Thmey Thmey 25
កសិផល៦មុខ ដែលមានបរិមាណជាង៨.៥លានតោនត្រូវបានកម្ពុជានាំចេញ គិតជាប្រាក់ជាង ២,៣២១លានដុល្លារ
26/12/2020 10:00 am ភ្នំពេញ ភ្នំពេញ៖ ក្នុងឆ្នាំ២០២០នេះ កម្ពុជាទទួលបានទិន្នផលជាង១៣លានតោន ពីដំណាំកសិ-ឧស្សាហកម្មសក្តានុពលចំនួន៦មុខ។ តាមរបាយការណ៍ដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដំណាំទាំង៦មុខនោះ គឺដំឡូងមី, ស្វាយ, ស្វាយចន្ទី, ចេកអំបូងលឿង, មៀនប៉ៃលិន និងដំណាំម្រេច។ ក្នុងចំណោមបរិមាណដំណាំដែលប្រមូលផលបាន មានដំណាំជាង៨.៥លានតោនហើយ ដែលត្រូវបានកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ បើគិតជាទឹកប្រាក់នាំចេញប៉ាន់ស្មាន តម្លៃសរុបជាង ២,៣២១លានដុល្លារ។ នេះបើតាមតួលេខនៅក្នុងរបាយការណ៍ដដែល។


នៅក្នុឆ្នាំ២០២០នេះ ដំណាំកសិ-ឧស្សាហកម្មសក្តានុពលរបស់កម្ពុជាចំនួន ៦មុខ បានហុចទិន្នផលសរុបជាងជាង ១៣.៤៨ លានតោន។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  ដំណាំកសិ-ឧស្សាហកម្មទាំង៦មុខនោះគឺដំឡូងមី, ស្វាយ, ស្វាយចន្ទី,ចេកអំបូងលឿង,មៀនប៉ៃលិន និងម្រេច។ 

បើតាមរបាយការណ៍ដដែល ដំណាំដំឡូងមីឆ្នាំនេះ បានផ្តល់ទិន្នផលចំនួន ១១,១៨៥,០៦៩តោន ខណៈដំណាំស្វាយចន្ទី បានផ្តល់ទិន្នផលសរុប ២៤២,១៧៧តោន។ ចំណែកឯស្វាយដ៏មានសក្តានុពលរដ្ឋមួយទៀតនោះ ឆ្នាំ២០២០នេះ ផ្តល់ទិន្នផលសរុបបានចំនួន ១,៤០០,៩១៤តោន ស្របពេលដែលដំណាំចេកអំបូងលឿង ហុចផលបានចំនួន ៤៧៨ ៣៥០តោន។ មៀនប៉ៃលិនក៏ត្រូវបានបញ្ចូលទៅក្នុងដំណាំកសិ-ឧស្សាហកម្មមួយដែររបស់កម្ពុជា ដោយឆ្នាំ២០២០នេះ ដំណាំដ៏មានសក្តានុពលនេះ ផ្តល់ទិន្នផលសរុប បានចំនួន ១៥៩ ៨៣៣តោន រីឯម្រេច ហុចផលសរុប១៨,៨២៩តោន។

ក្រៅពីបង្ហាញទិន្នផលសរុប នៃប្រភេទដំណាំនីមួយៗ របាយការណ៍ដដែល ក៏បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាក៏បាននាំចេញ ផលិតផលកសិ-ឧស្សាហកម្ម ទាំង ៦មុខនោះ ក្នុងបរិមាណជាង ៨.៥៥លានតោនផងដែរ ទៅកាន់ទីផ្សារអន្តរជាតិ។ គិតជាទឹកប្រាក់ប៉ាន់ស្មានមានតម្លៃសរុប ២,៣២១,៩៣០,៤០០លានដុល្លារ។ 

តាមរបាយការណ៍ដដែល ផ្ទៃដីដាំដុះដំណាំដំឡូងមី មាន ៦៥ម៉ឺនហិកតា ជាមធ្យមទទួលបានទិន្នផល ១៩តោនក្នុងមួយហិកតា។ សម្រាប់ដំណាំស្វាយចន្ទី មានផ្ទៃដីដាំដុះ ប្រមាណជាង ២៣ម៉ឺនហិកតា ទទួលបាន ទិន្នផលជាមធ្យម   ១,៤តោនក្នុងមួយហិកតា។   ដោយឡែកដំណាំស្វាយ មានផ្ទៃដីដាំដុះ ប្រមាណ ១២ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម ១,៥ម៉ឺនតោនក្នុងមួយហិកតា។ រីឯដំណាំចេកអំបូងលឿង មានផ្ទៃដីប្រមូលផល ១,៥ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម ៣០តោន ក្នុងមួយហិកតា។ ចំពោះដំណាំមៀនប៉ៃលិន ឬតាង៉ែន វិញ មានផ្ទៃដីដាំដុះ ១,៤ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម ១,៣ម៉ឺនតោន ក្នុងមួយហិកតា។ ដោយឡែកដំណាំម្រេច មានផ្ទៃដីដាំដុះ ជាង ៦ពាន់ហិកតា ទទួលបានទិន្នផល ជាមធ្យម ៣ពាន់តោន ក្នុងមួយហិកតា៕
 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com