ទឹកទន្លេ​មេគង្គ​ស្ទឹងត្រែង​-​ក្រចេះ​-​កំពង់ចាម នឹង​បន្ត​ហក់​ឡើង ក្នុង​រយៈពេល ៤​ទៅ​៦ ថ្ងៃ​ខាងមុខ​

20/10/2020 3:17 pm ភ្នំពេញ

​ភ្នំពេញ​៖ ក្នុង​រយៈពេល ៤ ទៅ ៦​ថ្ងៃ​ខាងមុខនេះ ទឹកទន្លេ​មេគង្គ​ភាគ​ខាងលើ​នឹង​បន្ត​ឡើងជា​លំដាប់​។ បើតាម​ក្រសួង​ធនធានទឹក ការ​ហក់​ឡើង​នៅ​ទឹកទន្លេ​មេគង្គ​នេះ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​(ITCZ) ភ្ជាប់​នឹង​វិ​សម្ពាធ ដែល​កំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ និង​តំបន់​ភាគ​ឦសាន​កម្ពុជា​។

 

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ២០ តុលា​នេះ ទាក់ទង​នឹង​ស្ថានភាព​ទឹកទន្លេ​មេគង្គ ដែល​បន្ត​ឡើងជា​លំដាប់ ក្នុង​រយៈពេល ៤​ទៅ​៦​ថ្ងៃ​ខាងមុខនេះ​។ សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ បញ្ជាក់ថា នៅ​ថ្ងៃទី ២៤ តុលា ស្ថានីយ​ជលសា​ស្ត្រ មេគង្គ​-​ស្ទឹងត្រែង ទឹក​អាច​ឡើងដល់​កម្រិត​កម្ពស់ ៩,៥០​ម៉ែត្រ​។ សម្រាប់​ថ្ងៃទី​២៥ តុលា ស្ថានីយ​ជលសា​ស្ត្រ មេគង្គ​-​ក្រចេះ ទឹក​អាច​ឡើងដល់​កម្រិត​កម្ពស់ ២០,០០​ម៉ែត្រ និង​ថ្ងៃទី​២៦ តុលា ស្ថានីយ​ជលសា​ស្ត្រ មេគង្គ​-​កំពង់ចាម ទឹក​អាច​ឡើងដល់​កម្រិត​កម្ពស់ ១៤,១០​ម៉ែត្រ​។ 

​ក្រសួង​ធនធានទឹក អះអាងថា ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​មេគង្គ​ភាគ​ឦសាន​នេះ នៅមាន​សភាព​ទាប​ដែល​មិនទាន់​ដល់​កម្រិត​កម្ពស់​ប្រកាសអាសន្ន​ឲ​មានការ​ប្រុងប្រយ័ត្ន​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ ក្រសួង​ធនធានទឹក ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​អម​សងខាង​ទន្លេមេគង្គ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​៕

ព័ត៌មានទាក់ទង