ការស្ដារឡើងវិញដំណាំស្រូវក្នុងខេត្តពោធិ៍សាត់សម្រេចបាន ៧៥ភាគរយ

02/12/2020 12:00 pm ពោធិ៍សាត់

ការងារស្ដារឡើងវិញដំណាំស្រូវក្នុងខេត្តពោធិ៍សាត់ សម្រេចបាន ៧៥ភាគរយហើយ លើផ្ទៃដីស្រែប្រមាណ២ម៉ឺនហិកតាដែលបានខូចខាតដោយគ្រោះទឹកជំនន់កន្លងមក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់។



លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ដែលបានចុះពិនិត្យការងារស្ដារដំណាំស្រូវ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានឲ្យThmeythmey25ដឹងថា បច្ចុប្បន្នការងារស្តារដំណាំស្រូវឡើងវិញ សម្រេចបានជាង ៧៥ភាគរយ លើផ្ទៃដីដែលខូចខាត។ ផ្ទៃដីដែលនៅសេសសល់ នឹងបន្តស្តារឡើងវិញឲ្យសម្រេចបាន ១០០ភាគរយ ក្នុងពេលឆាប់ៗនេះ។ 
 
បើតាមរបាយការណ៍មន្ទីរកសិកម្ម ដំណាំស្រូវដែលខូចខាតដោយទឹកជំនន់នៅខេត្តពោធិ៍សាត់ រួមមាននៅស្រុកបាកាន ជាង ៩ពាន់ហិកតា, ស្រុកកណ្តៀងប្រមាណ ៦ពាន់ហិកតា និងក្រុងពោធិ៍សាត់ មានជាង ៦ពាន់ហិកតា។

សូមរំឭកថា ដើម្បីស្តារដំណាំស្រូវ និងដំណាំរួមផ្សំ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្រសួងកសិកម្ម បានចែកពូជស្រូវចំនួន ៦,៤៣៤តោន និងពូជបន្លែជិត ៥៦ម៉ឺនកញ្ចប់ ទៅដល់កសិករ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក។ នេះបើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២២វិច្ឆិកា កន្លងមក។

គ្រោះទឹកជំនន់កន្លងមក បានប៉ះពាល់នៅរាជធានី-ខេត្តចំនួន២០ ក្នុងនោះមានពលរដ្ឋប្រមាណ ៦០ម៉ឺននាក់ រងផលប៉ះពាល់, មនុស្ស៤៤នាក់ បានបាត់បង់ជីវិត  និងដំណាំកសិកម្មប្រមាណ ៣៨ម៉ឺនហិកតាត្រូវបានជន់លិច៕

  
 

ព័ត៌មានទាក់ទង