១១ខែ រមណីយដ្ឋានអង្គរទទួលបានទេសចរបរទេសជិត៤០ម៉ឺននាក់ រីឯចំណូលធ្លាក់ជិត៨០ភាគរយ

02/12/2020 10:00 am សៀមរាប

ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០នេះ មានភ្ញៀវបរទេសតែចំនួន ៣៩៩,៧២០នាក់ប៉ុណ្ណោះ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្ករ។ ចំនួននេះ ថយចុះជិត៨០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែធ្នូនេះ ចំណូលពីការលក់សំបុត្រ គឺបានតែ ១៨ ៦០២ ២៨៥ដុល្លារប៉ុណ្ណោះ ពោលចំណូលធ្លាក់ចុះ ជិត៨០ភាគរយដែរ ធៀបនឹងឆ្នាំ២០១៩។



នៅក្នុងខែវិច្ឆិកាកន្លងទៅវិញ ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ គឺមានតែចំនួន ៥២,៣៨០ដុល្លារប៉ុណ្ណោះ ពីភ្ញៀវបរទេសចំនួន ១,២៣៥នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ។ សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងដូច្នេះ។  

ក្រៅពីរមណីយដ្ឋានអង្ករ ប្រាសាទកោះកែរ ដែលស្ថិតនៅខេត្តព្រះវិហារ ក៏មានចំណូលពីការលក់សំបុត្រចូលទស្សនាដែរ។ តាមប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដដែល រយៈពេល១១ខែកន្លងមកនេះ ចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ មានចំនួន ៩០,៣៤០ដុល្លារ ពីទេសចរបរទេសចំនួន ៩,០៣៤នាក់។ 

សូមជម្រាបថា ប្រាក់ចំណូលមួយផ្នែកដែលបានពីការលក់បណ្ណ គឺត្រូវបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផាផងដែរ ហើយរយៈពេល១១ខែមកនេះ គឺបានឧបត្ថម្ភទឹកប្រាក់ជិត ៨០ម៉ឺនដុល្លារហើយចូលមូលនិធិគន្ធបុប្ផា៕

 

ព័ត៌មានទាក់ទង