ត្រី​រាប់ពាន់​ក្បាល​ដែល​អ្នកស្រី គៀង ពិ​ចា​រ្យ ធ្លាប់​លក់បាន​១០​លាន​រៀល បាន​ហូរ​តាម​ទឹកជំនន់​ទៅ​អស់

21/10/2020 9:07 am បាត់ដំបង

​ត្រី​ចិញ្ចឹម​រាប់ពាន់​ក្បាល​របស់​អ្នកស្រី គៀង ពិ​ចា​រ្យ ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវបាន​ទឹកជំនន់​ហូរ​យកទៅ​អស់​។ ត្រី​ត្រី​ដែល​ត្រូវ​ទឹក​ហូរ​យកទៅ​អស់នោះ មាន​ប្រភេទ​ត្រី​ឆ្ពិន ត្រី​ក្រហម ត្រី​ពោរ និង​អណ្ដែង​ជាដើម ដែល​បានធ្វើ​ឲ្យ​អ្នកស្រី ខាត​ប្រាក់​ពី ១០-១៥​លាន​រៀល​។

 
 
​អ្នកស្រី គៀង ពិ​ចា​រ្យ ជា​អ្នក​ចិញ្ចឹម​ត្រី​ម្នាក់​រស់នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ក្នុង​ខេត្តបាត់ដំបង​។ កន្លងមក ខេត្តបាត់ដំបង បាន​ជួប​គ្រោះទឹកជំនន់​ដែល​បាន​ក្នុងនោះ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​អ្នកស្រី ពិ​ចា​រ្យ ជន់​លិច​ដែរ​។ កសិករ​រូបនេះ ប្រាប់ សារព័ត៌មាន ThmeyThmey25 ថា ធ្វើ​ឲ្យ​ទឹក​ហូរ​នាំយក​ត្រី​របស់​អ្នកស្រី រាប់ពាន់​ក្បាល​ទៅជា​មួយ​។  អ្នកស្រី​ប្រាប់ ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​ទឹកបាន​ហូរ (​ត្រី​)​ទៅ​អស់ហើយ អត់​មាន​សល់​តិច​ទេ​។ ខាត​ច្រើនណាស់ មិនទាន់បាន​លក់​ខ្លះ​ផង​»​។​

​ត្រី​ដែល​ត្រូវ​ទឹក​ហូរ​យកទៅ​អស់នោះ មាន​ប្រភេទ​ត្រី​ឆ្ពិន ត្រី​ក្រហម ត្រី​ពោរ និង​អណ្ដែង​ជាដើម ដែល​បើតាម​អ្នកស្រី ពិ​ចា​រ្យ អ្នកស្រី​មិនទាន់បាន​លក់​ត្រី​ចិញ្ចឹម​ខ្លួន​សូម្បី​មួយ​ក្បាល​នៅឡើយ​ទេ​។ អ្នក​ចិញ្ចឹម​ត្រី​រូបនេះ ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល់ឆ្នាំ អ្នកស្រី​អាច​ប្រមូល​ផល​ត្រី ពីរដង​ក្នុង​មួយឆ្នាំ ដែលជា​មធ្យម អាច​ទទួល​ចំណូល​ប្រមាណ ១០-១៥​លាន​រៀល​។ គៀង ពិ​ចា​រ្យ រៀប​រាប់ទាំង​ក្រៀមក្រំ​ដូច្នេះ​៖«​ខ្ញុំ​ចិញ្ចឹម​ត្រី​យូរ​ឆ្នាំ​ហើយ ធ្លាប់​ជួប​រឿង​បែប​ហ្នឹង (​ទឹក​ហូរ​នាំយក​ត្រី​) កាលពី​ឆ្នាំ​២០១៧​ម្ដង​ដែរ​។ វា​(​ទឹក​)​ហូរ​នាំយក​ត្រី​ទៅ​ទាំង​ស្រះ​តែម្ដង​។ ឆ្នាំនេះ​រឹត​ពិបាក​ខ្លាំងណាស់ ព្រោះ​មាន​បញ្ហា​ផ្ទួនៗ​។ ដើមឆ្នាំ​២០២០ កូ​វីដ​ធ្វើ​ឲ្យ​ការលក់​ត្រី​របស់​អ្នកស្រី​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ មកដល់​ដើមខែ​១០(​តុលា​)​ហ្នឹង​ទឹកជំនន់ ហូរ​យក​ត្រី​ទៅ​អស់រលីង​»​។​



​ក្រៅពី​ពូជ​ត្រី ដែល​ត្រូវបាន​ហូរ​តាម​ទឹក ដំណាំ​ស្រូវ​ជាង ៣​ហិកតា របស់​អ្នកស្រី ក៏បាន​ជន់​លិច​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​វ័យ​៣២​ឆ្នាំ​រូបនេះ ប្រាប់​ThmeyThmey25 រួម​បន្តថា​បន្ទាប់ពី​រងគ្រោះ​ផ្ទួនៗ អ្នកស្រី បាន​ស្វះ​ស្វែងរក​សេវា​ហិរញ្ញវត្ថុ​ពី​ធនាគារ ដើម្បី​ស្ដារ​របរ​ឡើងវិញ ហើយ​អ្នកស្រី​ក៏បាន​សុំ​ការយោគយល់​ពី​ធនាគារ ដើម្បី​បន្ធូរបន្ថយ​ការប្រាក់ និង​ពន្យារពេល​សង​ត្រឡប់​វិញ​ដែរ​។​

​សូមជម្រាបថា មកដល់ពេលនេះ ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្តបាត់ដំបង បាន​ស្រក​បណ្ដើរៗ​ហើយ ។ តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា គ្រោះធម្មជាតិ​នេះ បាន​ប៉ះពាល់​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ប្រមាណ ១៥ ៨៦២​គ្រួសារ និង​ជន់​លិច​ដំណាំ​កសិកម្ម​ជាង ១៥​ម៉ឺន​ហិកតា​។ 

​ដោយឡែក លោក សុខ រ៉ា​ដែន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​វា​រី​វប្បករ​កម្ពុជា ធ្លាប់​ប្រាប់​សារព័ត៌មាន Thmeythmey25 ថា មាន​កសិដ្ឋាន​វារីវប្បកម្ម​សរុប​ចំនួន ១៦៣ បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្នុងនោះ​មាន​កសិដ្ឋាន​មួយចំនួន​បាន​ខូចខាត​ទាំងស្រុង​៕

ព័ត៌មានទាក់ទង