សត្វស្លាបរាប់ម៉ឺនក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ទាក់ទាញទេសចរកាន់តែច្រើន

13/01/2021 3:00 pm តាកែវ

ភ្នំពេញ៖ តំបន់ការពារទេសភាពព្រែកល្ពៅ ជាទីការពារសត្វស្លាបទឹកមួយកន្លែង ស្ថិតក្នុងស្រុកកោះអណ្ដែត និងស្រុកបុរីជលសារ នៃខេត្តតាកែវ។ លោក លឹម វ៉ាត់ នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmeythmey25ថា រយៈពេល២ខែចុងក្រោយនេះ តំបន់ការពារពពួកសត្វស្លាប បានទាក់ចិត្តអ្នកស្រលាញ់ធម្មជាតិកាន់តែច្រើន ឲ្យមកទស្សនាពពួកសត្វស្លាបទឹក និងព្រៃលិចទឹក បើទោះបីជាទីតាំងនេះ ពុំទាន់បានរៀបចំសេវាកម្មទេសចរណ៍រួចរាល់ក៏ដោយ។



ក្នុងឆ្នាំ២០២០ មានភ្ញៀវទេសចរប្រមាណជាង ២០០នាក់ បានមកទស្សនាសត្វស្លាប និងព្រៃលិចទឹក នៅតំបន់ការពារទេសភាពព្រែកល្ពៅ ខេត្តតាកែវ។ នេះបើតាម លោក លឹម វ៉ាត់ នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទ។ លោក លឹម វ៉ាត់ បានឲ្យដឹងទៀតថា ភ្ញៀវដែលទៅតំបន់នេះ តែងតែជក់ចិត្តនឹងទស្សនីយភាពសត្វស្លាបទឹករាប់ម៉ឺនក្បាល និងព្រៃលិចទឹក ក៏ដូចជាធម្មជាតិនៅតំបន់នេះដែរ។ 

បើតាមលោក លឹម វ៉ាត់ វត្តមានសត្វស្លាបរាប់ម៉ឺនក្បាលនៅទីនេះ គឺជាផ្ទាំងទស្សនីយភាពដ៏ប្លែកមួយ ហើយដែលបានទាក់ទាញទេសចរកាន់តែច្រើន ឲ្យទៅកម្សាន្តនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។ ទោះជាចាប់ផ្តើមមានលំហូរទេសចរទៅកម្សាន្តក៏ពិតមែន ប៉ុន្តែតំបន់ទេសចរធម្មជាតិមួយនេះ នៅមិនទាន់បានរៀបចំឲ្យក្លាយជាតំបន់ទេសចរណ៍ និងមានសេវាកម្មទេសចរណ៍ត្រឹមត្រូវនៅឡើយទេ។ កិច្ចការនេះ គឺស្ថិតនៅក្នុងការគិតគូរនៅឡើយ។ លោក លឹម វ៉ាត់ បន្ថែមដូច្នេះ៖«តំបន់ការពារមួយនេះ មិនទាន់ជាតំបន់ទេសចរណ៍ផ្លូវការនោះទេ គឺកំពុងស្ថិតនៅក្នុងដំណើរការនៅឡើយ។ ប៉ុន្តែយើងមើលឃើញថា មានអ្នកទេសចរជាបន្តបន្ទាប់ដែលបានស្នើសុំមកទស្សនានៅទីតាំងនេះ។ ពុំមានសេវាកម្មទេសចរណ៍ក៏ដោយ ប៉ុន្តែយើងអាចជូនអ្នកទេសចរដើរមើលសត្វស្លាបក្នុងតំបន់នេះបានផងដែរ»។ 



ទាក់ទងនឹងការទស្សនាសត្វស្លាបនៅតំបន់នេះ លោក ឈឿន សុជាតិ ដែលជាប្រធានក្រុមឧទ្យានុរក្ស នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ទេសចរអាចជិះទូកគយគន់សត្វស្លាបនៅទីនេះបានយ៉ាងរីករាយផងដែរ។  ក្នុងនាមលោកជាអ្នកការពារ និងអភិរក្សសត្វស្លាបជាង៤ឆ្នាំមកនេះ លោក សុជាតិ មានក្តីរំភើបក្រៃលែង ដែលសត្វស្លាប់នៅតំបន់ការពារបឹងព្រែកល្ពៅ កាន់តែទទួលបានការចាប់អារម្មណ៍ ពីមហាជន ពិសេសពេលឮទេសចរពោលសរសើរពីទស្សនីយភាពហ្វូងសត្វស្លាប ដ៏សន្ធឹកសន្ធាប់នៅទីនេះ។ លោក ឈឿន សុជាតិ បន្តដូច្នេះ៖«ភ្ញៀវដែលបានមកទស្សនាទិដ្ឋភាពនៅបឹងព្រែកល្ពៅ បានឃើញពពួកសត្វស្លាប ហើយពិសេសសត្វក្រៀលដែលពួកគាត់ចង់ឃើញហើយនោះ តែងបង្ហាញពីភាពភ្ញាក់ផ្អើល និងពោលពាក្យសរសើរ ពីភាពសម្បូរបែបនៃពពួកសត្វស្លាបជាច្រើននៅទីនេះ»។ 

លោក នៃ សៅ ជាអ្នកទេសចរមកពីខេត្តកែបមួយរូប លោកប្រាប់សារព័ត៌មាន ThmeyThmey25 តាមរយៈទូរស័ព្ទថា រូបលោកពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ពីភាពសម្បូរបែបនៃពពួកសត្វស្លាបជាច្រើនប្រភេទ នៅតំបន់ការពារទេសភាពព្រែកល្ពៅ ហើយលោកក៏សប្បាយចិត្តផងដែរ ដែលលោកបានឃើញពីទិដ្ឋភាពយ៉ាងស្រស់ស្អាត និងរស់រវើកពីសត្វស្លាបនៅទីនោះ។ លោកលោក នៃ សៅ បានបន្ថែមយ៉ាងដូច្នេះទៀតថា៖ «ពិតជាមិនគួរឲ្យជឿនោះទេ ដែលតំបន់ការពារមួយនេះ អាចការពារ និងអភិរក្សសត្វស្លាប ជាច្រើន ជាពិសេសសត្វក្រៀល ដែលខ្ញុំចង់ឃើញ ហើយបានឃើញពួកវា»។




គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានប្រភេទសត្វស្លាបព្រៃរាប់ម៉ឺនក្បាល និងសត្វស្លាបជាង ៧០ប្រភេទកំពុងរស់នៅ ហើយតំបន់ដីសើមបឹងព្រែកល្ពៅ ខេត្តតាកែវមួយនេះ ជាប្រភពចំណី ជម្រកដ៏មានសុវត្ថិភាព សម្រាប់សត្វស្លាបទឹកពងកូន និងបន្តពូជ៕

រូបភាពពី​ លោក ឈឿន សុជាតិ ប្រធានឧទ្យានុរក្សនៃតំបន់ការពារបឹងព្រែកល្ពៅ 




ព័ត៌មានទាក់ទង