សម្ដេច ហ៊ុន សែន៖ យើងត្រូវស្ដារវិស័យកសិកម្មឡើងវិញ ក្រោយទឹកជំនន់

23/10/2020 9:59 am ភ្នំពេញ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី  ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែតុលា បានសួរសុខទុក្ខ និងចែកអំណោយពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ នាឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្រ្តី បានអះអាងថា កិច្ចការដែលត្រូវធ្វើបន្ទាប់ពីគ្រោះទឹកជំនន់ គឺត្រូវស្ដារវិស័យកសិកម្មឡើងវិញ។

«បន្ទាប់ពីការសង្គ្រោះបន្ទាន់នេះហើយ កិច្ចការរបស់យើងនៅមានច្រើនដែលត្រូវធ្វើ គឺគិតដោះស្រាយគ្រួសារនីមួយៗ តើត្រូវធ្វើអីទៀត? ដំឡូងខូចហើយ ត្រូវដាំដំឡូងវិញ។ ស្រូវដែលវាខូចហើយ ត្រូវត្រៀមធ្វើស្រូវវិញ បើមានទឹកធ្វើ ឬអាចដាំដំណាំផ្សេងលើដីហ្នឹង? ត្រូវគិត។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយសម្តេចបានឱ្យមន្រ្តីត្រូវគិតគូរដល់ការផ្ដល់ស្រូវពូជ និងពូជដំណាំផ្សេងៗ ដើម្បីឱ្យប្រជាជនអាចដាំដុះឡើងវិញ។ 

ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រាប់សារព័ត៌មាន ThmeyThmey25 កាលពីថ្ងៃទី ២០ ខែតុលា ថា ក្រសួងកសិកម្ម នឹងត្រៀមពូជស្រូវជាង៤ពាន់តោន និងដំណាំផ្សេងៗ ១៦តោន ដើម្បីចែកជូនប្រជាកសិករ ដែលរងប៉ះពាល់ដោយសារទឹកជំនន់។  

គិតត្រឹមថ្ងៃទី ២១ ខែតុលា ដំណាំកសិកម្មនៅខេត្តចំនួន១៦ បានប៉ះពាល់ដោយទឹកជំនន់ មានចំនួន ៣២២,៨៥៩ហិកតា ដំណាំស្រូវចំនួន២៣៧,៨៣០ហិកតា  ក្នុងនោះមានដំណាំខូចខាតចំនួន ៨៧៩,៩៩ ហិកតា ដំណាំស្រូវចំនួន ៤៩៥,៣១ ហិកតា៕


 

ព័ត៌មានទាក់ទង