​រមណីយដ្ឋាន​ភ្នំ​នាង​ក​ង្រី មាន​សម្រស់​ទាក់ទាញ​គ្រប់​រដូវ​

02/12/2020 5:00 pm កំពង់ឆ្នាំង

​រមណីយដ្ឋាន​ភ្នំ​នាង​ក​ង្រី ជា​តំបន់​ទេសចរណ៍​មួយ​ស្ថិតនៅក្នុង​ឃុំ​ពីរ គឺ​ឃុំ​ពោធិ និង​ឃុំ​ត្រងិល​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ រមណីយដ្ឋាន​ភ្នំ​នាង​ក​ង្រី មាន​សម្រស់​ព្រៃភ្នំ និង​ទឹកទន្លេ​នៅជាប់​ជើងភ្នំ​យ៉ាង​ទាក់ទាញ ជាពិសេស​ទេសចរ​អាច​ទៅ​កម្សាន្ត​បាន​គ្រប់​រដូវ​កាល​។​នេះ​បើតាម​គេហទំព័រ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​។​



​រមណីយដ្ឋាន​ភ្នំ​នាង​ក​ង្រី មាន​ទស្សនីយភាព​ធម្មជាតិ​យ៉ាង​ទាក់ទាញ​ដែលមាន​រូបរាង​ភ្នំ​យ៉ាង​ចម្លែក​គឺ​រាង​ដូច​មនុស្ស​ដេក​។ នៅលើ​ភ្នំ​នាង​ក​ង្រី មាន​ដើមឈើ​តូចធំ​ជាច្រើន​ប្រភេទ ជើងភ្នំ​មាន​ទន្លេ​យ៉ាង​ធំ​ល្វឹងល្វើយ ដែល​អាច​ឲ្យ​ទេសចរ​ជិះទូក​កម្សាន្ត និង​ងូតទឹក​លេង​បាន​គ្រប់​រដូវ​កាល​។ ទេសចរ​ក៏​អាច​មើល​សម្រស់​ភ្នំ​នា​ងក​ង្រី ពី​ត្រើយម្ខាង​នៃ​ទន្លេ​ផ្សារ​ក្រោម​ផងដែរ​។​

​ក្រៅពី​មាន​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត ទេសចរ​ក៏​អាច​សិក្សា​ពី​វប្បធម៌ និង​ប្រវត្តិ​នៃ​ភ្នំ​មួយ​នេះ​បាន ក្រៅតែពី​បានដឹង​តាមរយៈ​រឿងព្រេង​បុរាណ​ខ្មែរ​។​

​សូម​ជម្រាប​ផងដែរ​ថា ទេសចរ​ដែល​ចង់ទៅ​កម្សាន្ត​នៅ​ភ្នំ​នា​ងក​ង្រី ត្រូវ​ឆ្លងតាម​ដង​ទន្លេសាប​តាម​កំពង់ផែ​ទេសចរណ៍ ដើម​ពោធិ៍​ផ្សារ​ក្រោម ។ ទេសចរ​ត្រូវ​ធ្វើដំណើរ​ទៅដល់​ចំណុច​កំពង់​ហាវ ឬ​កំពង់​បឹង រួច​បន្តដំណើរ​ឆ្លងកាត់​ភូមិ​៤ គឺ ភូមិ​ពោធិ៍​អណ្ដែត កំពង់​បឹង កែង​តា​សុក និង​អណ្ដូង​រនុក ហើយ​កាត់​តាម​ច្រក​ភ្នំ​ត្របែក ទៅដល់​ដើម​ពោធិ៍ធំ​មួយ ឈ្មោះថា ពោធិ៍​ដំណាក់  បត់​ឆ្វេង​ដើរកាត់​តាម​វាលស្រែ​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ ទើប​ដល់​ភ្នំ​នាង​ក​ង្រី​។ នេះ​បើតាម​គេហទំព័រ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ដដែល​៕

ព័ត៌មានទាក់ទង