លក្ខណៈរបស់បុគ្គលមានភាពរឹងមាំផ្លូវចិត្ត

01/12/2020 12:00 pm ភ្នំពេញ

ភាពរឹងមាំផ្លូវចិត្ត គឺជាតម្លៃសកលដែលមានតម្លៃរាប់ពាន់ឆ្នាំមកហើយ ព្រោះភាពរឹងមាំ ផ្លូវចិត្ត គឺជាសញ្ញាណរបស់បុគ្គលប្រកបដោយគុណធម៌។ តើលក្ខណៈរបស់បុគ្គល មានភាពរឹងមាំ ផ្លូវចិត្តមានអ្វីខ្លះ? ភាពរឹងមាំផ្លូវចិត្ត គឺជាសមត្ថភាពក្នុងការគិត ការប្រើប្រាស់អារម្មណ៍ និងការធ្វើអ្វី មួយពោរពេញដោយថាមពល ឬអាចមានន័យថា ជាស្ពាននាំមនុស្សឆ្ពោះទៅរកជីវិតដ៏ល្អមួយ ឬជា វិថីមួយនាំឲ្យបាននូវគុណធម៌ក្នុងខ្លួន។ ហេតុអ្វីបានជាមនុស្សម្នាក់ៗចាំបាច់ត្រូវមានភាពរឹងមាំ ផ្លូវចិត្ត? ដោយសារភាពរឹងមាំផ្លូវចិត្ត អាចជួយមនុស្សម្នាក់ៗឲ្យមានការរីកចម្រើន កាត់បន្ថយនូវ ភាពតានតឹង បង្កើនសមត្ថភាពការងារ រីករាយក្នុងការងារ បង្កើនទំនាក់ទំនងល្អជាមួយអ្នកដទៃ និងអាចបង្កើនអត្ថន័យជីវិតបានយ៉ាងល្អ។ ដូច្នេះតើត្រូវធ្វើដូចម្តេច ទើបក្លាយជាបុគ្គលមានភាព រឹងមាំផ្លូវចិត្ត? យោងតាមទ្រឹស្តីចរិតរឹងមាំ ឬទ្រឹស្តីផ្លូវចិត្តរឹងមាំ របស់ VIA INSTITUE ON CHARACTER ដើម្បីក្លាយខ្លួនជាបុគ្គលមានផ្លូវចិត្តរឹងមាំ ឬបុគ្គលមានចរិតរឹងមាំ អ្នកចាំបាច់ត្រូវ មានធាតុផ្សំសំខាន់ៗ៦យ៉ាងដូចខាងក្រោម៖

១/  ចំណេះដឹងនិងគតិបណ្ឌិត៖ ចំណេះដឹង គឺជាជំនឿដ៏ត្រឹមត្រូវ និងអាចវាស់វែងបានតាមរយៈ ការពិសោធឬការអនុវត្តជាក់ស្តែង រីឯគិតបណ្ឌិតគឺការប្រើប្រាស់ចំណេះដឹងបានត្រឹមត្រូវតាមកាលៈ ទេសៈ អាចយល់ស៊ីជម្រៅពីបញ្ហាជុំវិញខ្លួន និងអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីមានចំណេះដឹងនិងគតិបណ្ឌិត បុគ្គលរឹងមាំចាំបាច់ត្រូវមានភាពច្នៃប្រឌិត (មិនចម្លងតាមគេ) ការចាប់អារម្មណ៍(ទទួលយកអ្វីដែលថ្មី) ចិត្តទូលាយ (ការវិនិច្ឆ័យ) ស្រឡាញ់ការសិក្សា និង អាចប្រឹក្សាយោបល់ដល់អ្នកដទៃបាន។

២/ ភាពក្លាហាន៖ គឺជាការហ៊ានប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ និងការគម្រាមកំហែង ផ្សេងៗដើម្បីបន្តគោលដៅរបស់ខ្លួនទៅមុខទៀតបានដោយមិនចុះចាញ់នឹងឧបសគ្គ។ ដើម្បីក្លាយ ជាអ្នកក្លាហាន ចាំបាច់ត្រូវហ៊ាននិយាយអ្វីដែលត្រឹមត្រូវ ធ្វើការងារឲ្យបានចប់ចុងចប់ដើម មានភាពស្មោះត្រង់ មានការទទួលខុសត្រូវ និងមានថាមពលពេញលេញក្នុងការរស់នៅ។

