ខេត្តពោធិ៍សាត់ មាន​អ្នកស្លាប់​៦​នាក់ និង​ដំណាំ​ស្រូវ​ជាង ៣​ម៉ឺន​ហិកតា​ជន់​លិច ដោយ​ទឹកជំនន់​

23/10/2020 3:00 pm ពោធិ៍សាត់

​ទឹកជំនន់​បានធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ក្នុង​ខេត្តពោធិ៍សាត់​ប្រមាណ ៣៥ ៩៤៣​ហិកតា​ជន់​លិច និង​ប៉ះពាល់​ដំណាំ​រួមផ្សំ​ប្រមាណ ១​ម៉ឺន​ហិកតា ខណៈ​មាន​មនុស្ស​ចំនួន ៦​នាក់​បាន​បាត់​បង់ជីវិត គិត​ត្រឹម​ថ្ងៃទី ២២ ខែតុលា ។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​



​ទឹកជំនន់ នៅតែ​បន្ត​អូសបន្លាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ១២​ម៉ឺន​គ្រួសារ​ទូទាំងប្រទេស​។ ដោយឡែក ខេត្តពោធិ៍សាត់ បាន​ប៉ះពាល់​ស្រុក​ចំនួន​៥ និង​ពលរដ្ឋ​ប្រមាណ ២៨ ៩៦០​គ្រួសារ  ខណៈ​ពលរដ្ឋ ១ ៩១១​គ្រួសារ ត្រូវបាន​ជម្លៀស​។ បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មាន​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ក៏បាន​ប៉ះពាល់​ដែរ ក្នុងនោះ​មាន​សាលារៀន​ចំនួន​២៦ វត្ត​ចំនួន​៣៣ មន្ទីរពេទ្យ​ចំនួន​៣ ផ្លូវជាតិ​-​ខេត្ត ប្រមាណ​ជិត ៤​ពាន់​ម៉ែត្រ ផ្លូវលំ​ប្រមាណ ២៧​ម៉ឺន​ម៉ែត្រ ស្ពាន​ចំនួន​១៨ និង​ប្រឡាយ​មេ​ប្រមាណ​ជាង ២​ម៉ឺន​ម៉ែត្រ​។​

​រាជធានី​-​ខេត្ត​ចំនួន​១៩ ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ រួមមាន​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕

ព័ត៌មានទាក់ទង