បន្លែស្ពៃក្នុងខេត្តព្រៃវែង ធ្លាក់ថ្លៃ ខណៈស្រូវមានតម្លៃខ្ពស់
បន្លែប្រភេទស្ពៃក្នុងខេត្តព្រៃវែង ហាក់ធ្លាក់ចុះទាបក្នុងអំឡុងពាក់កណ្ដាលខែវិច្ឆិកានេះ ខណៈតម្លៃស្រូវវស្សាមានតម្លៃខ្ពស់។ នេះបើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ។
លោក អ៊ុក សំណាង បានបញ្ជាក់ថា ជាទូទៅតម្លៃស្ពៃក្នុងខេត្តព្រៃវែងមានតម្លៃប្រមាណ ១ ០០០រៀលក្នុងមួយគីឡូ ប៉ុន្តែមួយសប្ដាហ៍មកនេះ តម្លៃបន្លែប្រភេទស្ពៃមានការធ្លាក់ថ្លៃខ្លាំង។ លោកប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងរូបនេះ បានបញ្ជាក់ថា៖«បន្លែប្រភេទស្ពៃគឺមានការធ្លាក់ថ្លៃ ពិសេសស្ពៃចង្កឹះធ្លាក់ខ្លាំងជាងគេ គឺត្រឹម ៥០០រៀលក្នុងមួយគីឡូ ខណៈស្ពៃផ្សេងអាចលក់បាន ៨០០រៀលទៅ ១ ០០០រៀលក្នុងមួយគីឡូ»។
បើតាមលោក សំណាង តម្លៃស្ពៃធ្លាក់នេះ វាជារឿងគួរឲ្យព្រួយបារម្ភចំពោះកសិករ ស្របពេលវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យការបញ្ជាទិញបន្លែ ពីបណ្ដាភោជនីយដ្ឋានមានការថយចុះ។ តែលោកសង្ឃឹមថា កូវីដ-១៩ នឹងមិនអូសបន្លាយយូរទៀតនោះទេ។
បន្លែស្ពៃរបស់កសិករក្នុងខេត្តព្រៃវែង
ជាធម្មតាទិន្នផលបន្លែក្នុងខេត្តព្រៃវែង អាចប្រមូលបានជាមធ្យមជាង ១០តោនក្នុងមួយថ្ងៃ ប៉ុន្តែដោយវិបត្តិកូវីដ-១៩នេះ ការប្រមូលទិន្នផលបន្លែមានការថយចុះ ដោយអាចប្រមូលបន្លែពី ៥-៦តោនក្នុងមួយថ្ងៃប៉ុណ្ណោះ។
ដ្បិតតម្លៃបន្លែមានការធ្លាក់ថ្លៃ តែសម្រាប់តម្លៃស្រូវក្នុងខេត្តព្រៃវែងហាក់មានតម្លៃខ្ពស់ ដោយមួយគីឡូមានតម្លៃ ១,១០០រៀលទៅ ១,១២០រៀលក្នុងមួយគីឡូ (ស្រូវទូទៅ)។ ឈ្មួញដែលទិញស្រូវពីកម្ពុជា ភាគច្រើនវៀតណាម។ នេះបើតាមលោក អ៊ុក សំណាង។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងចុះពិនិត្យការប្រមូលផលបន្លែរបស់កសិករ
ថ្លែងប្រាប់សារព័ត៌មានThmeyThmey25 លោក សំណាង បាននិយាយដូច្នេះថា៖ «ដោយសារកូវីដ-១៩ ឈ្មួញវៀតណាមដែលធ្លាប់ចូលមកទិញស្រូវនៅកម្ពុជាត្រូវផ្អាក ដោយតម្រូវឲ្យកម្ពុជាជាអ្នកដឹកស្រូវចូលទៅវៀតណាមវិញ ជាហេតុធ្វើឲ្យមានការរាំងស្ទះក្នុងដំណើរការទិញ-លក់ស្រូវបច្ចុប្បន្ន»។
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានបញ្ជាក់ថា ការងារប្រមូលផលស្រូវវស្សាក្នុងខេត្តព្រៃវែងបច្ចុប្បន្ន ប្រមូលបានប្រមាណ ៧០ភាគរយ ខណៈការងារស្ដារដំណាំស្រូវក្រោយទឹកជំនន់បានប្រមាណ ៨០ភាគរយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com