អភិបាលស្រុក​បន្ទាយស្រី​លើកទឹកចិត្ត ឱ្យ​ពលរដ្ឋ​ចិញ្ចឹមសត្វ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​

25/10/2020 9:40 am សៀមរាប

​សៀមរាប​៖ ការចិញ្ចឹម​សត្វ ជា​វិស័យ​មួយ​ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី​សម្លឹង​ឃើញថា មាន​សក្កា​នុព​ល​សម្រាប់​ស្រុក​ដែលមាន​ភូមិសាស្ដ្រ​នៅ​តំបន់ភ្នំ ដែល​មិនសូវមាន​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ផ្សេងៗ​។ បច្ចុប្បន្ន អភិបាលស្រុក​បន្ទាយស្រី​កំពុងធ្វើការ​ជាមួយ​អង្គការ​នានា​ក្នុង​ការជំរុញឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​មួយ​នេះ ងាក​ទៅ​ចិញ្ចឹមសត្វ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។ អភិបាលស្រុក​មើលឃើញថា ការចិញ្ចឹម​សត្វ​មាន​ភាព​អំណោយផល​ច្រើន ជាជាង​ការធ្វើ​ស្រែចម្ការ ដែល​ទាមទារ​បច្ចេកទេស និង​មាន​តម្រូវការ​ទឹក​ច្រើន​។​



​ស្រុក​បន្ទាយស្រី ស្ថិតនៅ​ប៉ែក​ខាងជើង​នៃ​ខេត្តសៀមរាប​។ ស្រុក​នេះ​មាន​ភូមិសាស្ដ្រ​មួយផ្នែក​ជា​តំបន់​ទំនាប និង​មួយផ្នែក​ជា​តំបន់​ខ្ពង់រាប និង​តំបន់ភ្នំ ដែល​អំណោយផល​ទាំង​ការធ្វើ​ស្រែ និង​ការធ្វើ​ចម្ការ ដូចជា​ដាំដំឡូង ស្វាយ និង​កៅស៊ូ​ជាដើម​។ បម្រែបម្រួល​អាកាសធាតុ​លើ​សកលលោក បាន​ជះឥទ្ធិពល​ដល់​ការធ្វើ​ស្រែចម្ការ ពិសេស​លើ​ដំណាំ​ដែល​ត្រូវការ​ទឹក​ច្រើន ដូចជា​ស្រូវ​ជាដើម​។ 

​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ អភិបាលស្រុក​បន្ទាយស្រី កំពុង​ជំរុញ​ដល់​កសិករ ងាក​ទៅ​ចិញ្ចឹមសត្វ ដែល​លោក​យល់ថា អាច​ផ្ត​ល់ក​ម្ចៃ​ច្រើន និង​មាន​ភាពសមស្រប​សម្រាប់​អ្នកស្រុក​តំបន់​ខ្ពង់រាប​។ លោក ឃឹម ហ្វី​ណង់ យល់ថា ការចិញ្ចឹម​សត្វ​គោ សត្វ​ពពែ និង​សត្វ​ជ្រូក​ជាដើម អាចឱ្យ​កសិករ​ចំណេញ​ច្រើន ពិសេស​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។



លោក​បន្តថា​៖« កន្លងមក​ស្រុក​តែង​ពិចារណា​រុញឱ្យ​មានការ​ចិញ្ចឹមសត្វ​ដោយសារ​គិតថា បន្ទាយស្រី​ជា​តំបន់​ខ្ពង់រាប តំបន់ភ្នំ ដូច្នេះ​ជា​ប្រពៃណី​នៃ​អ្នក​តំបន់ភ្នំ ប្រសិនជា​យើង​ធ្វើស្រែ​ឬ​ចិញ្ចឹម​ត្រី​អត់​ទឹក​គ្រប់គ្រាន់​ទេ តែ​អនុផល​សម្រាប់​ចិញ្ចឹមសត្វ ចម្ការ ប្រសិនជា​យើង​ងាក​មក​សកម្មភាព​ចម្ការ​ឬ​ចិញ្ចឹមសត្វ មកឱ្យ​ចំណេញ​ក​សិ​ទេសចរណ៍​វិញ ខ្ញុំ​គិតថា​អ្នក​បន្ទាយស្រី​គួរ​ពិចារណា​ធ្វើ​...​ខ្ញុំ​ចង់ឱ្យ​ទេសចរ​ដើរលេង​គាត់​មាន​ជម្រើស​អាចមក​ញុំ​ា​ពពែ​អាំង ជ្រូក​កណ្ដុរ​ដុត​បន្ទាយស្រី​...»​។​

