៩​ខែ អាជ្ញាធរ ចាប់បាន​ផលិតផល​ក្លែងក្លាយ​ជិត​៦០០​តោន

23/10/2020 1:00 pm ភ្នំពេញ

ក្នុង​រយៈពេល​៩​ខែ ដោយ​គិត​ចាប់តាំងពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០ អាជ្ញាធរ​នៃ​អង្គភាព​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត បាន​បង្ក្រាបបាន​ផលិត​ក្លែងក្លាយ​ដល់​ទៅជិត​៦០០​តោន​។ នេះ​បើតាម​របាយការណ៍ ដែល​អាន​ដោយ​លោក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ក្នុង​កិច្ចប្រជុំ​ប្រជុំ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ស្តីពី​យន្តការ​អនុវត្ត​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ទិសដៅ​អនុវត្ត​បន្ត​។



ក្នុងចំណោម​ផលិត​ក្លែងក្លាយ​ជិត​៦០០​តោន​នោះ មាន​ផលិតផល​សម្រាប់​បរិភោគ ផលិតផល​ជា​គ្រឿងសម្អាង និង ផលិតផល​ឱសថ ដូចជា ផលិតផល​ឱសថ​ប្រឆាំងនឹង​ជំ​ងឹ​កូ​វីដ​-១៩ ជាដើម​។ 
 
​លោក មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ប្រាប់​អ្នកសារព័ត៌មាន​ក្លែងក្លាយ ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ​ថា ការបើក​កិច្ចប្រជុំ​នេះ គឺជា​ការជូនដំណឹង​ដល់​កម្លាំង​សមត្ថកិច្ច ឲ្យ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ពាក់ព័ន្ធ​ផលិត​ផលិត​ក្លែងក្លាយ​។ លោក បន្តថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពី​សកម្មភាព​ផលិត​និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​។ 
 
​លោក មៀ​ច សុផាន់​ណា បង្ហាញ​ការប្តេជ្ញាចិត្តថា​៖«​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នឹង​បន្តធ្វើ​កម្ម​ភាព​ទៀត មិន​ទុក​បណ្តែតបណ្តោយ​ឲ្យ​ជនល្មើស ជនខិលខូច ឈ្មួញ​ទុច្ចរិត ធ្វើ​សកម្មភាព​ផលិត ក៏ដូចជា​ចែកចាយ​ផលិតផល​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឡើយ​»​។​
 
​លោក អះអាងថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​បន្ត​ផ្សព្វផ្សាយ​និង​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​ពី​ផលិត​ផលិត​ក្លែងក្លាយ និង​ពី​ផលវិបាក​នៃ​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​៕ 

ព័ត៌មានទាក់ទង