​កូន​ត្រី និង​ត្រី​ជិត​ផុត​ពូជ​ជាង​១​ម៉ឺន​ក្បាល ត្រូវបានលែង​ក្នុង​ទន្លេចតុម្មុខ

31/10/2020 9:00 am ភ្នំពេញ

​ភ្នំពេញ​៖ កូន​ត្រី និង​ត្រី​ជិត​ផុត​ពូជ​ចំនួន​ជាង​១​ម៉ឺន​ក្បាល ត្រូវបាន​ប្រលែង​ចូលក្នុង​ទន្លេចតុម្មុខ មុខ​ព្រះបរមរាជវាំង ដោយ​រដ្ឋបាល​ជលផល និង​អង្គការ USAID ដើម្បី​អបអរសាទ​ទិវា​នៃ​ការផ្លាស់​ទី​មច្ឆា​ជាតិ​ពិភពលោក​។ កូន​ត្រី និង​ត្រី​ពូជ​ទាំងអស់នោះ​រួមមាន ត្រី​គល់រាំង ត្រី​ប្រា និង​ត្រី​ព្រួល​ជាដើម​។


 
​លោក អេង ជា​សាន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ជល​ផល បានឱ្យដឹងថា ការ​ប្រលែង​ត្រី​នេះ គឺ​ដើម្បីឱ្យ​ត្រី និង​ត្រី​ដែល​ជិត​ផុត​ពូជ អាច​បន្ត​ពូជ​នៅ​ឆ្នាំក្រោយៗ ពិសេស​គឺ​ចង់ឱ្យ​ពលរដ្ឋ​មានការ​ចូលរួម​ការពា​រ​អភិរក្ស ធនធាន​ជលផល​ឱ្យ​កាន់តែ​ប្រសើរ​។ 

​បើតាម​ប្រធាន​នាយដ្ឋាន​រដ្ឋបាល​ជលផល អេង ជា​សាន​បច្ចុប្បន្ន​បរិមាណ​ត្រី​ធម្មជាតិ មានការ​ថយចុះ និង​បាន​ផ្លាស់ប្ដូរ​សមាសភាព ពោលគឺ​ប្រភេទ​ត្រី​ធំ​មាន​តិចជាង​មុន និង​ប្រភេទ​ត្រី​តូច​មានការ​កើនឡើង​។ « នេះ​ក៏​ជា​សញ្ញា​បង្ហាញថា ការចាប់​ត្រី​ច្រើន​លើសលប់​»​។ 

​នា​ពិធី​នោះ លោក អេង ជា​សាន ​ប្រធាន​នាយកដ្ឋាន​បាល​ជលផល ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​ប្រជា​នេសាទ ត្រូវ​ចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ជលផល ដោយ​មិន​នេសាទ​ខុសច្បាប់ និង​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ជលផល​៕ 

ព័ត៌មានទាក់ទង