១១ខែ កម្ពុជានាំចេញអង្ករ ៦០ម៉ឺនតោន កើនជិត១៧ភាគរយ

02/12/2020 9:00 am ភ្នំពេញ

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន៦០១, ០៤៥ តោនទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណ ៦០ប្រទេស។ ចំនួននេះកើនចំនួន ៨៦,៨៩៦ តោន ឬស្មើនឹង ១៦,៩០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានចំនួន ៥១៤,១៤៩ តោន។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម សរសេរនៅគណនីហ្វេសប៊ុករបស់ខ្លួន។



តាមលោក វេង សាខុន ប្រភេទអង្ករដែលបាននាំចេញមាន ប្រភេទក្រអូប ចំនួន ៤៨ម៉ឺនតោន, អង្ករសចម្រុះប្រមាណ ១១ម៉ឺនតោន និងអង្ករចំហ៊ុយមានប្រមាណ ៦ពាន់តោន។ ប្រទេសចិន នៅតែឈរលំដាប់ទី១ជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងបរិមាណប្រមាណ ២៣ម៉ឺនតោន ខណៈសហភាពអ៊ឺរ៉ុប លំដាប់ទី២ មានប្រមាណ ១៨ម៉ឺនតោន។ រីឯប្រទេសសមាជិកអាស៊ាន ស្ថិតនៅលំដាប់ទី៣  ដែលបាននាំចូលអង្ករពីកម្ពុជាប្រមាណ ៧ម៉ឺន និងគោលដៅដទៃទៀត មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម។

ក្រៅពីបញ្ជាក់បរិមាណនាំចេញរយៈ ពេល១១ខែ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បង្ហាញតួលេខនាំចេញអង្ករ នៅក្នុងខែវិច្ឆិកាដែរ។ បើតាមរបាយការណ៍ដែលបញ្ចេញដោយរដ្ឋលោក វេង សាខុន ក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ បរិមាណអង្ករដែលបាននាំចេញ មានប្រមាណ ៦ម៉ឺនតោន។  លោក វេង សាខុន ក៏គូសបញ្ជាក់ដែរថា កម្ពុជាបាននាំចេញស្រូវ ចំនួន ១,៧៧៧,១០៧ តោន  ទៅកាន់ប្រទេសវៀតណាមផងដែរ ក្នុងរយៈពេល១១ខែឆ្នាំ២០២០នេះ៕



 

ព័ត៌មានទាក់ទង