៅពីនោះ ក៏មានដើមឈើហូបផ្លៃ និងឈើព្រៃផ្សេងៗជាង៣ពាន់ដើម និងសួនផ្កាចម្រុះផងដែរ។

ព្រះតេជគុណ អ៊ឹម ទៀង ព្រះចៅអធិការវត្តសិរិសាគរ ដូនស្ដើង ដែលផ្តួចផ្តើមការងារនេះ មានសង្ឃដីកាប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទថា ការដាំបន្លែ និងផ្លែឈើនៅក្នុងវត្តសិរិសាគរ ដូនស្ដើង បានចាប់ផ្តើមតាំងពីឆ្នាំ២០០០មកម្ល៉េះ ពោលគឺមានរយៈពេលប្រមាណ២០ឆ្នាំមកហើយ។ ព្រះចៅអធិការ វត្តសិរិសាគរ ដូនស្ដើង មានសង្ឃដីកាដូច្នេះថា បច្ច័យដែលចំណាយលើការទិញគ្រាប់ពូជ និងសម្ភារមួយចំនួនសម្រាប់ដាំបន្លែ និងផ្លែឈើ ជាបច្ច័យផ្ទាល់របស់ព្រះអង្គ ដែលបានពីការសូត្រមន្ត និងទេសនា និងបង្សុកូលជាដើម។ ប៉ុន្តែព្រះអង្គ មានសង្ឃដីកាបញ្ជាក់ថា ការចំណាយអស់តិចតួចប៉ុណ្ណោះ។


ព្រះតេជគុណ អ៊ឹម ទៀង ចៅអធិការវត្តសិរិសាគរ ដូនស្ដើង

ចៅអធិការវត្ត សិរិសាគរ ដូនស្ដើង មានសង្ឃដីកាបន្តថា មូលហេតុដែលព្រះអង្គ ផ្តួចផ្ដើមឲ្យព្រះសង្ឃដែលគង់ក្នុងវត្តធ្វើកសិកម្មដាំបន្លែ ព្រោះមិនចង់ទិញបន្លែ ផ្លែឈើ ដែលអាចមានផ្ទុកសាធារតុគីមីប៉ះពាល់ដល់សុខភាពពីទីផ្សារច្រើនពេក។ ព្រះតេជគុណ អ៊ឹម ទៀង មានសង្ឃដីកាប្រាប់ ThmeyThmey25 ថា៖«ដាំបន្លែធម្មជាតិក្នុងវត្តនេះ ព្រោះមិនចង់នាំបន្លែគីមីចូលមកក្នុងវត្ត ដែលអាចប៉ះពាល់ដល់សុខភាពអ្នករស់នៅក្នុងវត្តរបស់យើង ដែលមានជាង២០នាក់ ទាំងព្រះសង្ឃ និងកូនសិស្ស។ សុខភាពជាទ្រព្យដ៏សំខាន់សម្រាប់ជីវិត ដូច្នេះការទទួលទានរបស់ដែលគ្មានជាតិគីមី គឺល្អបំផុតសម្រាប់សុខភាព»។
ក្រៅពីនេះ ការដាំបន្លែ ផ្លែឈើ ក្នុងទីអារាម ក៏ជួយកាត់បន្ថយចំណាយបច្ច័យវត្តបានមួយចំណែកដែរ។ នេះជាសង្ឃដីកាបន្ថែមរបស់ព្រះចៅអធិការវត្ត សិរិសាគរ ដូនស្ដើង ដោយព្រះអង្គមានសង្ឃដីកាបន្តថា បន្លែ និងដំណាំទាំងអស់នោះ ក៏បានបង្កើតសោភណភាព និងបរិស្ថានល្អបំព្រងនៅក្នុងទីអារាមរបស់ព្រះអង្គផងដែរ។

តាមចៅអធិការវត្តសិរិសាគរ ដូនស្ដើង ដដែលក្រៅពីសម្រាប់ព្រះសង្ឃ និងកូនសិស្សនៅគង់ និងស្នាក់នៅក្នុងវត្ត ឆាន់/ទទួលទាន បន្លែ ផ្លែឈើ មួយចំនួន ក៏ត្រូវបានផ្តល់ជាទានចែកជូនដល់បរិស័ទដែលរស់នៅក្បែរទីអារាមផងដែរ។ 



