អ្នកស្លាប់ដោយទឹកជំនន់កើនដល់ ៣៦នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យមាន១៩នាក់

22/10/2020 9:40 am បន្ទាយមានជ័យ

ទឹកជំនន់បានឆក់ជីវិតពលរដ្ឋចំនួន ៣៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២២ តុលា ក្នុងនោះក្នុងខេត្តបន្ទាយមានជ័យ ចំនួន១៩នាក់ហើយ។ នេះបើតាមប្រសាសន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងពេលចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែតុលានេះ។

ជាមួយនឹងការរំលែកទុក្ខពលរដ្ឋរងគ្រោះ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ហើយត្រូវផ្តល់អាទិភាពក្នុងការសង្គ្រោះជីវិតពលរដ្ឋ និងស្រោចស្រង់បញ្ហាផ្សេងៗ។

សូមរំឭកថា ខេត្តបន្ទាយមានជ័យ បានរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដោយសារទឹកភ្លៀងដែលធ្លាក់នៅក្នុងខេត្តផង និងហូរជន់ពីប្រទេសថៃផង ដែលបរិមាណទឹកជន់ព្រមៗគ្នានេះ បានបណ្តាលឲ្យបាក់ទំនប់ទឹកអូរខៃដងក្នុងក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៩ តុលាកន្លងទៅ។ 

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្តរាយ គិតត្រឹមថ្ងៃទី២១តុលា មានខេត្ត-រាជធានី១៩ហើយ ដែលរងគ្រោះដោយទឺកជំនន់ ក្រៅពីជនរងគ្រោះដែលបាត់បង់ជីវិត ៣៦នាក់ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ពលរដ្ឋជាង២០ម៉ឺននាក់ និងដំណាំកសិកកម្មជាង៣០ម៉ឺនហិកតា៕ 

ព័ត៌មានទាក់ទង