សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ានស្មានថានៅសល់តែ៨៩ក្បាលប៉ុណ្ណោះ

30/10/2020 3:00 pm ភ្នំពេញ

សត្វផ្សោតនៅទន្លេមេគង្គ ត្រូវបានអ្នកជំនាញប៉ាន់ស្មានថា នៅសេសសល់តែចំនួន ៨៩ក្បាលប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២០។ តួលេខនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីស្ថានភាពសត្វផ្សោតកម្ពុជា អគាររដ្ឋបាលជល នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំដដែល ឲ្យដឹងដែរថា មានសត្វផ្សោតដល់ទៅ២៥ក្បាលឯណោះ បានបាត់ពីការតាមដានរបស់អ្នកជំនាញដោយគ្មានមូលហេតុ។ អ្នកជំនាញក៏មិនទាន់ភស្តុតាងថាសត្វផ្សោតទាត២៥ក្បាលបានស្លាប់ ឬក៏ចាកចេញទៅណាដែរ។

សត្វផ្សោតទន្លេមេគង្គ នៅក្នុងឆ្នាំ២០២០នេះ នៅសេសសល់តែ ៨៩ក្បាលប៉ុណ្ណោះ  ខណៈសត្វផ្សោតចំនួន ២៥ក្បាល បានបាត់ពីការតាមដានពីអ្នកជំនាញ ដោយមិនដឹងមូលហេតុ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ពីស្ថានភាពសត្វផ្សោតកម្ពុជា នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០នេះ  លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) ប្រចាំកម្ពុជា បានពន្យល់ថា៖«ចំនួនសត្វផ្សោត២៥ក្បាល ដែលកត់ត្រាក្នុងឆ្នាំ២០១៧ មិនត្រូវបានរកឃើញក្នុងអំឡុងពេលកត់ត្រា ក្នុងឆ្នាំ២០២០នេះទេ»។ 

ដ្បិតសត្វផ្សោតទាំងនោះបានបាត់ពីការតាមដាន ប៉ុន្តែមិនទាន់មានសញ្ញាណណាមួយបង្ហាញថា ផ្សោតទាំង២៥ក្បាលនោះ បានស្លាប់នោះទេ។ នេះជាបន្ថែមរបស់លោក នាយកអង្គការ WWF ប្រចាំកម្ពុជា។ 

លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល បានឲ្យដឹងថា អំឡុងឆ្នាំ២០១៧ សត្វផ្សោត ត្រូវបានប៉ានស្មានថាមានចំនួន៩២ក្បាល និងថយមកនៅប្រមាណ៨៩ក្បាលនៅក្នុងឆ្នាំ២០២០នេះ។ សម្រាប់លោក ផៃ សុម៉ានី វាការថយចុះដ៏តិចតួចនេះ បើធៀបនឹង១០ឆ្នាំមុន។  លោក ផៃ សុម៉ានី ពន្យល់ថា៖«ចំនួនប៉ាន់ប្រមាណសរុប នៃឆ្នាំ២០២០ ប្រហាក់ប្រហែលគ្នា ទៅចំនួនប៉ាន់ប្រមាណសរុប នៃឆ្នាំ២០១៧ ព្រោះចំនួនទាំង២នេះ មានកម្រិតជឿជាក់ ៩៥ភាគរយ ស្ទើរតែដូចគ្នា ដែលជាការសន្និដ្ឋាន ថាមិនមានការធ្លាក់ចុះ»។

អនុប្រធាននាយកដ្ឋានអភិរក្សជលផលរូបនេះ ឲ្យដឹងបន្តថា នៅក្នុងទស្សវត្សឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ សត្វផ្សោតប្រភេទ Irrawaddy រាប់ពាន់ក្បាល មានរស់នៅរាយប៉ាយតាមដងទន្លេមេគង្គ ដៃទាំងបីរបស់ទន្លេមេគង្គ មានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក រួមទាំងទន្លេសាបផងដែរ។ 

លោក ផៃ សុម៉ានី បន្ថែមថា ការធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់របស់សត្វផ្សោត បណ្ដាលមកពីការប្រមាញ់ក្នុងរបបខ្មែរក្រហ មចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលរបាយការណ៍បានឲ្យដឹងថា សត្វផ្សោតរាប់រយក្បាល ត្រូវបានសម្លាប់ ដើម្បីចម្រាញ់យកប្រេងចាក់កប៉ាល់។ កត្តាបម្រែបម្រួលទឹក សកម្មភាពនេសាទខុសច្បាប់ ក៏ជាមូលហេតុដែលធ្វើឲ្យចំនួនសត្វផ្សោត មានការថយចុះជាលំដាប់ដែរ។ 

លោក ផៃ សុម៉ានី បានបញ្ជាក់ថា ការបាត់បង់នូវចំនួនសត្វផ្សោតទាំងនោះហើយជាកត្តា ដែលជម្រុញឲ្យរដ្ឋបាលជលផល មន្ទីរជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការ WWF សហការគ្នាដើម្បីការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គអស់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ។ 

បច្ចុប្បន្ន កម្ពុជាមានអន្លង់ផ្សោតចំនួន៩ ប៉ុន្តែមានតែអន្លង់៣ប៉ុណ្ណោះ ដែលមានសត្វផ្សោតរស់នៅ គឺអន្លង់ព្រែកកាំពី, អន្លង់កាងកូនសត្វ និងអន្លង់ឈើទាល នៅជាប់ព្រំប្រទល់កម្ពុជា-ឡាវ។ នេះបើតាម លោក សេង ទៀក នាយកអង្គការ WWF ដែលបានបន្តបញ្ជាក់ថា អ្នកជំនាញ កំពុងសិក្សាពីមូលហេតុដែលគ្មានសត្វផ្សោតរស់នៅក្នុងអន្លង់ចំនួន៦ផ្សេងទៀត និងមូលហេតុដែលពួកវាផ្លាស់ទី ហើយមិនត្រលប់វិញនោះ៕ 
 

ព័ត៌មានទាក់ទង