គ្មានអ្នកបាត់បង់ជីវិត តែទឹកជំនន់ បានប៉ះពាល់ពលរដ្ឋខេត្តបាត់ដំបងជាង៧ម៉ឺនគ្រួសារ
ខេត្តបាត់ដំបង គ្មានអ្នកបាត់បង់ជីវិតដោយទឹកជំនន់ទេ គិតត្រឹមថ្ងៃទី២១តុលា។ នេះបើតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង។ ដ្បិតគ្មានជនរងគ្រោះបាត់បង់ជីវិត ប៉ុន្តែទឹកជំនន់បាន ប៉ះពាល់ដល់ពលរដ្ឋក្នុងខេត្តបាត់ដំបង ចំនួនជាង៧ម៉ឺនាក់ គ្រួសារ និងដំណឺងស្រូវ ១៨ម៉ឺនហិកតា។
គិតត្រឹមថ្ងៃទី២១តុលានេះ ទឹកជំនន់ មិនបានឲ្យមានពលរដ្ឋក្នុងខេត្តបាត់ដំបង ស្លាប់បាត់បង់ជីវិតនោះទេ។ តែយ៉ាងណាក៏ដោយ តាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង ដែលសារព័ត៌មានThmeythmey25 ទទួលបាន ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ៧.១ម៉ឺនគ្រួសារ ។
ដំណាំកសិកម្មជាង ១៨ ម៉ឺនហិកតាក៏ត្រូវបានទឹកជន់លិចដែរ គិតត្រឹមថ្ងៃទី២១តុលា ក្នុងនោះមានស្រូវជាង១២.៥ ម៉ឺនហិកតា និង ដំណាំរួមផ្សំ ជាង៤.៦ម៉ឺនហិកតា។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង។
សូមជម្រាបថា ទឹកជំនន់បានប៉ះពាល់រាជធានី-ខេត្តចំនួន ១៩ បានរងផលប៉ះពាល់ ក្នុងនោះគិតត្រឹមថ្ងៃទី២១តុលា មានដំណាំកសិកម្មជាង ៣២ម៉ឺនហិកតា ត្រូវបានជន់លិច ក្នុងនោះស្រូវជិត២៤ម៉ឺនហិកតា និងដំណាំសាកវប្បកម្មជាង ៧ពាន់ហិកតា និងដំណាំឧស្សាហកម្មរយៈពេលខ្លីជាង៧.៧ម៉ឺនហិកតា។ ក្នុងចំណោមកសិកម្មដែលរងគ្រោះជាង៣២ម៉ឺនហិកតានោះ មានជិត ៨.៨ម៉ឺនហិកតាបានខូចខាត។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
តាមសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ពីខេត្តបន្ទាយមានជ័យឯណោះ ខេត្តនេះបានរងគ្រោះធ្ងន់ធ្ងរជាងគេដោយទឹកជំនន់ ហើយគិតត្រឹមព្រឹកថ្ងៃទី២២តុលានេះ មានពលរដ្ឋចំនួន ៣៦នាក់ហើយ បានបាត់ដំបង់ជីវិត ក្នុងនោះខេត្តបន្ទាយមានជ័យមានច្រើនជាងគេ គឺរហូតដល់១៩នាក់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

