កញ្ញា ម៉ូលីណា ច្នៃក្រវិលពីដីឥដ្ឋ ភ្ជាប់ម៉ូដអក្សរ លេខ ប្រាសាទខ្មែរ...ដើម្បីលើកអត្តសញ្ញាណជាតិ

29/11/2020 3:00 pm ភ្នំពេញ

ភ្នំពេញ៖ កញ្ញា នួន ម៉ូលីណា បានយកដីឥដ្ឋ Polymer clay ច្នៃជាក្រវិលជាច្រើនម៉ូដដូចជា រូបប្រាសាទអង្គរ ផ្ការំដួល ព្យញ្ជនៈ លេខ និងម៉ូដជាច្រើនទៀតយ៉ាងទាក់ទាញ។ ផ្ដើមចេញពីការចូលចិត្តតែងខ្លួនជាមួយម៉ូដក្រវិលប្លែកៗ កញ្ញា ម៉ូលីណា បានចាប់ផ្ដើមបើកអាជីវកម្មច្នៃក្រវិលពីដីឥដ្ឋក្រោមយីហោ Mona palette នេះឡើង នៅដើមឆ្នាំ២០២០ ក្នុងគោលបំណងលើកតម្កើងការផលិតដោយដៃ និងអត្តសញ្ញាណជាតិខ្មែរ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូ អំពីការច្នៃក្រវិលពីដីឥដ្ឋរបស់កញ្ញា នួន ម៉ូលីណា ដែលផលិតដោយ កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 


រយៈពេលជិត១ឆ្នាំហើយ ដែលកញ្ញា នួន ម៉ូលីណា បានបើកអាជីវកម្មផលិតក្រវិលពីដីឥដ្ឋ ប្រភេទ Polymer clay ដែលគេកំពុងពេញនិយមនៅបរទេស ក្រោមយីហោ Mona palette។  កញ្ញា នួន ម៉ូលីណា បញ្ជាក់ថា ការយកដីឥដ្ឋប្រភេទ Polymer clay ច្នៃក្រវិល ព្រោះវាមានជាតិជ័រ និងស្រាលជាងដីឥដ្ឋធម្មតា។ 

កញ្ញា នួន ម៉ូលីណា អះអាងប្រាប់សារព័ត៌មាន Thmeythmey25 ថាវាមិនមែនជារឿងងាយប៉ុន្មានទេ។ សម្រាប់ម្ចាស់អាជីវកម្មរូបនេះ វាជាការចាប់ផ្តើមដ៏ថ្មីសន្លាង ជាមួយនឹងចិត្តស្រឡាញ់ការ និងចូលចិត្តតុបតែងខ្លួនជាមួយម៉ូដក្រវិលប្លែកៗប៉ុណ្ណោះ។ ស្រ្តីវ័យ៣៣ឆ្នាំរូបនេះ បានរៀនច្នៃក្រវិលពីយូធូប រហូតអាចច្នៃ និងបើកអាជីវកម្មបាន ដូច្នេះ៖«ដំបូងឡើយ ខ្ញុំចាប់អារម្មណ៍ចង់ធ្វើក្រវិល ដែលមានអត្តសញ្ញាណខ្មែរ នៅក្នុងហ្នឹង។ អីចឹងក៏ស្រាវជ្រាវពីរបៀបធ្វើក្រវិល ក៏ឃើញពីការធ្វើក្រវិលពី Polymer clay ដែលគេកំពុងពេញនិយមនៅបរទេស ហើយយើងអាចឆ្លាក់ចេញជារូបរាងអីក៏បានដែរ។ អីចឹងខ្ញុំក៏សាកយកមកធ្វើខ្លួនឯងសិន ហើយឃើញថាពាក់ទៅសមក៏ចាប់ផ្ដើមធ្វើក្រវិលច្រើនម៉ូដមកដល់សព្វថ្ងៃ»។ 

ក្រវិល១គូ កញ្ញា ម៉ូលីណា ត្រូវចំណាយពេលធ្វើ៣-៤ម៉ោងទាំងការកិនដីឥដ្ឋ ឆ្លាក់ម៉ូដ និងរើសពណ៌ឱ្យសមនឹងគ្នាផង។ បច្ចុប្បន្ន Mona palette មានម៉ូដក្រវិលបួនប្រភេទ គឺ ម៉ូដអត្តសញ្ញាណខ្មែរ ម៉ូដផ្កា កំណាត់ និងប្រភេទពណ៌ចម្រុះ។ ជាមនុស្សរួសរាក់ទាក់ និងពាក់ក្រវិលដីឥដ្ឋម៉ូដលេខខ្មែរ ពណ៌ស លាយស្វាយ យ៉ាងទាន់សម័យ កញ្ញា ម៉ូលីណា យល់ថាការតុបតែងខ្លួនដែលបង្កប់ដោយអត្តសញ្ញាណជាតិនេះ ជាផ្នែកមួយដែលបង្ហាញពីការស្រលាញ់ និងជួយផ្សព្វផ្សាយដល់បរទេសឱ្យបានស្គាល់ផងដែរ៕

 

ព័ត៌មានទាក់ទង