​លោក ឃឹម ហ្វី​ណង់ មាន​ទស្សនវិស័យ​ជំរុញ​ដល់​ពលរដ្ឋ​លើ​ចិញ្ចឹមសត្វ គឺ​នៅពេលដែល​លោក​ចុះ​ទៅដល់​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយកន្លែង ដែលជា​អង្គការ​ផ្តល់​សត្វ​គោ​ដល់​ពលរដ្ឋ​ក្រីក្រ​យកទៅ​ចិញ្ចឹម​យក​កូន​។ នៅ​អង្គការ​គោ​សប្បុរស​កម្ពុជា ដែល​ស្ថិតនៅ​ភូមិ​អូរ​ម្នាស់ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី លោក ហ្វី​ណង់ ពិតជា​រីករាយ និង​កោតសរសើរ​ចំពោះ​អង្គការ​មួយ​នេះ​ដែលមាន​គំនិត​ផ្តល់​មេគោ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ក្រីក្រ យកទៅ​ចិញ្ចឹម​ដើម្បី​យក​កូន​។ លោក​អភិបាលស្រុក​យល់ថា ការធ្វើ​ដូច្នេះ​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ដែលជា​ច្រក​មួយ​ដ៏​សំខាន់​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​។​



នាយក​ប្រតិបត្តិ​អង្គការ​គោ​សប្បុរស​កម្ពុជា លោក ចាន់ វិចិត្រ បានឱ្យដឹងថា អង្គការ​របស់លោក​ចាប់ផ្តើម​មាន​គម្រោង​ចែក​មេគោ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្តសៀមរាប​នេះ​ចាប់ពី​ឆ្នាំ​២០១៣​មក ហើយ​មកដល់​បច្ចុប្បន្ន​មាន​គោ​សរុប​ចំនួន ១៣០​ក្បាល បូករួម​និង​សត្វ​ពពែ​ចំនួន ១១០​ក្បាល​ផង ក្នុង​បំណង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងប្រទេស​កម្ពុជា​។ លោក​បន្ថែមថា​៖« យើង​ជួយ​តាមរយៈ​ផ្តល់​កម្ចី​សត្វ​គោ ឱ្យ​មេគោ​ចិញ្ចឹម​យក​កូន ពពែ​ក៏​ដូចគ្នា យើង​ពិនិត្យ​ភូមិសាស្ដ្រ​ដែល​ពលរដ្ឋ​ស្នើសុំ តើ​សមស្រប​ចំពោះ​ការ​ចិញ្ចឹមសត្វ​ដែរឬទេ បើ​សមស្រប​យើង​នឹង​ផ្តល់ជូន​»​។​

​បច្ចុប្បន្ន​អង្គការ​គោ​សប្បុរស​កម្ពុ​ជាមាន​ផ្ទៃដី​សម្រាប់​ចិញ្ចឹម​គោ និង​ពពែ​ចំនួន ២០​ហិកតា ដែល​ធ្វើការ​លើ​សហគមន៍​មួយចំនួន​ក្នុង​ខេត្តសៀមរាប ដូចជា​នៅ​បន្ទាយស្រី  និង​ស្រុក​ប្រាសាទបាគង​ជាដើម​។ គោលដៅ​របស់​អង្គការ​នេះ គឺ​ចង់​ពង្រីក​ការចិញ្ចឹម​គោ​ដល់​១​ពាន់​ក្បាល ដើម្បី​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។ លោក វិចិត្រ បន្ថែមថា​៖« មុននឹង​ផ្តល់​មេគោ​ដល់​ប្រជាពលរដ្ឋ យើង​យក​មេគោ​ទៅ​បំផើម​សិន ហើយ​ពលរដ្ឋ​ចិញ្ចឹម​៤​ទៅ​៥​ខែ រហូតដល់​ផ្ដាច់ដោះ យើង​យក​មេគោ​ទៅ​បំផើម​ទៀត​...​យើង​ផ្តល់ជូន​គ្រួសារ​ដែល​មិនមាន​មុខរបរ​ត្រឹមត្រូវ​»​។​



ដ្បិតថា អាជ្ញាធរ​កំពុង​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ផ្តោតលើ​ការចិញ្ចឹម​សត្វ​យ៉ាងណាក្ដី តែ​នៅ​បច្ចុប្បន្ននេះ ទ្រង់ទ្រាយ​ការចិញ្ចឹម​សត្វ​ក្នុងស្រុក​បន្ទាយស្រី នៅ​ជា​លក្ខណៈ​គ្រួសារ និង​ខ្នាតតូច​នៅឡើយ រីឯ​ជា​លក្ខណៈ​កសិដ្ឋាន​មាន​២​ទៅ​៣​កន្លែង​ប៉ុណ្ណោះ​។ អភិបាលស្រុក​បន្ទាយស្រី​លើកឡើងថា លោក​នឹង​បន្ត​ជំរុញ​និង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​យល់ថា ការចិញ្ចឹម​សត្វ​អាចឱ្យ​កសិករ​ចំណេញ​ច្រើន ដោយ​អាច​លក់​ជា​កូន និង​បម្រើ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​បាន​មួយផ្នែកធំ​ទៀត ដែល​កសិករ​គួរ​សាកល្បង​៕

ព័ត៌មានទាក់ទង