ជឿនលឿន! ពលរដ្ឋ​ស្រុក​កំពង់ស្វាយ​ប្រើ​ «​គោយន្ត​ដាល់អំបុក​» អាច​ចំណេញ​កម្លាំង​ពលកម្ម​បាន​រហូត​៧០​ភាគរយ

20/02/2021 11:00 am កំពង់ធំ

កំពង់ធំ​៖ ពលរដ្ឋ​ប្រមាណ​១០​គ្រួសារ រស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្រសាំង​ខ  ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ប្រកបមុខរបរ​ដាល់អំបុក​លក់ ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន​គោយន្ត អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​។ បើតាម​ពលរដ្ឋ​ទាំងនោះ ការប្រើ​គោយន្ត​សម្រាប់​ដាល់អំ​បុល​នេះ គឺអាច​ជួយ​កាត់បន្ថយ​កម្លាំង​មនុស្ស​បាន​រហូត​៧០​ភាគរយ បើ​ធៀប​នឹង​ដាល់អំបុក​បែប​បុរាណ ប្រើ​កម្លាំង​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​។



​គោយន្ត​ដែល​ពលរដ្ឋ​រស់នៅក្នុង​ស្រុក​កំពង់ស្វាយ រៀបចំឡើង​សម្រាប់​បម្រើ​ដល់​ការ​ដាល់អំបុក​លក់​ប្រចាំឆ្នាំ​កន្លងមកនេះ គឺអាច​ជំនួស​នូវ​សកម្មភាព​នានា​របស់​មនុស្ស​នៃ​ការផលិត​អំបុក​បាន​ច្រើន​។ ដោយ​កម្លាំង​ស្នូល​នៃ​ការប្រើប្រាស់​ម៉ាស៊ីន​គោយន្ត​នេះ អាច​ទាញ​អង្រែ​ដែល​ទំហំ​ធំ​សម្រាប់​បុក​អំបុក​ឱ្យមាន​រូបរាង​សំប៉ែត​ល្អ  អាចជួយ​លីង​ស្រូវ​នៅក្នុង​ខ្ទះ​សម្រាប់ធ្វើ​អំបុក និង​អាចជួយ​រែង​កំទេចធូលី​នានា នៅក្នុង​ស្រូវ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

សូមអញ្ជើញទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មាន Thmey Thmey25 ជាមួយ​ពលរដ្ឋ​ប្រកប​លក់​អំបុក​ដូចតទៅ៖
 

​អ្នកស្រី រី សារឿន ដែលជា​អ្នកធ្វើ​អំបុក​លក់​ដោយ​ប្រើ​ម៉ាស៊ីន​គោយន្ត អស់​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ  បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ប្រើ​ម៉ាស៊ីន​[​គោយន្ត​] គឺ​វា​ធូរ​កម្លាំង​យើង​។ [​បើ​] យើង បុក​អំបុក ដោយ​ជាន់​នឹង​ជើង​[​បែប​បុរាណ​]​នោះ យើង​ប្រើ​អ្នក​ជាន់​[​អង្រែ​]​អស់​៣​នាក់ អ្នក​លីង​១​នាក់ អ្នក​បុក​អំបុក​១​នាក់​ទៀត គឺ​អស់​៥​នាក់​»​។ អ្នកស្រី​បាន​បន្ថែម​ដូច្នេះ​៖«​ដល់ពេល​យើង​ប្រើ​ម៉ាស៊ីន​ទៅ​យើង​ចំណេញ​។ មនុស្ស​យើង​ប្រើតែ​ម្នាក់ ក៏​អាចធ្វើ​អំបុក​កើត​ដែរ​»​។ 
 
​សព្វថ្ងៃនេះ ការ​ដាល់​អំ​បុល​លក់​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន​គោយន្ត  អាច​ជំនួស​ឱ្យ​ការប្រើ​កម្លាំង​មនុស្ស​បាន​រហូត​៧០​ភាគរយ​។ នេះ​ជាការ​លើកឡើង​របស់​ព​ល​រដ្ឋ​ដែល​អ្នក​ដាល់អំបុក​មួយ​រូប​ទៀត រស់នៅ​ក្នុងភូមិ​ក្រសាំង​ខ  ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ អ្នកស្រី នី សំណាង បាន​រៀបរាប់ថា​៖«​យើង​មានការ​កែច្នៃ​អ៊ីចឹងទៅ បាន​កាត់បន្ថយ កម្លាំង​ពលកម្ម​យើង​បាន​ច្រើន​។ ដូចជា លីង រែង​យក​កន្ទក់​ចេញ និង​ការបុក​អំបុក​ហ្នឹង គឺ​យើង​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​។ [​ហើយ​] យើង​សម្អាត​តាម​ក្រោយ​ប្រហែល​៣០​ភាគរយ »​។ 
​ក្នុង​មួយថ្ងៃៗ ពលរដ្ឋ​វ័យ​៣៣​ឆ្នាំ​រូបនេះ អាច​ដាល់​ដំ​បុក​បាន​២០០​កំប៉ុង ដោយ​១​កំប៉ុង​លក់បាន​តម្លៃ​១,៥០០​រៀល​។​
 
​បន្ទាប់ពី​បាន​កែច្នៃ​ម៉ាស៊ីន​គោយន្ត​មក​បម្រើ​ក្នុង​សង្វា​ត់​ផលិតកម្ម​នៃ​ការធ្វើ​អំបុក​នេះ​មក អ្នកស្រី ខួច ស្រី​ពៅ បានធ្វើ​អំបុក​តែម្នាក់ឯង ឬ​ជាមួយ​ស្វា​ម៉ី សម្រាប់​ដាក់លក់​នៅមុខ​ផ្ទះ​របស់ខ្លួន​បានជា​ប្រចាំថ្ងៃ​យ៉ាង​រលូន អស់​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ​។ ក្នុង​មួយថ្ងៃៗ ស្ត្រី​វ័យ​៣២​ឆ្នាំ​រូបនេះ ដាល់អំបុក​លក់​ដោយ​ប្រើ​ម៉ាស៊ីន​គោយន្ត បាន​២​ទៅ​៣​ធុង​ស្ពេ​ត​ត្រូ ដោយ​អំបុក​មួយ​គីឡូក្រាម​លក់បាន​តម្លៃ​១៥,០០០​រៀល​។  
 
​ថ្វី​ដ្បិត ការ​ចៃ្ន​យក​កម្លាំង​ម៉ាស៊ីន​គោយន្ត​នេះ មក​ដាល់អំបុក​អាចជួយ​កាត់បន្ថយ​កម្លាំង​ពលកម្ម ឬ សម្រាល បន្ទុក​ការងារ​ដល់​អ្នកស្រី​ទាំងបី​រូប​ខាងលើ​បាន​ច្រើន រហូតដល់​៧០​ភាគរយ​ក៏ពិតមែន ប៉ុន្តែ ការចំណាយ​ថវិកា​លើ​ការទិញ​ម៉ាស៊ីន​គោយន្ត និង​ការរៀបចំ​ឧបករណ៍ សម្រាប់​ដាល់អំបុក​នេះ ក៏​ច្រើន​ផងដែរ​។ ពោល គ្រួសារ​នីមួយៗ ចំណាយ​លើ​ការកែច្នៃ​នេះ មិន​ក្រោម​៥០០ដុល្លារ​ឡើយ​៕ 

ព័ត៌មានទាក់ទង