ទឹកជំនន់​៖ បន្ទាយមានជ័យ មាន​អ្នកស្លាប់​ច្រើនជាងគេ ឯ​បាត់ដំបង​មាន​ដំណាំ​ជន់​លិច​ច្រើនជាងគេ 

23/10/2020 4:00 pm បាត់ដំបង

​រាជធានី​-​ខេត្ត​ចំនួន​១៩ បានទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យរ​ង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ហើយ​ក៏មាន​ជនរងគ្រោះ​បាត់​បង់ជីវិត​ច្រើនជាងគេ​ដែរ គឺ​២២​នាក់ ក្នុងចំណោម​មនុស្ស​៣៩​នាក់​ដែល​បាន​ស្លាប់​ក្នុង​គ្រោះធម្មជាតិ​នេះ​។ ខេត្តបាត់ដំបង ក៏​រងគ្រោះ​ធ្ងន់​ដែរ​បន្ទាប់ពី​បន្ទាយមានជ័យ ប៉ុន្តែ​ខេត្ត​នេះ​បើតាម​របាយការណ៍ គឺ​គ្មាន​អ្នកស្លាប់​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី ដំណាំ​កសិកម្ម​នៅក្នុង​ខេត្ត​នេះ​រងគ្រោះ​ធ្ងន់​ជាងគេ​វិញ គឺ​ដល់​ទៅ​ជាង​១៧​ម៉ឺន​ហិកតា ក្នុងចំណោម​ដំណាំ​សរុប​ជាង​៣២​ម៉ឺន​ហិកតា​ដែល​ត្រូវ​ជន់​លិច​។​




​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ទឹកជំនន់​បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ៤៨​ម៉ឺន​នាក់​ទូទាំងប្រទេស ខណៈ​មាន​អ្នក​បាត់បង់​ជីវិត​រហូត ៣៩​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៣៩​នាក់​នោះ ខេត្តបន្ទាយមានជ័យ​មាន​អ្នកស្លាប់​ច្រើនជាងគេ​គឺ​ដល់​ទៅ ២២​នាក់​។ បន្ទាប់មកទៀត​មាន​ខេត្តពោធិ៍សាត់ និង​កំពង់ធំ​ដែល​ខេត្ត​នីមួយៗ​មាន​អ្នកស្លាប់ ៦​នាក់​, ព្រះសីហនុ ២​នាក់​។ ចំណែក​ខេត្ត​៣​ទៀត គឺ​ប៉ៃលិន​,​ស្ទឹងត្រែង កំពង់ឆ្នាំង មាន​អ្នកស្លាប់​១​នាក់​ក្នុង​ខេត្ត​នីមួយៗ​។​

​ចំណែកឯ​ខេត្តបាត់ដំបង​ឯណោះ​វិញ ដ្បិតតែ​មិនមាន​អ្នកស្លាប់​ដោយសារ​គ្រោះធម្មជាតិ​នេះ ប៉ុន្តែ​ដំណាំ​កសិកម្ម​ក្នង​ខេត្ត​នេះ​បាន​ជន់​លិច​ច្រើនជាងគេ គឺ​ជិត ១៧​ម៉ឺន​ហិកតា ក្នុងចំណោម​ដំណាំ​កសិកម្ម​សរុប​ដែល​រងគ្រោះ​ជាង​៣២​ម៉ឺន​ហិកតា​។ តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុងចំណោម​ដំណាំ​ដែល​ត្រូវ​ជន់​លិច​ក្នុង​ខេត្តបាត់ដំបង​នោះ មាន​ដំណាំ​ស្រូវ​ជាង ១១​ម៉ឺន​ហិកតា និង​ដំណាំ​រួមផ្សំ​ជាង ៥​ម៉ឺន​ហិកតា​។​


ទឹកជន់នាខេត្តបាត់ដំបងឆ្នាំ២០២០ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

​ក្រៅពី​ដំណាំ​កសិកម្ម ផ្ទះ​ពលរដ្ឋ​ប្រមាណ​ជិត ២​ម៉ឺន​គ្រួសារ​ត្រូវ​ប៉ះពាល់ ផ្លូវជាតិ​-​ខេត្ត ប្រមាណ ១១​ម៉ឺន​ម៉ែត្រ និង​ប្រឡាយ​មេ​ប្រមាណ ១៤​ម៉ឺន​ម៉ែត្រ​។ 

​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​មាន ៣៩​នាក់​។ រាជធានី​-​ខេត្ត​ចំនួន​១៩ ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ រួមមាន​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕

ព័ត៌មានទាក់ទង