អុំទូក៖ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី សង្ឃឹមថាខេត្តនេះ នឹងទទួលបានទេសចរច្រើន

22/10/2020 4:59 pm ភ្នំពេញ

នាអំឡុងឈប់សម្រាកបុណ្យអុំទូកខាងមុខនេះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី រំពឹងថា ខេត្តនេះ នឹងទទួលបានលំហូរទេសចរច្រើន។ លោក លោក ងិន សុវិមាន ប្រាប់សារព័ត៌មានThemythmey25 ថានៅចុងរដូវវស្សានេះ ខេត្តមណ្ឌលគិរី មានអាកាសធាតុត្រជាក់ បរិយាកាសល្អ គួបផ្សំនឹងសម្រស់ធម្មជាតិខៀវស្រងាត់ផង។

ប្រធានមន្ទីរទេសចរណ៍រូបនេះ រំពឹងថា អុំទូកឆ្នាំនេះ ខេត្តមណ្ឌលគិរី អាចទទួលបានច្រើនប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ដ្បិតខេត្តបានពង្រីកតំបន់ទេសចរណ៍ថ្មីបន្ថែមដែរ។ ទន្ទឹងនឹងនេះ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានត្រៀមខ្លួនទទួលទេសចរដូចជាការផ្សព្វផ្សាយពី វិធានសុវត្ថិភាពការពារជំងឺកូវីដ-១៩ ពង្រឹងផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច និងបង្កើនកន្លែងស្នាក់នៅ ដូចជាមានការបោះតង់តាមរីសតជាដើម។

លោក ងិន សុវិមាន ក៏បានប្រាប់ពីតំបន់ទេសចរណ៍ដែលទេសចរតែងតែទៅកម្សាន្តច្រើន ក្នុងខេត្តមណ្ឌលគិរី រួមមានទឹកជ្រោះប៊ូស្រា សមុទ្រឈើ ភ្នំដោះក្រមុំ និងភ្នំណាមលៀរជាដើម។

សូមជម្រាបផងដែរ នៅឆ្នាំ២០២០នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១តុលា និងថ្ងៃទី១ វិច្ឆិកា ប៉ុន្តែរដ្ឋាភិបាលបានប្រកាសផ្អាកប្រារព្ធពិធី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕
 

ទឹកជ្រោះប៊ូស្រា រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី


រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
 

ព័ត៌មានទាក់ទង