ទឹកជំនន់ បានជន់លិចវត្តអារាមជាង១០០ នៅទូទាំងប្រទេស

23/10/2020 11:59 am ភ្នំពេញ

ភ្នំពេញ៖ មានវត្តអារាមជាង១០០ នៅទូទាំងប្រទេសកម្ពុជា ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង  គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។ តែយ៉ាងណាជំនន់ទឹកភ្លៀងមិនធ្ងន់ធ្ងរដល់មានព្រះសង្ឃភៀសព្រះកាយឡើយ ហើយក៏មិនខូចខាតសម្បត្តិវត្តធ្ងន់ធ្ងរឡើយ។  សេង សុមុនី ប្រធានក្រុមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់សារព័ត៌មានThmeythmey25 ដូច្នេះ។ 

លោក សេង សុមុនី ប្រធានក្រុមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់សារព័ត៌មា Thmeythmey25បន្តថា លោកទទួលបានរបាយការណ៍ ត្រឹមចំនួនវត្តដែលជន់លិចប៉ុណ្ណោះ តែមិនបានបញ្ជាក់ថា វត្តណាលិចខ្លាំងជាងគេឡើយ។ «ដូចជាមិនមានទិន្នន័យថា វត្តណាលិចខ្លាំងជាងគេទេ គេគ្រាន់តែដាក់ថាលិច។ ទឹកវាលិចជាបន្តបន្ទាប់ គ្រាន់តែថាវាឡើង វាស្រកជាបន្តបន្ទាប់អ៊ីចឹង។ វាមានប៉ះពាល់ផលដំណាំក្នុងវត្តបន្តិចបន្ទួច។ វាចេះតែមានជារឿងធម្មតាហើយ ព្រោះជាទឹកជំនន់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សេង សុមុនី។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២តុលា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បានកើនដល់៣៦នាក់ ក្នុងនោះខេត្តបន្ទាយមានរហូតដល់១៩នាក់។ ពលរដ្ឋជាង៤១ម៉ឺននាក់ និងដំណាំជាង៣២ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារទឹកជំនន់៕
 

ព័ត៌មានទាក់ទង