ព្រះចៅអធិការអង្គនេះ មើលឃើញថា នៅពេលព្រះអង្គចាប់ផ្ដើមដាំបន្លែដូចនេះ វាក៏បង្កើតបានជាគំរូល្អមួយ ក្នុងមូលដ្ឋាន ដើម្បីបង្ហាញប្រជាពលរដ្ឋដែលខ្វះខាត និងជីវភាពនៅមានកម្រិត មិនគួរចំណាយប្រាក់ទិញបន្លែគីមីចូលក្នុងផ្ទះ រួចចាប់ផ្ដើមដាំបន្លែធម្មជាតិដោយខ្លួនឯងវិញ។ ហើយគំរូល្អមួយនេះ បានជំរុញឲ្យពលរដ្ឋប្រមាណ៣០ភាគរយ ក្នុងស្រុកព្រះស្ដេច ឲ្យធ្វើតាម។ ក្នុងនោះក៏មានវត្តអារាមមួយចំនួនក្នុងខេត្តព្រៃវែង បានសរសើរ និងធ្វើតាមវត្តសិរិសាគរផងដែរ។ នេះបើតាមការឲ្យដឹងពីពុទ្ធបរិសទ ដែលមកវត្តសិរិសាគរ។

ព្រះតេជគុណ ក៏ព្រះទ័យរីករាយដែរ ដែលសកម្មភាពដាំដុះបន្លែ និងផ្លែឈើ ក្នុងទីអារាម ត្រូវបានវត្តផ្សេងៗនៅក្នុងស្រុកព្រះស្តេចសរសើរ ហើយក៏បានបង្ហាញគំរូល្អដល់ពលរដ្ឋនៅតំបន់នោះផងដែរ។ 

ទាក់ទងនឹងការងារដាំបន្លែ ផ្លែឈើនេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានសរសើរពីសកម្មភាពដែលព្រះសង្ឃ ចូលរួមចំណែកក្នុងការដាំបន្លែក្នុងទីវត្តអារាមបែបនេះ។ លោក សុមុនី ថានេះជាសកម្មភាពល្អរបស់ព្រះសង្ឃ ដោយមិនពឹងផ្អែកតែលើការប្រគេនចង្ហាន់ ពីពុទ្ធបរិសទ ឬការនិមន្តបិណ្ឌបាត្រនោះ។ អ្នកនាំពាក្យក្រសួងធម្មការ បន្តដូច្នេះ៖«វាជាចំណុចល្អ ការងារដែលព្រះសង្ឃធ្វើនេះ គេហៅថាការងារសង្គម ហើយគណៈសង្ឃគ្រប់ព្រះអង្គអាចធ្វើបាន ព្រោះគ្មានទាស់ខុសអ្វីឡើយ។ ការងារកសិកម្មនេះ មិនមែនតែព្រះសង្ឃក្នុងពេលបច្ចុប្បន្នទេអាចធ្វើបាន តែមានយូរមកហើយ»។


លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

បើតាមលោក សេង សុមុនី បច្ចុប្បន្ននេះ មានទីអារាមជាច្រើនដែលបានចាប់ផ្ដើមធ្វើការងារសង្គម ពិសេសការដាំបន្លែ ដាំដើមឈើ រៀបចំសួនផ្កា និងសោភណភាពក្នុងវត្តឲ្យមានបរិយាកាសបរិសុទ្ធធម្មជាតិ ហើយក៏ទទួលបានកិត្តិនាមថាជាវត្តគំរូផងដែរ។ ដ្បិតមិនបញ្ជាក់ពីចំនួនវត្តគំរូ ក្នុងការដាំបន្លែ និងរៀបចំសោភណភាពក្នុងទីអារាម ប៉ុន្តែអ្នកនាំពាក្យក្រសួងធម្មការ បានបន្តអំពាវនាវដល់គណៈសង្ឃនៅតាមទីវត្តអាមដទៃទៀត ឲ្យងាកមកដាំដុះបន្លែធម្មជាតិ និងផ្លែឈើក្នុងបរិវេណវត្ត សម្រាប់ផ្គត់ផ្គង់ក្នុងទីអារាម និងអាចធ្វើទានដល់បរិស័ទចំណុះជើងវត្តផងដែរ៕









 
ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com