Thmey Thmey 25
លក់ពោត៣៥ឆ្នាំហើយ តែអ្នកស្រី អ៊ូ អ៊ិត គ្មានការធុញទ្រាន់ចំពោះរបរខ្លួនឡើយ
25/11/2020 2:59 pm ភ្នំពេញ ភ្នំពេញ៖ អ្នកស្រី អ៊ូ អ៊ិត ជាអ្នកលក់ពោតស្ងោររយៈពេល៣៥ឆ្នាំហើយ។ មុខរបរនេះ បានចិញ្ចឹមអ្នកស្រី និងគ្រួសារឲ្យរស់នៅបានស្រួល ពិសេសកូនៗរៀនបានថ្នាក់បរិញ្ញាបត្រ ដូច្នេះអ្នកស្រី គ្មានបំណងប្ដូរអាជីពខ្លួនឡើយ ទោះជីវភាពគ្រួសារបានប្រសើរបន្តិចក៏ដោយ។ ក្នុងមួយថ្ងៃ អ្នកស្រី អ៊ូ អ៊ិត រកចំណូលបានពី៤ទៅ៥ម៉ឺនរៀល។

ឈប់ម៉ូតូដឹកពោតស្ងោរ នៅលើចិញ្ចើមផ្លូវលេខ១៥២ កែងផ្លូវ១៤៩ ក្រោយសាលាបឋមសិក្សាបាក់ទូក អ្នកស្រី អ៊ូ អ៊ិត ពាក់អាវផ្កាដៃវែងពណ៌ក្រហម ខោជើងវែងពណ៌ខ្មៅ បញ្ចេញសំឡេងលឺល្មមហៅអតិថិជនខ្លួនដូច្នេះថា «ញាំពោតហ្អេសអូន! ពោតខ្ចីផ្អែម»។ អ្នកស្រី អ៊ូ អ៊ិត លក់ពោតតាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ ព្រោះតែគ្រួសារក្រីក្រលំបាក និងគ្មានលទ្ធភាពបានរៀនសូត្រគ្រប់គ្រាន់។ 

មកដល់បច្ចុប្បន្ន អ្នកស្រី មានវ័យ៥២ឆ្នាំ ហើយនៅតែបន្តអាជីពជាអ្នកលក់ពោតនេះផងដែរ។ អ្នកស្រីបានលើកឡើងដូច្នេះថា៖«មិនគិតថាចង់បោះបង់ទេ ពីព្រោះមុខរបរហ្នឹង វាដូចថាមិនឲ្យយើងក្រីក្រ លំបាកវេទនា និងដើរខ្ចីគេហូបលិចកើតអ៊ីចឹង»។ អ្នកស្រី អ៊ូ អ៊ិត គ្មានការធុញទ្រាន់ជាមួយរបរនេះឡើយ ផ្ទុយទៅវិញ បែរជាយល់ថា វាជាមុខរបរមួយដែលជួយបង្កើនកម្រិតជីវភាពគ្រួសារខ្លួន និងអាចរស់នៅបានយ៉ាងស្រួលផងដែរ។ 
ឆ្លើយមកកាន់អ្នកសារព័ត៌មាន ThmeyThmey25 ដោយទឹកមុខសប្បាយដូច្នេះថា៖«ថ្វីដ្បិតតែមីងលក់ពោតចិញ្ចើមថ្នល់មែន មីងមិនក្រហើយក៏មីងមិនមាន។ ប៉ុន្តែអ្វីដែលជារបស់មីងបានគឺដោយកម្លាំងញើសឈាមមីងពិតៗ ផុសចេញពីក្រអៅបេះដូងរបស់យើង ដើម្បីឲ្យកូនរៀន ឲ្យកូនបានធ្វើការងារល្អ គឺមីងអស់ចិត្ត»។ 

អ្នកលក់ពោតរូបនេះ មានកូន៤នាក់ ដោយកូនទី១ មានអាយុ២៨ឆ្នាំ រៀនបានត្រឹមថ្នាក់ទី១២ ចំណែកឯ កូនទី២ អាយុ២៦ឆ្នាំ រៀនបានថ្នាក់ទី១០ រួចក៏ចូលបម្រើការងារជាទាហាន ជាមួយឪពុក។ រីឯកូនទី៣ អាយុ២១ឆ្នាំ សិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ និងកូនទី៤ មានអាយុ៧ឆ្នាំ៕

ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com