អ្នកស្រី មឿន ទី កំពុងកាក់កបនឹងការលក់នំបញ្ចុកទឹកប្រហុកនៅជិតប្រាសាទអង្គរវត្ត

18/02/2021 11:00 am សៀមរាប

សៀមរាប៖  អ្នកស្រី  មឿន ទី  បានលក់នំបញ្ចុកទឹកប្រហុកនៅជិតអង្គរវត្ត ខេត្តសៀមរាបប្រមាណ១ឆ្នាំហើយ។ អាជីវករវ័យ៣០ឆ្នាំរូបនេះ បានប្រាប់ថា ក្រោយលក់មាន់អាំងមិនកាក់កប អ្នកស្រី ក៏បានដូរមកលក់នំបញ្ចុកទឹកប្រហុកវិញ ព្រោះរបរនេះមិនសូវមានអ្នកលក់ និងកំពុងពេញនិយមពីភ្ញៀវទេសចរនៅខេត្តសៀមរាប។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង អ្នកស្រី មឿន ទី អ្នកលក់នំបញ្ចុកទឹកប្រហុក ជាមួយ កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានThmeyThmey25 ដូចតទៅ៖ 
 


នំបញ្ចុក មានបន្លែស្រុះដូចជា ត្រកួន ស្ពៃក្ដោប សណ្ដែកបណ្ដុះ និងសណ្ដែកកួរ ឬអាចបន្ថែមជាមួយត្រីអាំង ស្រូបជាមួយទឹកប្រហុក មានរសជាតិប្លែក ឆ្ងាញ់មួយបែបពីនំបញ្ចុកទឹកសម្ល។ ក្នុងមួយថ្ងៃ អ្នកស្រី ទី លក់នំបញ្ចុកអស់ប្រមាណ ៥០គីឡូក្រាម និងបានចំណូលពី ៣០ទៅ៤០ម៉ឺនរៀល។  

ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 អ្នកស្រី ទី បានឱ្យដឹងថា ចំណុចពិសេស របស់នំបញ្ចុកទឹកប្រហុកនេះ គឺលើរសជាតិនៃទឹកប្រហុក និងនំបញ្ចុករោយភ្លាមៗ។« ពេលយើងដាក់នំបញ្ចុកថ្មីៗអីចឹងទៅ ញាំទៅត្រូវគ្នាជាមួយទឹកប្រហុក មានបន្លែ មានត្រីអីចឹងទៅវាឆ្ងាញ់ តែបើយើងធ្វើនំបញ្ចុកទុក វាកកៗ មិនសូវឆ្ងាញ់ទេ»។ នេះជាការអះអាងរបស់ អ្នកស្រី មឿន ទី។

 

ចំណែកការកែច្នៃទឹកប្រហុកវិញ អ្នកស្រី ទី បានសួរពីអ្នកភូមិ និងច្នៃខ្លួនឯងបន្ថែម។ អ្នកស្រី បានរៀបរាប់ដូច្នេះថា៖«និយាយទៅ ខ្ញុំមិនបានរៀនអីទេ គ្រាន់ថាយើងធ្លាប់ញាំ យើងច្នៃខ្លួនឯងខ្លះដែរ ហើយពេលខ្លះយើងអត់សូវយល់អីចឹង ព្រោះយើងធ្លាក់លក់តែមាន់អាំង ដល់ពេលយើងដូរមកលក់នំបញ្ចុកវិញវាពិបាក ខ្ញុំនឹកឃើញថាយើងចង់ចេះអីចឹងទៅ យើងសួរគេខ្លះ ច្នៃខ្លួនឯងខ្លះទៅ»៕






 

ព័ត៌មានទាក់ទង