៣/  ភាពជាមនុស្សជាតិ៖ ដើម្បីមានភាពជាមនុស្សជាតិចាំបាច់ត្រូវមាន សេចក្តីស្រឡាញ់ចំពោះ អ្នកជិតស្និទ្ធ មានទឹកចិត្តមេត្តាចំពោះអ្នកដទៃ ធ្វើល្អចំពោះអ្នកដទៃ មានភាពឆ្លាតវៃក្នុងការ យល់ពីអារម្មណ៍ខ្លួនឯងនិងអារម្មណ៍របស់អ្នកដទៃ អាចលើកទឹកចិត្តខ្លួនឯងនិងអាចលើកទឹកចិត្តអ្នកដទៃ។

៤/  យុត្តិធម៌៖ គឺជាការបែងចែកអ្វីៗឲ្យបានស្មើភាពគ្នា និងដោះស្រាយបញ្ហាដោយយកភាព ត្រឹមត្រូវជាធំ។ មនុស្សយុត្តិធម៌ គឺជាមនុស្សដែលយុត្តិធម៌ជាមួយនឹងខ្លួនឯង និងយុត្តិធម៌ទាំង ជាមួយអ្នកដទៃ។ មនុស្សយុត្តិធម៌តែងមានការទទួលខុសត្រូវលើ កិច្ចការសង្គម ស្មោះត្រង់ជាមួយ ក្រុមការងារ ធ្វើការងារដែលខ្លួនត្រូវបំពេញ ឲ្យភាពស្មើគ្នាដល់ដទៃដោយមិនរើសអើង ។

៥/  ការដឹងប្រមាណ៖ ការដឹងប្រមាណចំពោះការគិតនិងការធ្វើ ពិតជាពុំអាចខ្វះបាន ។ ការដឹង ប្រមាណ គឺជាការធ្វើអ្វីមួយមិនលើសនិងមិនខ្វះ។ ដើម្បីបាននូវការដឹងប្រមាណចាំបាច់ត្រូវមាន វិន័យផ្ទាល់ខ្លួន ការប្រយ័ត្នប្រយែង ការដាក់ខ្លួន និងការអភ័យទោសដល់អ្នកដទៃ ។

៦/  អត្ថន័យស៊ីជម្រៅក្នុងខ្លួន៖ គឺជាការរកឃើញនូវគោលបំណងនិងគោលដៅក្នុងជីវិត ហើយអាច ប្រើប្រាស់នូវសក្តានុពលរបស់ខ្លួនឲ្យស្របនឹងគោលបំណងនិងគោលដៅនោះ។ ដើម្បីមានអត្ថន័យ ស៊ីជម្រៅក្នុងខ្លួន បុគ្គលដែលមានផ្លូវចិត្តរឹងមាំ ចាំបាច់ត្រូវមាន ការទទួលយកនូវភាពរីករាយ និងភាពល្អឥតខ្ចោះចំពោះអ្វីៗក្នុងលោក ដឹងគុណចំពោះអ្នកដែលធ្វើល្អមកលើខ្លួន អរគុណ ចំពោះពេលវេលាល្អដែលបានកើតឡើងក្នុងជីវិត មានក្តីសង្ឃឹមនិងមានសុទិដ្ឋិនិយម ចំពោះអ្វីៗដែលមាននៅថ្ងៃអនាគត អាចធ្វើឲ្យអ្នកដទៃរីករាយបាន និងជឿជាក់ថាជីវិតគឺពិតជា មានអត្ថន័យ។

ដូច្នេះដើម្បីក្លាយជាបុគ្គលមានផ្លូវចិត្តរឹងមាំ អ្នកចាំបាច់ត្រូវមាននូវចំណេះដឹងនិងគតិបណ្ឌិត ភាពក្លាហាន ភាពជាមនុស្សជាតិ យុត្តិធម៌ ការដឹងប្រមាណ និងអត្ថន័យស៊ីជម្រៅក្នុងខ្លួន។

(អត្ថបទពាណិជ្ជកម្ម)​

 

ព័ត៌មានទាក់ទង