Thmey Thmey 25
ប្រាសាទ​ស្នឹង តំបន់​ប្រវត្តិសាស្ត្រ​វ័យ​ចំណាស់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​
16/11/2020 1:00 pm បាត់ដំបង ​ប្រាសាទ​ស្នឹង ជា​តំបន់​ទេសចរ​ណ៌​ប្រវត្តិសាស្ត្រ​វ័យ​ចំណាស់​មួយ ដ៏​មាន​ភាព​ទាក់ទាញ និង​មាន​ភ្ញៀវទេសចរ​ជាច្រើន​ទៅលេង​កម្សាន្ត​។ ប្រាសាទ​ស្នឹង ស្ថិតនៅក្នុង​បរិវេណ​វត្ត​ស្នឹង មាន​ទីតាំងនៅ​ភូមិ​ស្នឹង​ខាងកើត ឃុំ​ស្នឹង ស្រុក​បាណន់ ភាគ​ខាងលិច​នៃ​ទី​រួម​ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ​២២.៥៨ គីឡូម៉ែត្រ ដោយ​ធ្វើដំណើរ​តាមផ្លូវ​លេខ ៥៧​។​

​ប្រាសាទ​ស្នឹង កសាងឡើង​នៅក្នុង​អំឡុង​សតវត្ស​ទី​១២ កសាង​អំពី​ឥដ្ឋ នៅលើ​ដី​ទួល មាន​បណ្តោយ​៣០​ម៉ែត្រ ទទឹង​២០​ម៉ែត្រ មាន​លក្ខណៈ​ដូច​ចេតិយ៍ ចំនួន​៣​ដាច់ដោយឡែក​ពីគ្នា និង​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​នានា ដែល​កសាង​ក្នុងអំឡុង​សតវត្ស​ទី​១២​ដែរ​។ ប្រាសាទ​នេះ​បែង​ចែកជា​ពីរ​ផ្នែក គឺ​ប្រាសាទស្នឹងខាងកើត និង ប្រាសាទស្នឹងខាងលិច​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។ 


​ប្រាសាទស្នឹងខាងកើត សង​អំពី​ឥដ្ឋ​នៅលើ​ខឿន​ថ្មបាយក្រៀម​មួយ ដែលមាន​ប៉ម​ចំនួន​៣​។ ប៉ម កណ្ដាល​មាន​ផ្ដែរ​ឆ្លាក់​រូប ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី (​ឯរាវ័ណ​) ចំណែក ប៉ម​ពីរ​ផ្សេងទៀត​មាន​ផ្ដែ​រដែរ ប៉ុន្តែ​ពុំមាន​ឃើញ​ចម្លាក់​អ្វី​នោះទេ​។ នៅមុខ​ប៉ម ជើង​-​ត្បូង មាន​ស៊ុមទ្វា​ធ្វើ​អំពី​ពី​ថ្មភក់ ប្រហែលជា​ស៊ុមទ្វា​នៃ​យ៉ ដែល​ត​ភ្ជាប់​ពី​ប៉ម​ទាំង ២ នេះ ក៏ប៉ុន្តែ​បាក់បែក​អស់ហើយ គ្រាន់តែ​នៅសល់​ស្លាកស្នាម​ខ្លះៗ ល្មម​អាច​សម្គាល់​បាន​។ នៅខាងមុខ​ប្រាសាទ មាន​ស្រះ​ទឹកធំ​មួយ ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង​។ នៅ​ទី​ប្រាសាទ​នេះ គេ​ធ្លាប់​រកឃើញ​ទេវរូប​ភេទ​ប្រុស​ចំនួន ៣ និង​ព្រះ​កេស​ទេវរូប​ភេទ​ប្រុស​មួយ​មាន​ពាក់​មកុដ។​

​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ដដែល ប្រាសាទស្នឹងខាងលិច ជា​ប្រាសាទ​ទោល​ដែល​ធ្វើ​អំពី​ថ្មភក់​។ ប្រាសាទ​នេះ​មាន​ទ្វារ​ចូល​ពី​គ្រប់ ៤​ទិស ព្រមទាំង​មាន​យ៉​ផងដែរ​។ មាន​ផ្ដែរ​នៅ​គ្រប់​ទ្វា​ទាំង ៤ តែ​ផ្ដែរ​ទ្វា​ខាងជើង ពុំ​ឃើញ​មាន​ចម្លាក់​អ្វី​នោះទេ​។ នៅលើ​ផ្ដែរ​ទ្វា​ទាំង ៣ ទិស​ផ្សេងទៀត ផ្ដែរ​ទិសខាងកើត​មាន​ចម្លាក់ រឿង​កូរ​សមុទ្រ​ទឹកដោះ​។​ផ្ដែរ​ទិស​ខាងលិច មាន​ចម្លាក់​រូប​ព្រះ​វិស្ណុ​ផ្ទំ​លើស​ត្វ​ម្យ៉ាង ប្រហែលជា គជសីហ៍ (​ជាទូទៅ​ផ្ទំ​លើ នាគ​អនន្ត​)​។ ផ្ដែរ​ទិស​ខាងត្បូង មាន​ចម្លាក់​រូប​សត្វ​តោ ៣​ក្បាល​កំពុងតែ​ទ្រម​នុស្ស (​ឬ​ទេវតា​) ដែល​កំពុង​លេង​ចត្រង្គ​។ ចំណែក​កំពូល​ប្រាសាទ​វិញ​បាន​បាក់​ធ្លាក់ចុះ ដែល​យើង​ពុំ​អាច​ចូលទៅ​ខាងក្នុង​ប្រាសាទ​បាន​នោះឡើយ នៅក្បែរ​ប្រាសាទ​នេះ ក៏​ប្រទះឃើញ​ចម្លាក់​យោនី​ដែល​បាក់បែក​មួយ​ផងដែរ​៕ 


​រូបភាពពី​មន្ទីរទេសចរណ៍ខេត្ត​បាត់ដំបង
ដោយ៖ ហុង ស្រី​ណា​ © រក្សាសិទ្ធិដោយ thmeythmey25.com