ក្រសួងទេសចរណ៍ រំលឹកជាថ្មីដល់ម្ចាស់អាជីវកម្មទេសចរណ៍ ឲ្យបង្កើនការការពារជំងឺកូវីដ-១៩

01/12/2020 10:00 am ភ្នំពេញ

ក្រសួងទេសចរណ៍ បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ឱ្យយកចិត្តទុកដាក់អនុវត្ត និងរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើតាមក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។



ក្រសួងទេសចរណ៍ បានណែនាំម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ទូទាំងប្រទេស ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍របស់ខ្លួន នៅក្នុងដំណាក់កាលកូវីដ-១៩ តាមប្រព័ន្ធ Telgram Bot ជាពិសេសត្រូវកត់ត្រាវត្តមាន របស់ភ្ញៀវប្រើប្រាស់សេវាកម្មនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នីមួយៗ។ ការចុះឈ្មោះភ្ញៀវនេះអាចប្រើប្រាស់តាមប្រព័ន្ធ Telegram Bot ដើម្បីជាជំនួយដល់ការតាមដានក្នុងការកំណត់អត្តសញ្ញាណករណីមានការឆ្លងជំងឺកូវីដ-១៩ ក្នុងទីតាំងអាជីវកម្មទេសចរណ៏ ជាយថាហេតុ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០វិច្ឆិកា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣២៣នាក់ ក្នុងនោះ មាន៣០១នាក់ បានព្យាបាលជាសះស្បើយ។ ក្នុងចំណោមអ្នកជំងឺ ២២នាក់ ដែលនៅសល់ មាន១៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
 

ព័ត៌មានទាក់ទង